
នៅក្នុងដំណើរមកកាន់ហាណូយ លោក ស៊ី ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ដោយភាគីម្ចាស់ផ្ទះ ខណៈដែលកិច្ចព្រមព្រៀងដែលបានចុះគឺសំដៅពង្រឹងយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយនៅក្នុងនោះចិន និង វៀតណាមក៏បានសន្យាថា នឹងរួមគ្នាពង្រឹង ខ្សែសង្វាក់ផ្គត់ផ្គង់ AI ការល្បាតដែនសមុទ្ររួមគ្នា និងការអភិវឌ្ឍន៍ផ្លូវដែក។
ថ្លែងក្នុងជំនួបជាមួយលោក តូ ឡឹម អគ្គលេខាធិកាបក្សកុម្មុយនីស្តវៀតណាម លោក ស៊ី បាននិយាយថា វៀតណាម និងចិន កំពុងឈរនៅចំណុចរបត់នៃប្រវត្តិសាស្ត្រ... ហើយគួរតែបន្តដំណើរឆ្ពោះទៅមុខជាមួយគ្នា ។
លោក ស៊ី ក៏បានជំរុញឱ្យប្រទេសទាំងពីរ ការពារយ៉ាងម៉ឺងម៉ាត់នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី ស្ថិរភាពឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់សកល ព្រមទាំងបរិយាកាសអន្តរជាតិបើកចំហ និងសហប្រតិបត្តិការគ្នាទៅវិញទៅមក។
ដោយឡែក លោក ឡឹម បាននិយាយថា វៀតណាម តែងតែត្រៀមខ្លួនជាស្រេចក្នុងការរួមដៃជាមួយចិនដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែសំខាន់ ស៊ីជម្រៅ តុល្យភាព និងនិរន្តរភាព។
កាលពីឆ្នាំ២០២៤កន្លងទៅ នៅក្នុងចំណោមប្រទេសនៅអាស៊ាន វៀតណាមគឺជាអ្នកបញ្ជាទិញទំនិញចិនច្រើនបំផុតដែលមានតម្លៃដល់ទៅជិត១៦២ពាន់លានដុល្លារ បន្ទាប់មកគឺម៉ាឡេស៊ីដែលមានប្រមាណជា ១០១,៥ ពាន់លានដុល្លារ ។
បន្ទាប់ ពី ប្រទេស វៀតណាម លោកស៊ី នឹង ទៅ បំពេញ ទស្សនកិច្ច នៅ ម៉ាឡេស៊ី ពី ថ្ងៃ អង្គារ៍ ដល់ ថ្ងៃ ព្រហស្បតិ៍។
រដ្ឋមន្ត្រីក្រសួងសារគមនាគមន៍ ម៉ាឡេស៊ី លោក ហ្វាហ្វមីល ហ្វេតស៊ីល(Fahmi Fadzil ) បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី គឺជា ផ្នែក១នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីមើលឃើញទំនាក់ទំនងពាណិជ្ជកម្មកាន់តែប្រសើរឡើងជាមួយប្រទេសផ្សេងៗ រួមទាំងប្រទេសចិនផងដែរ ។
តាមការរំពឹងទុក បន្ទាប់ពីបញ្ចប់ដំណើរទស្សនៈកិច្ចនៅវៀតណាម និង ម៉ាឡេស៊ី លោក ស៊ី នឹងធ្វើដំណើរ កបំពេញទស្សនៈកិច្ចជាថ្មីនៅកម្ពុជា ពីថ្ងៃទី ១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។