យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា ផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីសបង្ហាញថា ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្នុងក្របខណ្ឌ RCEP បានបង្ហាញពីទំនោរធ្លាក់ចុះ ពោលគឺនៅ៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេស RCEP សម្រេចបានជិត២២ពាន់លានដុល្លារថយចុះជាង៩% បើធៀបទៅនឹងឆ្នាំមុន។
ទោះបីទំហំពាណិជ្ជកម្មជារួមមានការធ្លាក់ចុះក្តី តែបើក្រឡេកទៅមើលការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិក RCEP នៅក្នុងរយៈពេលដូចគ្នានេះមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ជាមួយទំហំទឹកប្រាក់ជិត៦ពាន់លានដុល្លារ កើនឡើងជាង២៣% បើធៀបទៅនឹងឆ្នាំមុន។
ក្នុងនោះ វៀតណាម បានក្លាយជាទីផ្សារធំជាងគេ សម្រាប់ការនាំចេញរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ២ពាន់លានដុល្លារ បន្ទាប់មកទីផ្សារចិន ស្ថិតក្នុងចំណាត់ថ្នាក់ទី២ គឺជាង១ពាន់លានដុល្លារ ខណៈទីផ្សារកូរ៉េ គឺជាង៨៨៥លានដុល្លារ។
តាមរយៈកិច្ចព្រមព្រៀង RCEP នេះ មិនត្រឹមតែធ្វើឲ្យស្ថានភាពនៃការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា កាន់តែល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងអាចជួយទាក់ទាញវិនិយោគិន ដែលជាសមាជិក RCEP ឲ្យចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចបានវាយតម្លៃថា កត្តាដែលធ្វើឲ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយតំបន់ RCEP ហាក់មានទំនោរធ្លាក់ចុះនារយៈពេល ៩ខែឆ្នាំនេះ គឺបណ្ដាលមកពីវិបត្តិសកលលោក ដែលបានកើតឡើងជាបន្តបន្ទាប់ ពិសេសបញ្ហាសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន។
តែយ៉ាងណាលោកអះអាងថា សម្រាប់កម្ពុជា បានត្រៀមខ្លួនជាស្រេច និងមានកម្លាំងផលិតកម្មគ្រប់គ្រាន់សម្រាប់នាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារ RCEP ជាពិសេសផលិតផលកសិកម្ម និងឧស្សាហកម្មជាដើម។ យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ សង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម គឺពឹងផ្អែកទៅលើតម្រូវការ កាលណាពិភពលោកមានតម្រូវការច្រើន កម្ពុជាក៏មានឱកាសច្រើនក្នុងការនាំចេញផងដែរ។
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងមន្រ្តីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់កាលពីពេលកន្លងមកថា RCEP ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ាន ទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្ម និងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួនជាង២៦ទ្រីលានដុល្លារ។ ជាមួយគ្នានេះ RCEP តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង៣២,៥% នៃការវិនិយោគសកល។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់(RCEP) មានប្រទេសជាសមាជិកចំនួន១៥ រួមមាន៖ ប្រទសសមាជិកអាស៊ាន ចំនួន១០ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតលើពិភពលោក៕