ជុំវិញទំហំពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ជប៉ុន ត្រូវបានសម្ដេច ហ៊ុន សែន គូសបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនវិនិយោគជប៉ុន នៅកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់ក្នុងសេដ្ឋកិច្ចជាតិ ។ តួយ៉ាងតាមរបាយការណ៍គយបង្ហាញថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន បានកើនរហូតជាង ១,៦ពាន់លានដុល្លារ កើនឡើង១៤% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ថ្លែងក្នុងពិធីអបអរសាទរខួប ១១ឆ្នាំ របស់ក្រុមហ៊ុនដ៏ធំរបស់ជប៉ុន មីនៀបៀ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងល្អ រវាងកម្ពុជា និងជប៉ុន ជាពិសេសផ្នែកនយោបាយការទូត និងការធ្វើពាណិជ្ជកម្ម។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនដ៏ធំមួយរបស់ជប៉ុន ដែលបានវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១០ ដោយផលិតជាម៉ូទ័រ សម្រាប់នាំចេញទៅលក់នៅក្រៅប្រទេស ហើយបានពង្រីកការវិនិយោគរបស់ខ្លួនជាបន្ដបន្ទាប់។ នាយករដ្ឋមន្រ្តីកម្ពុជា បានចាត់ទុកវិនិយោគិនជប៉ុន ជាចំណែកដ៏សំខាន់ក្នុងការរួមចំណែកនូវកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្រុមហ៊ុន មីនៀបៀ ដែលមានវត្តមាននៅកម្ពុជា អស់រយៈពេល ១១ឆ្នាំមកនេះ ហើយសម្ដេចក៏បានអំពាវនាវ និងស្នើឲ្យវិនិយោគិនជប៉ុន បង្កើនការវិនិយោគនៅកម្ពុជា បន្ថែមទៀត ដើម្បីជំរុញការនាំចេញទំនិញកម្ពុជា ទៅកាន់ប្រទេសជប៉ុន និងពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា-ជប៉ុនឲ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។
បើតាមសម្ដេច ហ៊ុន សែន ស្របពេលដែលពិភពលោកជួបនូវវិបត្តិសាកលកូវីដ១៩ បានធ្វើឲ្យបណ្ដាប្រទេសជាច្រើនធ្លាក់ចុះនូវការបញ្ជាទិញទំនិញពីទីផ្សារ តែសម្រាប់កម្ពុជា នៅតែមានឱកាសក្នុងការនាំចេញទំនិញជាបន្តបន្ទាប់ទៅកាន់ទីផ្សារអន្តរជាតិ ដោយក្រុមហ៊ុន មីនៀបៀ បានរួមចំណែកយ៉ាងសំខាន់ក្នុងការនាំចេញនេះ។ ជាមួយគ្នានេះ សម្ដេចបានបន្តថា កាលពីឆ្នាំ២០១៩ ក្រុមហ៊ុនមីនៀបៀ បានបោះទុនវិនិយោគនៅកម្ពុជា ចំនួន ៤០០លានដុល្លារអាមេរិក និងផ្តល់ការងារជូនពលរដ្ឋខ្មែរ បានជាង ៦ពាន់នាក់ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ បានដាក់ទុនវិនិយោគសរុបរហូតដល់ជាង ៨ពាន់លានដុល្លារ នៅ ៩៥កន្លែង ទូទាំងពិភពលោក។ សម្ដេចបញ្ជាក់ថា អ្វីដែលធ្វើឲ្យក្រុមហ៊ុនជប៉ុនមួយនេះ សម្លឹងឃើញពីឱកាសវិនិយោគនៅកម្ពុជា គឺមានកត្តាសំខាន់ៗ ដូចជា កត្តាសុខសន្តិភាព ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងអគ្គិសនី ជាដើម។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ទៀតថា តំបន់សេដ្ឋកិច្ចពិសេស មិនត្រឹមតែពង្រីកក្រុមហ៊ុន និងរក្សាក្រុមហ៊ុនដែលមានស្រាប់នោះទេ ថែមទាំងបានទាក់ទាញបានក្រុមហ៊ុនដ៏ទៃទៀត ផងដែរ។ បច្ចុប្បន្ន កម្ពុជា មានរោងចក្រដំឡើងរថយន្តនៅតាមបណ្ដាខេត្តមួយចំនួន ដូចជា នៅខេត្តកោះកុង មានកក្រុមហ៊ុនដំឡើង Hyundai, នៅខេត្តពោធិ៍សាត់ មានក្រុមហ៊ុនដំឡើងរថយន្ត Ford និងក្នុងពេលឆាប់ៗនេះ នឹងមានក្រុមហ៊ុន ដំឡើងរថយន្ត Toyota នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។
រយៈពេលជិត៣០ឆ្នាំនៃទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន មានការរីកចម្រើនឥតឈប់ឈរ ពោលចាប់ពីឆ្នាំ១៩៩៤ រហូតមកដល់ ខែកក្កដា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជាសរុបចំនួន១៤៨គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារអាមេរិក។
ប្រទេសកម្ពុជា និងជប៉ុន ថ្មីៗនេះ ក៏ទើបតែដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពីដៃគូយុទ្ធសាស្ត្រ មកជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយផងដែរ ដោយការប្រកាសពីកម្រិតទំនាក់ទំនងថ្មីនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន នៅក្រៅកិច្ចប្រជុំអាស៊ានដែលបានធ្វើឡើងកាលពីខែវិច្ឆិកាកន្លងនេះ ហើយវានឹងក្លាយជាកត្តាលីករសម្រាប់កម្ពុជាក្នុងការស្រូបទាញការវិនិយោគ ពាណិជ្ជកម្មពីប្រទេសជប៉ុនកាន់តែច្រើនបន្ថែមទៀតនាពេលអនាគត៕