អ្នកជំនាញអះអាងថា សម្រាប់ឆ្នាំ២០២៣នេះ អ្នកវិនិយោគដែលមានធនធាន អាចមានឱកាសទិញបានអចលនទ្រព្យនៅក្នុងទីតាំងល្អ ជាមួយតម្លៃសមរម្យ ចំពេលស្ថានភាពតម្លៃទីផ្សារហាក់នៅទ្រឹង។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីស លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន Sam Sn Realty Co.,Ltd បានកត់សម្គាល់ឃើញថា វិស័យអចនទ្រព្យលើពិភពលោក រួមទាំងកម្ពុជា ហាក់នៅរងផលប៉ះពាល់ និងមិនទាន់មានសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នៅឡើយទេ គិតមកទល់ពាក់កណ្ដាលឆ្នាំ២០២៣នេះ។ លោកឧកញ៉ា សំ សុខនឿន បានគូសបញ្ជាក់ថា បញ្ហាប្រឈមខ្លាំង ក្នុងវិស័យអចលនទ្រព្យនៅឆ្នាំ២០២៣នេះ គឺការជាប់គាំងនៃការទិញ-លក់អចលនទ្រព្យ តែម្ដង។ បើតាមអ្នកជំនាញរូបនេះ ជាទូទៅអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ តែងសម្លឹងមើលពីផលចំណេញ តាមរយៈទិញប្រភេទអចលនទ្រព្យណាមួយសម្រាប់លក់ទៅវិញនៅពេលឪកាសទីផ្សារមកដល់។ ក៏ប៉ុន្តែ អ្វីដែលជាការស្មានមិនដល់នោះ វិស័យអចលនទ្រព្យបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នារយៈពេលប្រមាណ ៣ឆ្នាំមកនេះ ដោយសារតែបញ្ហាកូវីដ១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ធ្វើប៉ះពាល់ដល់ចរន្ដសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា។ កត្តាទាំងនេះ បានធ្វើឲ្យអ្នករកស៊ីក្នុងវិស័យនេះ ជួបប្រឈមខ្លាំង ដោយសារមិនអាចលក់បញ្ចេញអចលនទ្រព្យទៅក្នុងទីផ្សារវិញបាន។
ទោះយ៉ាងណា បើតាមឧកញ៉ា សំ សុខនឿន ស្ថិតក្នុងបរិបទដែលវិស័យអចលនទ្រព្យកម្ពុជា ជួបវិបត្តិ វាក៏ជាឪកាសល្អសម្រាប់វិនិយោគិន ដែលមានធនធាន ឬទុនបម្រុងគ្រប់គ្រាន់ ឆ្លៀតឪកាសប្រមូលទិញអចលនទ្រព្យទុក ដើម្បីទទួលបានផលចំណេញនៅពេលដែលទីផ្សារអចនទ្រព្យប្រសើរឡើងវិញ។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិការណ៍នេះ សម្រាប់អ្នកដែលមានទុនបម្រុង ក៏មានឪកាសច្រើនក្នុងការស្វែងរកប្រភេទអចលនទ្រព្យដែលល្អ និងមានតម្លៃសមរម្យ ថែមទៀតផង។
ជុំវិញបញ្ហាធ្លាក់ចុះ និងហានិភ័យនៃវិស័យអចលនទ្រព្យនេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានប្រាប់ឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ពង្រឹងកិច្ចសហការយ៉ាងជិតស្និតរវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង និងឥទ្ធិពលរាលដាលទៅកាន់វិស័យផ្សេងទៀត។ ក្នុងនោះ ធនាគារជាតិនៃកម្ពុជាជំរុញគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបង្កើនការតាមដានយ៉ាងប្រុងប្រយ័ត្នចំពោះការផ្តល់កម្ចីក្នុងវិស័យអចលនទ្រព្យ ដែលអាចរងហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការធ្លាក់ចុះតម្រូវការក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន ផងដែរ។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានព្យាករថា នៅក្នុងឆ្នាំ២០២៣ នេះសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុងកំណើន ៥,៥% ជាមួយកម្រិតអតិផរណាទាបក្នុងរង្វង់ ២%។ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងគាំទ្រជាចម្បងដោយការនាំចេញទំនិញ និងការបន្តងើបឡើងលឿននៃវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធផ្សេងៗ ស្របពេលដែលកម្ពុជារំពឹង ការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសផ្សេងៗ ជួយទាក់ទាញលំហូរវិនិយោគចូលមកកម្ពុជាបន្ថែមទៀត៕