សម្តេចបានមានប្រសាសន៍ថា «ថ្ងៃ២៦ (ខែតុលា)នេះ ខ្ញុំទៅបើកការរដ្ឋានទៀត បើកការដ្ឋានសាងសង់តភ្ជាប់កោះពេជ្រ ជាមួយកោះនរា និងកៀនស្វាយយើងជាមួយកោះនរា យើងធ្វើទៀត អ្វីដែលត្រូវធ្វើចេះតែធ្វើ អ្នកឯព្រុសអី ចេះតែព្រុសទៅ»។
ជាមួយគ្នានេះដែរ លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ទីក្រុងរណបកោះនរា បានប្រាប់សារព័ត៌មានខេមបូណូមីស តាមទូរស័ព្ទថា ស្ពានចំនួន០២ ដែលនឹងត្រូវសាង់សង់ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ក្រុងរណបកោះនរា និងពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ នាពេលខាងមុខនេះ គឺធ្វើដូចស្ពានបេតុងខ្សែកាបដែលកំពុងសាង់សង់ភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅទីក្រុងរណបជ្រោយចង្វារដែរ។
លោក ទូច សំណាង បានបញ្ជាក់ថា ៖« ដោយសារខ្ញុំគ្មានឯកសារនៅនឹងដៃ ចំពោះប្រវែងស្ពានទាំង២នេះ តែ តាមដែលដែលខ្ញុំចាំស្ពានធំ ភ្ជាប់ពីកោះពេជ្រទៅកោះនរា គឺមានបណ្តោយប្រហាក់ប្រហែល ៥០០ម៉ែត្រ ទទឹងប្រវែងដូចជា ២៤,៥ម៉ែត្រ ចំណែកស្ពានតូចភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ ប្រវែងប្រហែលជាង ១០០ម៉ែត្រ មានទទឹងដូចគ្នា ហើយស្ពានទាំង២នេះ នឹងត្រូវចំណាយពេលសាង់សង់ប្រមាណជា៣៨ខែ ស្មើនឹងជាង៣ឆ្នាំ»។
លោក ទូច សំណាង បានបន្ថែមថា ចំពោះថវិកាសាងសង់ គឺខាងសាលារាជធានីភ្នំពេញ ជាអ្នកចាត់ចែង ពីព្រោះថា រាល់មានការអភិវឌ្ឍនៅតំបន់ណាមួយ អាជ្ញាធរតែងតែមានកញ្ចប់ថវិកាបន្ថែម ដែលបានមកពីការអភិវឌ្ឍនោះ សម្រាប់ធ្វើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់នោះ។ លោក ទូច សំណាង អះអាងទៀតថា អាជ្ញាធរនឹងប្រកាសពីទំហំទឹកប្រាក់នៃការសាងសង់ស្ពានទាំង២នេះ នៅថ្ងៃសម្ពោធនោះមិនខាន។ បើតាមលោកលោក ទូច សំណាង មកដល់ពេលនេះ ក្រុងរណបកោះនរាបានសម្រេចការចាក់ខ្សាច់លុបទន្លេ បានប្រមាណពី១៥ ទៅ២០%ហើយ។
លោកបន្តថា ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ។ ប៉ុន្តែ ចរាចរណ៍ឆ្លងកាត់ស្ពានមួយនេះ នឹងត្រូវបានកំណត់ប្រភេទរថយន្តចេញចូល ឬយ៉ាងណានោះ អាស្រ័យទៅលើសាលារាជធានីភ្នំពេញជាអ្នកកំណត់។
សូមជម្រាប ទីក្រុងរណបកោះនរានេះ ស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ គឺជាវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនក្រៅប្រទេស (OCIC) របស់មហាសេដ្ឋីដ៏មានឥទ្ធិពលនិងរឹងមាំបំផុតអស់រយៈពេលជាច្រើនទសវត្សរ៍ ឧកញ៉ា ពុង ឃាវ សែ ។
មហាសេដ្ឋី អាត់កឺ រូបនេះ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីនេះ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ នាពេលអនាគត៕