
សួនសត្វ ភ្នំពេញ សាហ្វារី (Phnom Penh Safari) នឹងចាប់បើកសម្ពោធជាផ្លូវការដើម្បីទទួលស្វាគមន៍ភ្ញៀវចូលទស្សនា ឡើងវិញ នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៨នេះ។ សរុបទៅ ការបើកឲ្យចូលទស្សនាសាកល្បងសួនសត្វភំ្នពេញសាហ្វារីមានរយៈពេល ១០ថ្ងៃគត់ ពោលចាប់បើកពី ថ្ងៃទី ២៨ ខែមេសា ដល់ថ្ងៃទី ០៧ ខែឧសភា ។
សូមរម្លឹកបន្តិចថា ក្រោយពីបញ្ចប់ពិធីក្រុងពាលី និងបើកឲ្យដំណើរការសាកល្បងថ្ងៃទី ២៨ ខែមេសា កន្លងមកនេះ សួនសត្វភ្នំពេញ សាហ្វារី ដែលជាព្រៃកម្សាន្ដភ្នំពេញទី១ ដ៏ធំជាងគេបង្អស់មួយនៅកម្ពុជា បានទទួលការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីសំណាក់អ្នកចូលទស្សនា ក្នុងចំនួនរាប់ពាន់នាក់ឯណោះ ក្នុងមួយថ្ងៃៗ។ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិកសួនសត្វដ៏ធំមួយនេះ ត្រូវបានដឹងថា អភិវឌ្ឍសាងសង់ដោយ ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
អំឡុងថ្ងៃបើកសាកល្បងក្រុមហ៊ុនបានកំណត់តម្លៃលក់សំបុត្រមានត្រឹមតែ ១០ដុល្លារប៉ុណ្ណោះសម្រាប់មនុស្សធំ និង តម្លៃ៥ដុល្លារសម្រាប់កុមារ ដែលអាចចូលកំសាន្ត លំហែកាយ និងទស្សនាពេញ១ថ្ងៃ។ ជាមួយនឹងតម្លៃបើកជាផ្លូវការខាងមុខនេះ ថ្លៃសំបុត្រ ១៥ដុល្លារសម្រាប់មនុស្សធំ និង ក្មេង ៥ដុល្លារដដែល។
សួនសត្វដ៏ធំជាងគេមួយនេះ សាងសង់នៅលើផ្ទៃដីជាង ៦០ហិតាក្នុងជំហានទី១ ដែលហ៊ុមព័ទ្ធទៅដោយរចនាបថដ៏សម្បូរបែបលំនាំតាមសម័យអង្គរ ទាំងក្នុង និង ក្រៅ អមជាមួយនឹងព្រៃឈើរាប់សិបហិកតា ជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់សម្រាកលំហែកាយ។

លក្ខណៈពិសេសរបស់សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេកមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។
ក្រៅពីនេះ ក៏មានសត្វជាច្រើនប្រភេទផ្សេងទៀត រួមជាមួយនឹងសួនទឹកសម្រាប់ជិះទូកលេងកម្សាន្ត និងកន្លែងក្មេងលេងផងដែរ។
ក្រុមហ៊ុនទើបតែប្រកាសវិនិយោគគម្រោងថ្មីមួយទៀតទៅលើ សួនទឹកកម្សាន្ដដ៏ទំនើបធំជាងគេបង្អស់នៅកម្ពុជា ហើយក៏ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ីក្នុងទឹកបា្រក់ ៣០លានដុល្លារអាមេរិក ដែលនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដែលមានទីតាំងនៅក្បែរនឹងសួនសត្វភ្នំពេញសាហ្វារីនេះផងដែរ៕