សួនទឹកហ្គាឌិនស៊ីធីវ៉តធើផាកនេះ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ជិត៧ហិកតា នៅតំបន់ភាគខាងជើង រាជធានីភ្នំពេញ ពោលគឺ ស្ថិតនៅលើទឹកដីទីក្រុងរណបអ្នកឧកញ៉ា លី យ៉ុងផាត់ ក្បែរនឹងសួនសត្វភ្នំពេញ សាហ្វារី (ក្បែរស្ពានព្រែកព្នៅ)។
គម្រោងសួនទឹកដ៏ធំជាងគេនៅអាស៊ានមួយនេះ បានចុះបញ្ជីដើមទុនវិនិយោគសាងសង់ក្នុងទឹកប្រាក់ប្រមាណ ៥៥លានដុល្លារអាមេរិក នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស៊ី ឌី ស៊ី ហើយវាត្រូវបាន គេដឹងថា ជាការវិនិយោគសាងសង់ដោយឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគខ្មែរដ៏ធំមួយនៅកម្ពុជា។
អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា វត្តមានរបស់សួនទឹកហ្គាឌិន ស៊ីធី វ៉តធើផាក នឹងក្លាយជាផលិតផលទេសចរណ៍ដ៏ទំនើប និងពេញនិយមមួយ ដែលមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ តែក៏ទាក់ទាញទេសចរបរទេសកាន់តែច្រើនផងដែរ។
លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រងគម្រោងសាងសង់សួនទឹក ហ្គាដិនស៊ីធី វ៉តធើផាក ធ្លាប់បានលើកឡើងថា លក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិតដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន ទោង រំអិលដ៏ធំបំផុត មាន ស្ទីមកម្តៅ ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ និងកន្លែងសំខាន់ៗផ្សេងទៀត៕