វិស័យសុខាភិបាល

មន្ត្រីសុខាភិបាល អះអាងថា នៅលើពិភពលោក ត្រឹម៧វិនាទីម្តង មានមនុស្សម្នាក់ស្លាប់ដោយសារជំងឺទឹកនោមផ្អែម និង១២វិនាទីម្តង មានមនុស្ស​ម្នាក់ស្លាប់​ដោយសារគ្រឿងស្រវឹង​


នៅចំពោះមុខវិបត្តិសុខភាពសាធារណៈដ៏គួរឱ្យព្រួយបារម្ភ អ្នកជំនាញក្នុងវិស័យសុខាភិបាល បានព្រមានពីហានិភ័យដល់អាយុជីវិតបណ្តាលមកពីការនិយមទទួលទានភេសជ្ជៈមានជាតិស្ករខ្ពស់ និងគ្រឿងស្រវឹងហួសកម្រិត។ មន្ត្រីក្រសួងសុខាភិបាល បានទម្លាយតួលេខដ៏គួរឱ្យរន្ធត់ថា នៅលើពិភពលោកជារៀងរាល់៧វិនាទីម្ដង មានមនុស្សម្នាក់បានបាត់បង់ជីវិតដោយសារជំងឺទឹកនោមផ្អែម និងរៀងរាល់១២វិនាទីម្ដង មានមនុស្សម្នាក់បានបាត់បង់ជីវិតដោយសារគ្រឿងស្រវឹង។
វិស័យសុខាភិបាល
ដោយ

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានកត់សម្គាល់ដោយក្តីបារម្ភថា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេងនាពេលបច្ចុប្បន្នកំពុងទាក់ទាញ និងទម្លាក់ពលរដ្ឋចូលក្នុងអន្ទាក់សុខភាពរយៈពេលវែង។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា គ្រឿងស្រវឹងមិនត្រឹមតែបំផ្លាញក្រពះ ពោះវៀន និងបង្កជាជំងឺមហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមហន្តរាយបំផ្លិចបំផ្លាញសុភមង្គលគ្រួសារ និងសន្តិសុខសង្គម ផងដែរ។ សម្រាប់អ្នកឧកញ៉ាវេជ្ជបណ្ឌិត វិធានការតែមួយគត់ ដើម្បីសង្គ្រោះសង្គម គឺការរឹតបន្តឹងការអប់រំតាមគ្រឹះស្ថានសិក្សា និងការអនុវត្តច្បាប់លើអ្នកពាក់ព័ន្ធឱ្យមានតម្លាភាព។

ជាមួយគ្នានេះ ឯកឧត្តម កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ភេសជ្ជៈដែលមានជាតិផ្អែម និងគ្រឿងស្រវឹងកំពុងបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព និងអាយុជីវិតមនុស្ស។ បើតាមមន្រ្តីជំនាញសុខាភិបាលរូបនេះ នៅលើសកលលោកជារៀងរាល់៧វិនាទីម្ដងមានមនុស្សម្នាក់ស្លាប់ដោយសារជំងឺទឹកនោមផ្អែម និងរៀងរាល់១២វិនាទីម្ដងមានមនុស្សម្នាក់ស្លាប់ដោយសារគ្រឿងស្រវឹង។ ឯកឧត្តមបានព្រមានថា ការទទួលទានភេសជ្ជៈផ្អែមចាប់ពី២កំប៉ុងឡើងទៅក្នុង១ថ្ងៃ នឹងធ្វើឱ្យពលរដ្ឋប្រឈមមុខនឹងកើតជំងឺទឹកនោមផ្អែម ដែលកត្តានេះទាមទារឱ្យមានការរួមគ្នាតម្កល់បទដ្ឋានច្បាប់ជាធំ និងមានការភ្ញាក់រលឹកចេះថែទាំសុខភាពរៀងៗខ្លួន។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង បានដាក់ចេញនូវបទបញ្ជាហ្មត់ចត់ ដោយតម្រូវឱ្យគ្រប់ក្រុមហ៊ុនទាំងអស់ត្រូវមានប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង មុននឹងសម្រេចចិត្តផ្សព្វផ្សាយពាណិជ្ជកម្ម។ បន្ថែមលើនេះ ក្រសួងបានកំណត់ឱ្យមានស្តង់ដាតែមួយសម្រាប់ការផ្សព្វផ្សាយទាំងតាមប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ និងឌីជីថល ព្រមទាំងដាក់ពិន័យស្មើភាពគ្នាចំពោះអ្នកបំពាន។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីក្រសួងតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សម្របសម្រួលក៏ដោយ ប៉ុន្តែវិធានការច្បាប់យ៉ាងតឹងរឹងបំផុត នឹងត្រូវដាក់ចេញជាដាច់ខាតចំពោះក្រុមហ៊ុនណានៅតែបន្តរឹងរូស និងបំពានការណែនាំ។

សូមបញ្ជាក់ថា ការលើកលើងខាងលើនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការដាក់ឱ្យអនុវត្តយុទ្ធនាការ«ឆន្ទៈល្អ»លើកទី២ រៀបចំដោយក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង សម្រាប់ផ្សព្វផ្សាយ និងតម្រង់ទិសដល់អ្នកធ្វើធុរកិច្ចក្នុងឧស្សាហកម្មគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ អ្នកប្រកបអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពអ្នកប្រើប្រាស់នៅកម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វុន្ថា




អត្ថបទបន្ទាប់


វីងសប និង សាវីម៉ិច ចាប់ដៃគូផ្តាច់មុខ បើកហាងលក់ទំនិញ វីងសប នៅតាមស្ថានីយប្រេងឥន្ធនៈ សាវីម៉ិច

ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ — ហាងលក់ទំនិញ វីងសប (Wingshop) ដែលដំណើរការដោយ ក្រុមហ៊ុន វីង អ៊ិនធើ ឡូជីស្ទីក ថេកណឡជី ជាបុត្រសម្ព័…

តម្លៃជួលខុនដូរ និងអាផាតមិននៅកម្ពុជា ធ្លាក់ចុះពី២០% ទៅ៣០% ក្រោយការបោសសម្អាតបទល្មើសអនឡាញ

យុទ្ធនាការបោសសម្អាត និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញពីសំណាក់អាជ្ញាធរកម្ពុជា ដែលនាំឱ្យមានការចាកចេញយ៉ាងគំហុករបស់ជនបរទេស កំពុងបន្សល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ