
ផែនការមេរបស់គម្រោងទីក្រុងរាម ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរីឈ្មោះ Surbana Jurong Group ហើយក្រុមហ៊ុននេះ ក៏មានតួនាទីត្រូវមើលការខុសត្រូវលើការងារវិស្វកម្មតាមតំបន់ឆ្នេរនៃគម្រោងទីក្រុងនេះផងដែរ។ បើតាមផែនការមេនៃគម្រោងនេះ នឹងបង្កើតឲ្យមានប្រព័ន្ធអេកូទេសចរណ៍ សកម្មភាពពាណិជ្ជកម្ម និងការរស់នៅ ដែលអាចមានមនុស្សរស់នៅប្រមាណជាង១៣ម៉ឺននាក់។ បន្ថែមពីនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏មានផែនការនឹងបញ្ចូលការសាងសង់មជ្ឈមណ្ឌលអាជីវកម្ម និងសណ្ឋាគារ ក៏ដូចជាផ្សារទំនើប និងរីស៊តឆ្នេរសមុទ្រជាដើម។ ក្រៅពីនោះ ក៏មានគម្រោងលំនៅដ្ឋានខុនដូ ផ្ទះឆ្នេរសមុទ្រ និងផ្ទះតម្លៃសមរម្យផងដែរ។

លោក Khong Weng Fook អគ្គនាយកក្រុមហ៊ុន Canopy Sands បាននិយាយថា នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតក្នុងស្រុកនាពេលថ្មីៗនេះថា នៅឆ្នាំ២០២៥ ជំហានដំបូងនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានឹងត្រូវបញ្ចប់។ បន្ទាប់ពីនេះ នៅ១០ឆ្នាំក្រោយ តាមផែនការ ទីក្រុងរាម នឹងត្រូវសាងសង់បញ្ចប់នូវគម្រោងដំណាក់ទី១ ហើយ១០ឆ្នាំបន្ទាប់ទៀតនឹងបន្ដចាប់ផ្ដើមសាងសង់ដំណាក់កាលទី២។ ដូច្នេះ ជារួមទៅ ការសាងសង់ទីក្រុងរាម ក្នុងទឹកដីខេត្តព្រះសីហនុនេះ នឹងត្រូវចំណាយពេលប្រមាណ១៥ ទៅ២០ឆ្នាំ៕

