ក្នុងនោះដែរ បើតាមមន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាបានអះអាងប្រាប់ខេមបូណូមីសថា សភាពាណិជ្ជកម្ម នឹងប្រមូលយកសំណើពីវិស័យឯកជន ហើយនឹងបន្ដដាក់ជូនទៅកាន់ក្រសួងពាក់ព័ន្ធ ពិសេសក្រសួងកសិកម្មឲ្យជួយដោះស្រាយ បើសិនជាក្រសួងមិនអាចដោះស្រាយបានទេនោះ ខាងវិស័យឯកជននឹងបន្តដាក់ជូនបញ្ហាទាំងអស់នេះទៅកាន់រាជរដ្ឋាភិបាល ពិសេសសម្តេចនាយករដ្ឋមន្ត្រី ដើម្បីជួយសម្រេច។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ម ដែលបានដឹកនាំកិច្ចប្រជុំនោះ បានប្រាប់ក្រុមការងារខេមបូណូមីសថា ការប្រជុំនេះ វិស័យឯកជនផ្នែកកសិកម្ម មានការលើកឡើងច្រើនពីបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាតម្លៃអគ្គីសនី ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាការចិញ្ចឹមសត្វក្នុងស្រុក ព្រោះកង្វះទឹក ជាពិសេសការចិញ្ចឹមត្រីក្នុងស្រុកខាតបង់ធ្ងន់ធ្ងរ ដោយសារការនាំចូល និងបញ្ហាកង្វះហិរញ្ញវត្ថុជាដើម។
បើតាមឧកញ៉ា លឹម ហេង បច្ចុប្បន្ន សភាពាណិជ្ជកម្មកម្ពុជា បានប្រមូលបញ្ហាទាំងនេះរួចរាល់ហើយ ដើម្បីដាក់ជូនក្រសួងកសិកម្ម ពិនិត្យនិងដោះស្រាយ ហើយនៅក្នុងករណីដែលបញ្ហាខ្លះ ក្រសួងមិនអាចដោះស្រាយបាន នោះនឹងស្នើដល់សម្តេចនាយករដ្ឋមន្រ្តីឲ្យជួយដោះស្រាយវិញ។
យ៉ាងណាមិញ ឯកឧត្តមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនម៉ុងឫទ្ធី គ្រុប និងជាអ្នកជំនួញនៅក្នុងវិស័យកសិកម្ម និង កសិឧស្សាហកម្មដ៏ល្បីល្បាញនៅកម្ពុជា បានបញ្ជាក់អះអាងប្រាប់ ខេមបូណូមីស ថា ទោះបីជាមានបញ្ហាច្រើនដែលវិស័យឯកជន និងក្រសួងកសិកម្មត្រូវដោះស្រាយរួមគ្នាក៏ពិតមែន ប៉ុន្តែមុននឹងនាំបញ្ហាទាំងអស់នេះ ឈានដល់ដៃនាយករដ្ឋមន្រ្តី ផ្នែកឯកជននិងក្រសួងកសិកម្មនឹងព្យាយាមដោះស្រាយបញ្ហាទាំងនេះឲ្យអស់លទ្ធភាពសិន។
បើតាមឧកញ៉ាបណ្ឌិត ម៉ុង
ឫទ្ធី និង ឧកញ៉ា លឹម ហេង បញ្ហាដែលកិច្ចប្រជុំបានផ្តោតសំខាន់ជាងគេ
ហើយនឹងត្រូវដោះស្រាយជាបន្ទាន់នោះគឺ ការចិញ្ចឹមត្រីរបស់កសិករត្រូវរងខាតបង់ធ្ងន់ធ្ងរ
ដោយសារតែការនាំចូលត្រីពីប្រទេសជិតខាងច្រើនហួសប្រមាណ ខណៈដែលកន្លងទៅ
សមាគមវារីវប្បកម្មកម្ពុជាបានលើកឡើងពីបញ្ហានេះ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះក៏នូវតែ
ទាមទារឲ្យមានដំណោះស្រាយជួយរកទីផ្សារលក់ត្រីក្នុងស្រុកផងដែរ។
លោក ឡែមផូរ វរិទ្ធិ មន្រ្តីអភិវឌ្ឍន៍សមាគម និងជាអ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជា បានប្រាប់ក្រុមការងារខេមបូណីមីសថា បញ្ហាដែលសមាគមវារីវប្បកម្មកម្ពុជាបានលើកឡើង ជាបញ្ហាដដែលៗ ពោលគឺកើតឡើងតាំងពីដើមឆ្នាំ២០២១មក ប៉ុន្តែហាក់មិនមានដំណោះស្រាយសមស្របនៅឡើយ ដូច្នេះនៅក្នុងកិច្ចលើកដំបូងរបស់សមាគមជាមួយសភាពាណិជ្ជកម្មកម្ពុជា លោករំពឹងថា បញ្ហានេះ នឹងត្រូវដោះស្រាយបាន។
សូមជម្រាបថា
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)
នៅដើមឆ្នាំ២០២១នេះ
បានបង្កើនទំហំឥណទានប្រមាណជាង៥០លានដុល្លារបន្ថែមទៀត
ដើម្បីជួយលើកកម្ពស់ដល់វិស័យកសិកម្ម ប៉ុន្តែបើតាមឧកញ៉ា លឹម ហេង
ឥណទានដែលមានអត្រាការប្រាក់ទាបនេះ បានអស់ទៅហើយ ដោយពេលនេះអ្នកប្រកបរបរក្នុងវិស័យកសិកម្ម
និងកសិ-ឧស្សាហកម្ម នេះ កំពុងត្រូវការហិរញ្ញវត្ថុបន្ថែមទៀត
ខណៈដែលការខ្ចីពីធនាគារដទៃមានអត្រាការខ្ពស់ពេក អ្នកធ្វើកសិកម្មមិនអាចទ្រាំទ្របាន៕