
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ទំហំកម្ចីជិត៦០ពាន់លានដុល្លារ នៅក្នុងប្រព័ន្ធធនាគារ ដែលធំជាងទំហំផលិតផលក្នុងស្រុករបស់កម្ពុជា ជាទំហំខ្ពស់មួយ ដែលអាចបង្កជាហានិភ័យនៅពេលពលរដ្ឋជួបវិបត្តិហិរញ្ញវត្ថុ ខ្វះលទ្ធភាពក្នុងការសងត្រឡប់ ដ្បិតថា នៅពេលពលរដ្ឋគ្មានលទ្ធភាពសងត្រឡប់នោះវាអាចធ្វើឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារប្រឈមនឹងការដួលរលំ។ បើតាមអ្នកប្រឹក្សាយោបល់រូបនេះ នៅពេលកម្ពុជា មានបញ្ហាលើកម្ចីក្នុងស្រុកកាន់តែខ្លាំង នោះការខ្ចីប្រាក់ពីស្ថាប័នអន្តរជាតិ ដើម្បីយកមកអភិវឌ្ឍ ក៏នឹងមានបញ្ហាប្រឈមផងដែរ។ បើតាមលោក សេក សុជាតិ ដើម្បីទប់ស្កាត់ការប្រឈមហានិភ័យនេះ ទាមទារឱ្យមានការចាត់វិធានការចាំបាច់នានា ដើម្បីធ្វើយ៉ាងណាកុំឱ្យបញ្ហានេះរាលដាលកាន់តែធំ។
ដោយឡែកបើតាមការពន្យល់របស់ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទំហំបំណុលជិត៦០ពាន់លានដុល្លារ ដែលត្រូវបានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដល់ពលរដ្ឋជាង៥លាននាក់នេះ វាមិនគួរឱ្យព្រួយបារម្ភនោះទេ ព្រោះទំហំនេះមានការខុសគ្នាតិចតួចប៉ុណ្ណោះ បើធៀបនឹងទំហំប្រាក់បញ្ញើរបស់ពលរដ្ឋនៅក្នុងប្រព័ន្ធធនាគារ ដែលមានរហូតដល់៥៧ពាន់លានដុល្លារ។ ហើយបើនិយាយពីបម្រែបម្រួលក្នុងឆ្នាំ២០២៣ និង២០២៤ ឥណទានមានកំណើនត្រឹមតែ៣% ប៉ុណ្ណោះ ខណៈដែលប្រាក់បញ្ញើមានកំណើនរហូតដល់១៦,៣% ប៉ុន្តែឥណទានដែលអតិថិជនបង់សងយឺតលើស៩០ថ្ងៃ ក៏បានកើនដល់ជាង៦% ផងដែរ។
សម្រាប់លោក កាំង តុងងី បំណុល ឬឥណទានមិនមែនសុទ្ធតែអាក្រក់នោះទេ ហើយឥណទាននៅកម្ពុជា ត្រូវបានបញ្ចេញជូនអតិថិជនក្នុងវិស័យផ្សេងៗគ្នា ដូចជាការជួញដូររាយ ទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ការជួញដូរអចលនទ្រព្យ ការខ្ចីជាបុគ្គល សំណង់ កសិកម្ម ការជួញដូរដុំ កម្មន្តសាល សណ្ឋាគារ និងភោជនីយដ្ឋានជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកសាស្រ្តាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយយល់ឃើញថា ដើម្បីដោះស្រាយរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាបំណុលរបស់ពលរដ្ឋ រដ្ឋាភិបាល ត្រូវតែទាក់ទាញ និងពង្រីកការវិនិយោគក្នុងវិស័យណាដែលជួយគាំទ្រដល់សកម្មភាពរកចំណូលរបស់ប្រជាពលរដ្ឋ។
បើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) គិតត្រឹមដំណាច់ឆ្នាំ២០២៤ ប្រជាជនកម្ពុជា ប្រើប្រាស់កម្ចីក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុរហូតដល់ជិត៦០ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះទំហំប្រាក់បញ្ញើរបស់អតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកើនដល់៥៧ពាន់លានដុល្លា។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕
អត្ថបទ៖ បូ ដូឡា