បើតាមសម្តេចតេជោ បានគូសបញ្ជាក់ថា ដោយសារតែសម្តេចវិជ្ជមានកូវីដ១៩ ដូច្នេះ សម្តេចមិនត្រឹមតែខកខានចូលរួមផ្ទាល់នៅក្នុងកិច្ចប្រជុំ G20 ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ត្រូវខកខានចូលរួមប្រជុំកំពូល APEC នៅប្រទេសថៃផងដែរ ដោយតាមផែនការនៅទីក្រុងបាងកក សម្តេចគ្រោងនឹងមានជំនួបផ្ទាល់ជាមួយនឹងលោកស៊ី ជីនពីង ប្រធានាធិបតីចិន និងប្រធានាធិបតីបារាំងលោកម៉ាក្រុងផងដែរ។
កិច្ចប្រជុំកំពូលៗ ចំនួន២ រួមមាន កិច្ចប្រជុំកំពូល G20 និងកិច្ចប្រជុំកំពូល APEC នឹងត្រូវអវត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយសារតែសម្ដេចបានតេស្តឃើញវិជ្ជមានកូវីដ១៩ ក្រោយសម្ដេចបានទៅដល់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ ដោយសារតែ មានវិជ្ជមានកូវីដ១៩ និងដើម្បីសុវត្ថិភាពថ្នាក់ដឹកនាំផ្សេងទៀត សម្ដេច បានសម្រេចនាំគណៈប្រតិភូពីកម្ពុជាទាំងអស់ វិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃកិច្ចប្រជុំកំពូល G20។
ក្រៅពីមិនអាចចូលរួមកិច្ចប្រជុំកំពូល G20 សម្ដេចក៏បានបង្ហាញពីការសោកស្ដាយចំពោះការអាក់ខានជំនួបដែលបានគ្រោងទុករវាងសម្ដេច ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតីបារាំង ដែលគ្រោងជួបគ្នា នៅទីក្រុងបាងកក ប្រទេសថៃ នាពេលកិច្ចប្រជុំ APEC ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ ផងដែរ។
ទោះបីលទ្ធផលតេស្តសម្ដេចវិជ្ជមានកូវីដ១៩ តែសម្ដេចបានអះអាងថា សម្ដេចមានអាការៈនិងសុខភាពល្អជាធម្មតានោះទេ និងអាចធ្វើការបានជាធម្មតា ក្រោយត្រឡប់ពីប្រទេសឥណ្ឌូនេស៊ី។
សូមបញ្ជាក់ថា នៅមុនតេស្ដវិជ្ជមានកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន បានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធអស់រយៈពេល ៤ថ្ងៃពេញ ដែលមានថ្នាក់ដឹកនាំមកពីបណ្ដាប្រទេសជាច្រើន រួមទាំងថ្នាក់ដឹកនាំកំពូលរបស់អាមេរិកលោកចូបៃឌិនផងដែរ។
សម្តេច បានគូសបញ្ជក់ទៀតថា មុនធ្វើដំណើរចេញពីកម្ពុជា ទៅដល់ឥណ្ឌូនេស៊ី សម្តេចក៏បានធ្វើតេស្ដដែរ ជាពិសេសនៅមុនពេលឡើងយន្ដហោះ ប៉ុន្ដែ លទ្ធផលអវិជ្ជមានកូវីដ១៩ ទើបតែទៅដល់ឥណ្ឌូនេស៊ីបានមួយថ្ងៃ សម្តេចបានតេស្ដកូវីដ១៩ម្ដងទៀត មុនកិច្ចប្រជុំ G20 ចាប់ផ្ដើម ក៏បានបង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩តែម្ដង៕