ប្រភពរដ្ឋាភិបាលបានឱ្យដឹងថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងទៅទទួលស្វាគមន៍ដោយផ្ទាល់ចំពោះភ្ញៀវទេសចរទី ១០ លាននាក់ ដែលបានធ្វើដំណើរទៅដល់ប្រទេសថៃតាមជើងហោះហើរពីអារ៉ាប៊ីសាអូឌីតនៅច្រកទ្វារទី ១០ នៅព្រលានយន្តហោះសុវណ្ណភូមិ។
កាយវិការនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ស្វាគមន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរទី១០លាននាក់មកលេងប្រទេសថៃ (Amazing Thailand 10 Million Celebrations) ដែលបានរៀបចំឡើងដោយអាជ្ញាធរទេសចរណ៍ប្រទេសថៃ (TAT) ដើម្បីបង្ហាញពីភាពជោគជ័យរបស់ប្រទេសនេះដែលសម្រេចបានគោលដៅនៃការមកដល់របស់ភ្ញៀវទេសចរនៅឆ្នាំនេះ។
ការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសថៃបាននិងកំពុងកើនឡើងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីប្រទេសនេះបានបើកព្រំដែនឡើងវិញកាលពីដើមឆ្នាំនេះដោយបានដកចេញនូវវិធានការសុខភាពតឹងរ៉ឹង ដែលរារាំងសកម្មភាពសេដ្ឋកិច្ចចំពេលមានកូវីដ១៩។
វិស័យទេសចរណ៍ ដែលបានទន់ជង្គង់ដោយសារជំងឺរាតត្បាតកូវីដ១៩អស់ពេលជាង ២ ឆ្នាំមកហើយនោះ ឥឡូវនេះកំពុងមានជំហររឹងមាំឡើងវិញ ដោយសារតែការធ្វើដំណើរតាមយន្តហោះកំពុងមានសកម្មភាពត្រឡប់មកវិញបន្តិចម្តងៗហើយ។
លោក យុត្ថាសាក់ ស៊ូផាសន (Yuthasak Supasorn) ប្រធានអាជ្ញាធរទេសចរណ៍ថៃបាននិយាយថា ក្នុងអំឡុងពេលចាប់ពីខែមករា ដល់ថ្ងៃទី៥ ខែធ្នូឆ្នាំនេះ គឺភ្ញៀវទេសចរដែលបានទៅដល់ប្រទេសថៃមានចំនួនជិត៩លាន៨សែននាក់។
លោកបាននិយាយថា នេះគឺជាសក្ខីភាពមួយចំពោះសមិទ្ធផលរបស់ប្រទេសនេះក្នុងការស្ដារ វិស័យទេសចរណ៍របស់ខ្លួនឡើងវិញ ដែលជាឧស្សាហកម្មដ៏សំខាន់មួយរបស់ប្រទេសនេះ។ លោកបានបន្តថា ប្រទេសថៃនៅតែជាគោលដៅជាទីពេញចិត្តសម្រាប់អ្នកធ្វើដំណើរទាំងផ្លូវជិតនិងផ្លូវឆ្ងាយ។
សូមបញ្ជាក់ថា នៅឆ្នាំ២០២១ ដែលជាឆ្នាំមានការរត្បាតកូវីដ១៩ខ្លាំងនោះ ភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរទៅក្នុងប្រទេសថៃ មានចំនួនជិត៤៣ម៉ឺននាក់ ហើយនៅឆ្នាំនេះ រំពឹងនឹងកើនដល់ជាង១០នាក់ ខណៈដែលកាលពីឆ្នាំ២០១៩ មុនពេលកូវីដ១៩រាតត្បាតនោះ ថៃទទួលបានភ្ញៀវទេសចរអន្តរជាតិ៤០លាននាក់ឯណោះ។ របាយការណ៍ពី ធនាគារពិភពលោកបានឲ្យដឹងថា នៅឆ្នាំ២០២៤ ថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ២៤លាននាក់ ឬស្មើនឹងប្រមាណ៦០% នៃចំនួនទេសចរដែលទទួលបាននៅមុនពេលមានកូវីដ១៩រាតត្បាត។