ជាមួយគ្នានេះ សម្តេចតេជោ បានចាត់ឲ្យថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ក្រសួងវប្បធម៌ និង អភិបាលខេត្តសៀមរាប ទៅជួបពលរដ្ឋដោយផ្ទាល់នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដើម្បីសម្របសម្រួល ដោះស្រាយបញ្ហានេះឲ្យបានល្អ។
នាពិធីបើកសន្និសីទស្តីពី«ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានស្នើពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាបកុំឲ្យមានភាពស្លន់ស្លោរ និងបង្កើតសកម្មភាពតវ៉ាណាមួយដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ។ ទន្ទឹមនឹងនេះសម្តេចតេជោប្រាប់ឲ្យពលរដ្ឋ ដែលបាននាំគ្នាតវ៉ាទាំងនោះរក្សាភាពស្ងប់ស្ងាត់ និងស្ងប់ចិត្ត ដ្បិតរាជរដ្ឋាភិបាលនឹងមិនធ្វើឲ្យប៉ះពាល់ណាមួយដល់ពលរដ្ឋនៅឃុំនោះឡើយ។
ការស្នើបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្រោយសម្តេចឃើញមានប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រះដាក់ខេត្តសៀមរាបជាច្រើនគ្រួសារបានប្រមូលផ្តុំគ្នាតវ៉ានៅ សាលាឃុំ ក្រោយពួកគេមានការព្រួយបារម្ភអាជ្ញាធរឲ្យពួកគេរុះរើទីលំនៅពីឃុំនេះទៅរស់នៅភូមិរុនតាឯកដូចប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។ ដើម្បីបន្ថែមទំនុកចិត្តដល់ប្រជាពលរដ្ឋទាំងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនអាចធ្វើទាំងទទឹងទិសដោយតម្រូវឲ្យពលរដ្ឋរុះរើទីលំនៅទៅទាំងឃុំ គឺមិនអាចទៅរួចនោះទេ។
សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា ការដែលអាជ្ញាធរចុះទៅសិក្សានៅតំបន់បារាយខាងកើតដែលស្ថិតនៅក្នុងឃុំព្រះដាក់ គឺគ្រាន់តែដើម្បីពិនិត្យលទ្ធភាព និងសិក្សាផលប៉ះពាល់ក្នុងការបូបទឹកចាក់បំពេញក្នុងបារាយខាងកើតដើម្បីរក្សាគុណភាពសំណង់ប្រាសាទបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរតែប៉ុណ្ណោះ។ ពាក់ព័ន្ធការបូមទឹកចូលក្នុងបារាយខាងកើត សម្តេច មិនតម្រូវឲ្យបូមបំពេញបារាយទាំង៣០លានម៉ែត្រគីបនោះទេ ពោលគឺបូមចូលក្នុងកម្រិតណាមួយដែលមិនបង្កផលប៉ះពាល់ដល់ផលដំណាំ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំតំបន់រមណីយដ្ឋានអង្គរឡើងវិញ ដោយបានអំពាវនាវឲ្យពលរដ្ឋដែលរស់នៅ និងអាស្រ័យផលនៅក្នុងតំបន់ស្ថិតក្រោមការការពារនៃតំបន់រមណីដ្ឋានអង្គរ ស្ម័គ្រចិត្តដោះដូរលំនៅដ្ឋានទៅកាន់ទីតាំងថ្មី នៅតំបន់អភិវឌ្ឍន៍រុនតាឯក ក្នុងស្រុកបន្ទាយស្រី ដែលរៀបចំដោយអាជ្ញាធរ ជាមួយនឹងការផ្ដល់ជូននូវដីធ្លី និងអត្ថប្រយោជន៍មួយចំនួនទៀត។ គិតមកទល់ដើមខែតុលានេះ មានពលរដ្ឋប្រហែល ៣ពាន់គ្រួសារហើយ ដែលបានស្ម័គ្រចិត្តរើសទៅកាន់ទីតាំងតំបន់រុនតាឯក៕