ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្ដីពីភាពជាដៃគូរវាងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាពេលថ្មីៗនេះ ឯកឧត្តម ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានអះអាងថា ការទូទាត់ថ្លៃទឹកតាមឌីជីថល តាមរយៈសេវារបស់គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងភ្នាក់ងារផ្ទេរប្រាក់នានា បានកើនឡើងគួរឲ្យកត់សម្គាល់ តួយ៉ាង កាលពីឆ្នាំ២០១០ ការទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថលនេះ មានតែ៧% ប៉ុណ្ណោះ ប៉ុន្ដែមកទល់ពេលនេះ បានកើនឡើងដល់ទៅ ៥៣%ហើយ។
ឯកឧត្តម ស៊ឹម ស៊ីថា ជឿជាក់ថា នៅឆ្នាំខាងមុខនេះ ការទទូទាត់ថ្លៃទឹកតាមប្រព័ន្ធឌីជីថលនេះ នឹងអាចកើនឡើងដល់ទៅ ៨០% ដ្បិតថា វិស័យឌីជីថលកំពុងតែមានស្ទុះប្រើប្រាស់កាន់តែទូលំទូលាយ។
ជាមួយគ្នានេះដែរ លោកឧកញ៉ា លាង ម៉េង ប្រធានក្រមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង ខមើសល ប៊ែង ដែលទើបតែក្លាយដៃគូថ្មីរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់ការផ្ដល់សេវាទូទាត់ថ្លៃទឹកនេះ បានគូសបញ្ជាក់ដែរថា ការទូទាត់ថ្លៃទឹក តាមប្រព័ន្ធឌីជីថល នឹងផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ជូនដល់អតិថិជនទាំងអស់ ក្នុងការទូទាត់វិក្កយបត្រទឹកតាមកម្មវិធីទូរសព្ទដៃរបស់ធនាគារ ជីប ម៉ុង។ មិនតែប៉ុណ្ណោះ វាក៏ជាការចូលរួមចំណែកជំរុញដល់ការអភិវឌ្ឍឧស្សាហកម្ម៤.០ ក៏ដូចជាសេដ្ឋកិច្ចឌីជីថល ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់ជំរុញយ៉ាងខ្លាំងក្លាផងដែរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋាករទឹកភ្នំពេញផ្គត់ផ្គង់ទឹកស្អាតប្រមាណ ៦០ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ សម្រាប់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងនោះដែរ ប្រវែងបណ្ដាញទុយោទឹកស្អាតដែលប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញមានជាង ៣ពាន់គីឡូម៉ែត្រ និងមានអតិថិជនទាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មែរ សរុប៣៨ម៉ឺនកុងតឺទឹក ឬស្មើនឹង ៣៨ម៉ឺនផ្ទះ៕