ដោយសារតែកន្លងទៅរដ្ឋមន្ត្រីក្រសួងកសិកម្មបានណែនាំដល់អ្នកផ្គត់ផ្គង់សាច់ជ្រូក គិតគូតឡើងវិញពីតម្លៃសាច់ជ្រូកកុំឲ្យមានការឡើងថ្លៃជ្រុលពេក ប្រធានសមាគម អ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានជួបប្រជុំជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកធំៗនៅកម្ពុជា ដើម្បីពិភាក្សាជុំវិញការបញ្ចុះតម្លៃជ្រូករស់ឲ្យនៅត្រឹមតែ១២០០០រៀលបានហើយក្នុងមួយគីឡូក្រាម។
លោក ស្រ៊ុន ពៅ បានមានប្រសាសន៍ថា « ជំហានដំបូងយើងជួបប្រជុំជាមួយក្រុមហ៊ុនធំៗសិន ព្រោះថា ក្រុមហ៊ុនធំៗនេះហើយ ដែលមានចំណែកទីផ្សារផ្គត់ផ្គង់សាច់ជ្រូកភាគច្រើន ដោយយើងសំណូមពរគាត់ ថា គួរតែមានការបញ្ចុះតម្លៃជ្រូករស់ឲ្យនៅត្រឹមតែ១២០០០រៀលបានហើយ ព្រោះតម្លៃនេះក៏ចំណេញដែរ គ្រាន់តែថា ចំណេញតិច អញ្ចឹងស្របពេលដែលមានវិបត្តិកូវីដ១៩ ពលរដ្ឋបាត់បង់ចំណូលច្រើន បើសិនតម្លៃសាច់មានការឡើងថ្លៃទៀត អាចនឹងធ្វើឲ្យប៉ះពាល់ជីវភាពពួកគាត់»។
យ៉ាងណាមិញ ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ ក៏ស្នើដល់អាជីវករលក់រាយ ក៏ដូចជាអ្នកបរិភោគទាំងអស់ សូមមានការយោគយល់ខ្លះដែរ ព្រោះថា ដើម្បីជម្រុញឲ្យការចិញ្ចឹមសត្វក្នុងស្រុកឲ្យបានកាន់តែច្រើនអាចផ្គត់ផ្គង់ក្នុងទីផ្សារបាន ជាពិសេសក្រោយចប់កូវីដទៅ ទាល់តែឲ្យអ្នកចិញ្ចឹម ទទួលបានការចំណេញខ្លះ ទើបគាត់មានកំលាំងបន្តការចិញ្ចឹមទៀត។
បើតាមលោក ស្រ៊ុន ពៅ សព្វថ្ងៃនេះ មានកសិករដែលចិញ្ចឹមជ្រូកលក្ខណៈគ្រួសារមួយចំនួន ជាពិសេសអ្នកចិញ្ចឹមជ្រូកនៅខេត្តជាប់ព្រំដែនវៀតណាម បានបង្វែរការផ្គត់ផ្គង់របស់ពួកគាត់ពីភ្នំពេញទៅឲ្យវៀតណាមវិញ ដោយលោកអះអាងថា ការលក់ទៅឲ្យវៀតណាម គាត់ទទួលបានតម្លៃថ្លៃជាងលក់មកភ្នំពេញ ដោយមួយគីឡូក្រាមបានពី១៧០០០រៀល ទៅ១៨០០០រៀល៕