លោកពូទីន ដែលជាមេដឹកនាំកំពូលរបស់រុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៩៩មក នៅប៉ុន្មានឆ្នាំថ្មីៗនេះ បានប្រើប្រាស់ទិវាជ័យជំនះ ៩ឧសភាដើម្បីនិយាយចាក់ដោតលើប្រទេសលោកខាងលិច ចំពោះមុខក្បួនព្យុៈហយាត្រាដង្ហែរដោយកងទ័ព កងរថក្រោះ រ៉ុក្កែត និងមីស៊ីលផ្លោងអន្តរទ្វីប។
នៅទិវាជ័យជំនះ ៩ឧសភា ឆ្នាំ២០២២នេះ ដែលជាខួបលើកទី៧៧ឆ្នាំ កងទ័ពរុស្ស៊ីប្រមាណ ១ម៉ឺន១ពាន់នាក់ យន្តហោះជិត៨០គ្រឿង និងរថក្រោះ រថពាសដែកជាង ១៣០គ្រឿងផ្សេងទៀត បានបង្ហាញវត្តមានក្នុងព្យុៈហយាត្រានៅចំពោះមុខបុរសខ្លាំងពូទីន។
លោកពូទីន បានថ្លែងទៅកាន់កងទ័ពទាំងអស់ថា សង្គ្រាមនៅអ៊ុយក្រែនបច្ចុប្បន្ន គឺកងទ័ពទាំងអស់កំពុងប្រយុទ្ធដើម្បីសន្តិសុខរបស់រុស្ស៊ី។ លោកបន្តថា ប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនគឺ ជារឿងចាំបាច់ណាស់ ពីព្រោះលោកខាងលិចកំពុងរៀបចំផែនការឈ្លានពានទឹកដីរបស់រុស្ស៊ី រួមទាំងនៅដែនដីគ្រីមៀផងដែរ។ លោកពូទីនគ្រាន់តែបាននិយាយបែបនេះ តែមិនបានផ្តល់ភស្តុតាងសម្រាប់អំណះអំណាងរបស់លោកនោះទេ។
ក្នុងក្បួនព្យុៈហយាត្រានោះ ក៏មានដែរការបើកហោះហើររបស់យន្តហោះចម្បាំង កាត់ពីលើដំបូលនៃព្រះវិហារ Basil ក្នុងនោះ រួមមានយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងជាលើកដំបូងហើយចាប់តាំងពីឆ្នាំ ២០១០មក ដែលរុស្ស៊ីបានបង្ហាញយន្តហោះដ៏ទំនើបមួយប្រភេទនេះ ហើយវាមានសមត្ថភាពអាចដឹកជញ្ជូនថ្នាក់ដឹកនាំកំពូលរបស់រុស្ស៊ីទៅកន្លែងសុវត្ថិភាព ក្នុងករណីមានការវាយប្រហារអាវុធនុយក្លេអ៊ែរផងដែរ។
លោក ពូទីន ជារឿយៗបានប្រៀបប្រដូចសង្គ្រាមនៅអ៊ុយក្រែនទៅនឹងការប្រយុទ្ធរំដោះអ៊ុយក្រែនចេញពីពួក "ណាហ្ស៊ី" ដ៏គ្រោះថ្នាក់ ហើយវាគឺជាការគំរាមកំហែងដល់សន្តិសុខរុស្ស៊ី ដូចកាលដែល សហភាពសូវៀតបានជួបប្រទះនៅពេលដែលរបបរបស់លោក អាដុល ហ៊ីត្លែរបាន ឈ្លានពានសហភាពសូវៀតកាលពីឆ្នាំ១៩៤១។
ដោយឡែក នៅក្នុងសារអបអរថ្ងៃជ័យជំនះ៩ឧសភា ដែលបានផ្ញើរទៅកាន់ប្រទេសអតីតសហភាសូវៀតទាំង ១២ប្រទេសរួមទាំងអ៊ុយក្រែនផងដែរ លោកពូទីនបាននិយាយថា៖ កាតព្វកិច្ចរួមរបស់ទីក្រុងម៉ូស្គូ គឺការពារការកុំឲ្យមានការរស់ឡើងវិញនៃលទ្ធិណាហ្ស៊ី ដែលបាននាំមកនូវទុក្ខវេទនាជាច្រើនដល់ប្រជាជននៃប្រទេសរុស្ស៊ី។ សម្រាប់លោកពូទីន អ៊ុយក្រែនគ្រាន់តែជាឧបករណ៍មួយ ដែលត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីគំរាមកំហែងរុស្ស៊ីតែប៉ុណ្ណោះ។
អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានច្រានចោលការចោទប្រកាន់របស់លោកពូទីន ដែលចាត់ទុកពួកគេជាក្រុមណាហ្ស៊ីនិយមនៅអ៊ុយក្រែន។ លោកខាងលិចចោទប្រកាន់ រុស្ស៊ីវិញថា កំពុងធ្វើសង្គ្រាម ប៉ុនប៉ងកសាងសហភាពសូវៀតឡើងវិញ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិនបានចាត់ទុកការឈ្លានពានរបស់ពូទីនលើអ៊ុយក្រែន ជាការប្រយុទ្ធនៅក្នុងសមរភូមិរវាងលទ្ធិប្រជាធិបតេយ្យ និងលទ្ធិផ្តាច់ការ ហើយបានហៅលោកពូទីនជាឧក្រិដ្ឋជនសង្គ្រាមជាច្រើនដងផងដែរ៕