លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបានឲ្យដឹងថា ក្រុមហ៊ុនក្នុងវិស័យឯកជនពិតជាគាំទ្រ និងចង់ឲ្យគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ័ស្តុភាកម្មភ្នំពេញចេញឲ្យបានកាន់តែឆាប់កាន់តែល្អ ស្របទៅនឹងសន្ទុះនៃការរីកចម្រើនវិស័យដឹកជញ្ជូនក្នុងបរិការណ៍បច្ចុប្បន្ន ក៏ដូចជានៅអំឡុងពេលក្រោយពីជំងឺកូវីដ ១៩ ត្រូវបានបញ្ចប់ទៅវិញ ខណៈដែលវិស័យដឹកជញ្ជូនត្រូវបានរំពឹងថានឹងមានសកម្មភាពស្ទុះខ្លាំងជាងមុន។
លោកបញ្ជាក់ថា មជ្ឈមណ្ឌលនេះ ពិតជាសំខាន់ និងចាំបាច់ក្នុងការជួយសម្រួលដល់ការងារដឹកជញ្ជូនទំនិញកាន់តែងាយស្រួល និងឆាប់រហ័ស ខណៈនៅក្នុងមជ្ឈមណ្ឌលនេះ មានការប្រមូលផ្តុំទាំងសេវាកម្មក្រុមហ៊ុន និងការបំពេញបែបបទរដ្ឋបាលផ្សេងៗក៏ស្ថិតនៅមួយកន្លែង។
ជុំវិញនឹងគម្រោងបង្កើតមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញនេះដែរ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងពន្លឿនការត្រួតពិនិត្យ ដើម្បីសម្រេចផងដែរ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភ័ស្តុភារកម្មលើកទី ២ ដើម្បីពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កិច្ចព្រមព្រៀងក្របខណ្ឌរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយក្រុមហ៊ុន YCH ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ ត្រូវបានរៀបចំជាសេចក្ដីព្រាងរួចរាល់ ហើយដែល នឹងត្រូវកែសម្រួលឡើងវិញបន្ទាប់ពីទទួលបានធាតុចូលបន្ថែមទៀតពីអង្គប្រជុំ ធ្វើយ៉ាងណា ឱ្យកិច្ចព្រមព្រៀងនេះ មានខ្លឹមសារ និងវិសាលភាពឆ្លើយតបទៅនឹងកម្មវត្ថុនៃកិច្ចព្រមព្រៀង ព្រមទាំងផ្ដល់ប្រយោជន៍ដល់ជាតិមាតុភូមិ។
ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញធ្វើឡើង ស្របតាមផែនការមេ ភ័ស្តុភារកម្មកម្ពុជា ទាក់ទងនឹងការប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលភ័ស្តុភារកម្មក្នុងតំបន់ បម្រើឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសថៃ កម្ពុជា វៀតណាម ភូមា និងឡាវជាដើម និងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការប្រកួតប្រជែងលើវិស័យដឹកជញ្ជូនជាមួយប្រទេសក្នុងតំបន់ បង្កើតការងារ លើកកម្ពស់ជីវភាពគ្រួសារ និងសេដ្ឋកិច្ចជាតិផងដែរ។
សូមជម្រាបថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ដែលគ្រោងនឹងបង្កើតឡើងនេះ លាតសន្ធឹងលើផ្ទៃដីជិត ១០០ហិកតាដែលជាទីតាំងយុទ្ធសាស្ដ្រមួយតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រទឹកជ្រៅក្នុងខេត្តព្រះសីហនុ និងផ្លូវដែកភាគខាងជើង ដែលចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងប៉ោយប៉ែតព្រំដែនប្រទេសថៃ៕