ICC បានចេញដីកាចាប់ខ្លួនលោកពូទីនកាលពីខែមីនា ជុំវិញការចោទប្រកាន់ថា លោកបានជាប់ពាក់ព័ន្ធក្នុងការចាប់ពង្រាត់ និងនិរទេសកុមារចេញពីអ៊ុយក្រែនដោយខុសច្បាប់។ តាមសេចក្តីរាយការណ៍ថា ដីការចាប់ខ្លួននេះបានធ្វើឱ្យមានការភ័យស្លន់ស្លោនៅក្នុងវិមានក្រឹមឡាំងអំពីស្ថិរភាពនៃការគ្រប់គ្រងរបស់លោកពូទីន និងថាតើដីកានេះ មានន័យស្មើនឹងការអំពាវនាវឱ្យមានការផ្លាស់របបដឹកនាំនៅក្នុងប្រទេសរុស្ស៊ី ឬយ៉ាងណា។
ចាប់តាំងពីពេលនោះមក លោក ពូទីន មិនដែលចាកចេញពីប្រទេសម្តងណាឡើយ ដើម្បីជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសមានកាតព្វកិច្ចអនុវត្តដីកាចាប់ខ្លួននេះ។ ជាក់ស្តែង លោកមិនបានទៅចូលរួមកិច្ចប្រជុំកំពូល BRICSដោយផ្ទាល់នៅអាហ្រ្វិកខាងត្បូងកាលពីសប្តាហ៍មុនទេ ដោយឱ្យរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov ទៅចូលរួមជំនួស។
ជាមួយគ្នានេះ លោក ពូទីន ក៏បានសម្រេចមិនទៅចូលរួមកិច្ចប្រជុំអន្តរជាតិផ្សេងទៀតដែរនៅខែក្រោយនេះ។ ប្រធានាធិបតីរុស្ស៊ីបានជូនដំណឹងដល់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នៅសប្តាហ៍នេះថា លោកនឹងមិនធ្វើដំណើរទៅប្រទេសឥណ្ឌានៅខែក្រោយ ដើម្បីចូលរួមកិច្ចប្រជុំG20នោះទេ។ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា លោក ពូទីនមាន «កាលវិភាគរវល់» ខ្លាំងពេក។
ដោយឡែក ពូទីនគ្រោងធ្វើដំណើរទៅប្រទេសវិញ ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនក្នុងខែតុលាខាងមុខ។ ទោះយ៉ាងណា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះកាលពីខែមីនាប្រធានាធិបតីចិនលោកស៊ី ជិនពីងបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី ហើយកាលពីឆ្នាំមុន ប្រទេសទាំងពីរក៏បានប្រកាសពី «ភាពជាដៃគូគ្មានដែនកំណត់»ទៀតផង។
ទោះយ៉ាងណា ដំណើរតាមការគ្រោងទុកនៅខែតុលានេះ នឹងកើតឡើងជួនចំពេល ដែលប្រទេសរុស្ស៊ីនឹងត្រៀមរៀបចំធ្វើជាប្រធានប្តូរវេនសម្រាប់កិច្ចប្រជុំក្រុមប្រទេស BRICS នៅខែមករាឆ្នាំក្រោយ ខណៈសមាជិកថ្មីទាំង៦នៃប្លុកនេះ នឹងធ្វើឱ្យរុស្ស៊ីមានឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយឡើងវិញ នៅលើឆាកអន្តរជាតិ និងបន្តសង្គ្រាមក្នុងប្រទេសអ៊ុយក្រែនតទៅទៀត៕