គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតូចៗភាគច្រើន ទទួលបានប្រាក់កម្ចីពីធនាគារពាណិជ្ជធំៗនៅក្នុងស្រុក ឬក្រៅស្រុក ជាមួយនឹងអត្រាការប្រាក់កម្ចីខ្ពស់ ដើម្បីយកទៅប្រតិបត្តិការផ្តល់ប្រាក់កម្ចីដល់អតិថិជនជាមួយនឹងអត្រាការប្រាក់ខ្ពស់ជាងខ្លួនខ្ចីពីធនាគារ។
👉 គួរអាន ! ថៅកែហាង Brown Coffee បង្ហើបពីរូបមន្ដ៤យ៉ាងដើម្បីជោគជ័យ
ដូច្នេះ ការដែលធនាគារជាតិនៃកម្ពុជាចេញប្រកាសភ្លាមៗ ដាក់កំហិតបន្ទាបអត្រាការប្រាក់កម្ចីមកត្រឹម១៨ ភាគរយក្នុង១ឆ្នាំ (ប្រហាក់ប្រហែលទៅនឹងធនាគារពាណិជ្ជ) នោះវានឹងធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអាចឈរជើងប្រកួតប្រជែងជាមួយនឹងធនាគារធំៗបានទេ។ ដូច្នេះ ពួកគេនឹងក្ស័យធនជាក់ជាមិនខាន។
ការប្រកាសដាក់កំហិតលឿនបែបនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើអន្តរាគមន៍លើអត្រាការប្រាក់កម្ចីជាលើកដំបូងមិនធ្លាប់មាន ដោយបានកំណត់មិនឲ្យមានអត្រាការប្រាក់កម្ចីលើសពី១៨ ភាគរយក្នុងមួយឆ្នាំ សម្រាប់កម្ចីចេញពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទាន។
ក៏ប៉ុន្តែ ធនាគារជាតិបានអះអាងថា ដើម្បីបង្ការនិងទប់ស្កាត់មិនឲ្យមានករណីបំណុលវ័ណ្ឌក កើតមាននៅក្នុងប្រទេសកម្ពុជា ធនាគារជាតិត្រូវតែសម្រេចធ្វើការកំណត់ពិដានអត្រាការប្រាក់លើប្រាក់កម្ចីតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងប្រតិបត្តិករឥណទានជនបទ ដោយកំហិតអត្រាការប្រាក់មិនលើសពី១៨ភាគរយក្នុងមួយឆ្នាំ ដោយនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះតទៅ។
គោលដៅនៃការកំណត់ថ្មីនេះដែរ ក៏ដើម្បីការពារអតិថិជនពីការទទួលកម្ចីដែលមានការប្រាក់ខ្ពស់ពេក និងដើម្បីជំរុញឲ្យមានការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចបារម្ភថា ចំណាត់ការរបស់រដ្ឋាភិបាល អាចនឹងបង្កវិបត្តិដល់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា !
លោក យុន សុវណ្ណា អគ្គលេខាធិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ការកំណត់ពិដានអត្រាការប្រាក់របស់ធនាគារជាតិនៃកម្ពុជានាពេលនេះ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់គ្រឹះស្ថានដែលជាសមាជិក ប៉ុន្តែ យើងមិនទាន់មានការសន្និដ្ឋាន ឬការវាយតម្លៃពីផលប៉ះពាល់ណាមួយនៅឡើយទេ។
អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុរូបនេះ បានឲ្យដឹងទៀតថា បញ្ហាការបន្ទាបអត្រាការប្រាក់មិនឲ្យលើសពី១៨ភាគរយនេះ វាមិនមែនជារឿងថ្មីនោះទេ ពោលគឺខាងសមាគមតែងតែបានធ្វើការពិភាក្សាជាមួយសមាជិក និងថ្នាក់ដឹកនាំសមាគមយ៉ាងមមាញឹកនៅឆ្នាំ២០១៦ កន្លងទៅ ប៉ុន្តែ សម្រាប់ប្រកាសថ្មីនេះហាក់ដូចជាវាលឿនបន្តិច ខណៈពួកគេមិនទាន់បានត្រៀមខ្លួនថា នឹងមានគោលនយោបាយពិដានអត្រាការប្រាក់នៅក្នុងដំណាក់កាលនេះទ។
បច្ចុប្បន្ន អត្រាការប្រាក់ជាមធ្យមសម្រាប់ទំហំកម្ចីចន្លោះពី១០០០ដុល្លារ ទៅ ១៥០០ដុល្លារ មានប្រមាណពី ២៥ភាគរយ ទៅ ៣០ភាគរយ ក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៦ កម្ពុជាមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ៧គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៦៣ និងប្រតិបត្តិករឥណទានជនបទ១៧០។ ហើយនៅដំណាច់ឆ្នាំ២០១៦ ទំហំកម្ចីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានកើនឡើងដល់ ៣ពាន់លានដុល្លារអាមេរិក ដែលមានអតិថិជនខ្ចីប្រាក់ប្រមាណជិត២លាននាក់៕