លោកវេជ្ជបណ្ឌិត គួច ម៉េងលី សព្វថ្ងៃជាស្ថាបនិកនិងជាអគ្គនាយកវិទ្យាស្ថាន AII និងសាលា AIS។ លោកថា ដោយសារលោកមានពិសោធន៍ជាអ្នកអប់រំ និងជាវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិកជាច្រើនឆ្នាំ ដូច្នេះ លោកវេជ្ជបណ្ឌិតចង់ពង្រីកការងាររបស់លោកក្នុងវិស័យពីរនេះ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំស្រមៃថា ថ្ងៃណាមួយ ខ្ញុំនឹងមានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាល ក្រៅផ្លូវការ ដើម្បីជួយជំរុញអ្វីដែលខ្ញុំអាចជំរុញបានក្នុងវិស័យអប់រំ ដូចជា សហការគ្នាជាដៃគូ ឬផ្ដល់យោបល់ពីរដ្ឋមកឯកជន ពីឯកជនទៅរដ្ឋ»។
ប៉ុន្តែ ក្ដីប្រាថ្នារបស់លោកវេជ្ជបណ្ឌិតខ្មែរអាមេរិកាំរូបនេះ នៅមិនទាន់បានសម្រេចនៅឡើយទេ ពីព្រោះការស្នើសុំអនុញ្ញាតិទៅក្រសួងពាក់ព័ន្ធ មិនទទួលបានចម្លើយវិជ្ជមាន។
លោកវេជ្ជបណ្ឌិត ថ្លែងថា ៖ «យើងដាក់ស្នើសុំបើកសាលាពេទ្យ ត្រឹមថ្នាក់គិលានុបដ្ឋាក យើងសុំអត់បាន។ យើងសុំបើកសកលវិទ្យាល័យ យើងសុំអត់បាន»។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី មិនបានបញ្ជាក់ហេតុផលច្បាស់លាស់នៅពីក្រោយការបដិសេធរបស់ក្រសួងពាក់ព័ន្ធ ចំពោះសំណើរបស់លោកនោះទេ។ ប៉ុន្តែ កន្លងមក លោកវេជ្ជបណ្ឌិត គួច ម៉េងលី ធ្លាប់ធ្វើឲ្យមន្ត្រីរដ្ឋាភិបាលថ្នាំងថ្នាក់ បន្ទាប់ពីលោកធ្វើការរិះគន់ធ្ងន់ៗទៅលើពេទ្យខ្មែរ និងសេវាសុខាភិបាលនៅស្រុកខ្មែរ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា លោកសោកស្ដាយដោយសារ «ខ្ញុំជាអ្នកអប់រំ ខ្ញុំជាអ្នកជំនាញពេទ្យ ជាសាស្ត្រាចារ្យសកលវិទ្យាល័យនៅស្រុកគេ ដែលមានពិសោធន៍ជាង ២០ឆ្នាំ ប៉ុន្តែ ខ្ញុំមិនបានប្រើចំណេះទាំងហ្នឹងឲ្យអស់សក្ដានុពលនៅឡើយ»។
លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលអនុញ្ញាតឲ្យលោកបើកសាលាពេទ្យ និងសកលវិទ្យាល័យ លោកធានាថា នឹងអាចផ្ដល់ការបណ្ដុះបណ្ដាលក្នុងកម្រិតមួយដែលអាចបំពេញតម្រូវការផ្នែកធនធានមនុស្សនៅក្នុងស្រុកយើងបាន។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជាពលរដ្ឋខ្មែរ ដែលបានទៅរៀននិងរស់នៅសហរដ្ឋអាមេរិកតាំងពីក្មេង រហូតដល់ក្លាយជាវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិក។ សព្វថ្ងៃ នៅកម្ពុជា លោកមានសាលាចំនួនពីរ គឺ វិទ្យាស្ថាន អន្តរទ្វីប អាមេរិកាំង និងសាលារៀន អន្តរទ្វីប អាមេរិកាំង ហើយលោកក៏ជាអ្នកវិនិយោគដ៏ធំនៃសារព័ត៌មាន អេឡិចត្រូនិក ថ្មីៗផងដែរ៕