បំណុល

ការ​សិក្សា​៖ ចំណូល​ពលករ​ចំណាក​ស្រុក​កាន់​តែ​ច្រើន បំណុល​កាន់​តែ​កើន! តើ​មក​ពី​ហេតុអ្វី?


ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ប្រាក់​បញ្ញើ​ពី​ក្រៅ​ប្រទេស​ដោយ​ពលករ​ចំណាក​ស្រុក​កម្ពុជា បាន​លើក​ទឹកចិត្ត​ឲ្យ​គ្រួសារ​ពួកគាត់​ខ្ចី​លុយ​កាន់​តែ​ច្រើន​ជាង​មុន ដែល​នេះ​បញ្ជាក់​ថា កាលណា​ពួក​គាត់​រក​លុយ​បាន​កាន់​តែ​ច្រើន បំណុល​ពួកគាត់​ក៏​កើន​ឡើង​ដែរ។
កសិករជួបប្រជុំគ្នា​ពិភាក្សា​អំពី​ការសន្សំប្រាក់។ (រូបតំណាង)

ក្នុង​ការ​សិក្សា​របស់​ស្ថាប័ន វេទិកា​អនាគត (Future Forum) ដែល​មាន​ចំណង​ជើង​ថា «អន្ទាក់​បំណុល​កម្ពុជា? ការ​សិក្សា​អំពី​ទំនាក់​ទំនង​រវាង​លុយ​ផ្ញើ​ចូល​និង​បំណុល​គ្រួសារ» បាន​បង្ហាញ​ថា លុយ​ដែល​ផ្ញើ​ចូល បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​កំណើន​បំណុល​ជា​អប្បបរមា ចំនួន ៦​ភាគរយ។

ការ​សិក្សា​នេះ​បាន​ពន្យល់​ទស្សនៈ​ពីរ​ផ្សេង​គ្នា​​ ដែល​ទីមួយ​​​ជាតម្រូវការ​គ្រួសារ​អ្នក​ចំណាក​ស្រុក​ក្នុង​ការ​យក​ប្រាក់​កម្ចី​ដើម្បី​បំពេញ​តម្រូវការ​ជា​ដើម​ទុន ឬ​ចំណាយ​លើ​ទ្រព្យ​សម្បត្តិ​ល្អ​និង​មិន​ល្អ ផងដែរ។

ទីពីរ នៅ​លើ​ផ្នែក​ផ្គត់ផ្គង់ អ្នក​ផ្តល់​ប្រាក់​កម្ចី ទាំង​ផ្លូវការ ទាំង​មិន​ផ្លូវការ មើល​ឃើញ​លុយ​ដែល​បញ្ជូន​ចូល ជា​យន្ដការ​នៃ​ការ​កាត់​បន្ថយ​ការ​លំបាក​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី ដោយ​ប្រាក់​ផ្ញើ​មក​ពី​ក្រៅ​ប្រទេស​នោះ មាន​តួនាទី​ជា​វត្ថុ​បញ្ចាំ​លើ​ប្រាក់​កម្ចី។

ការ​សិក្សា​នេះ បាន​និយាយ​ដូច្នេះ​ថា «ជាមួយ​លទ្ធផល​នេះ ការ​សិក្សា​​សន្មត​ថា លុយ​ដែល​រក​បាន​និង​ប្រាក់​កម្ចី ជួយ​បំពេញ​គ្នា​​ទៅ​វិញ​ទៅ​មក​ដោយសារ​តែ​ចំណូល​ហ្នឹង​បាន​បង្កើត​បន្ទុក​បំណុល​បន្ត​បន្ទាប់​ដើម្បី​ដោះស្រាយ​ភាព​លំបាក​ក្នុង​ការ​ខ្វះ​ខាត​សាច់​ប្រាក់​សម្រាប់​តម្រូវការ​ប្រើប្រាស់​ចម្បង​របស់​ពួកគាត់ សកម្មភាព​សេដ្ឋកិច្ច វិបត្ដិ និង​គោលបំណង​ផ្សេងៗ​ទៀត នៅ​ពេល​ដែល​លំហូរ​លុយ​នោះ​មិន​គ្រប់គ្រាន់។»

ការ​ស្រាវជ្រាវ​នេះ ដែល​ធ្វើ​ដោយ​លោក ឡោ សំណាង បាន​អះអាង​បន្ត ដោយ​យោង​តាម​តួលេខ​ធនាគារ​ពិភព​លោក​ថា ចំណូល​​របស់​ជន​ចំណាក​ស្រុក​បញ្ជូន​ទៅ​គ្រួសារ​របស់​ពួកគាត់​បាន​រួម​ចំណែក​ចំនួន ៣​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ហើយ​បាន​កើន​ឡើង​ចំនួន ១៦៥​ភាគរយ ពី​ឆ្នាំ​២០០៩ ទៅ​ឆ្នាំ​២០១៤ គឺ​កើន​ពី ១៤២​លាន​ដុល្លារ ទៅ​ ចំនួន ៣៧៦​លាន​ដុល្លារ។

គ្រួសារ​ភាគ​ច្រើន ដែល​មាន​ចំណូល​ពី​បង​ប្អូន​ផ្ញើ​ពី​ក្រៅប្រទេស​មក យក​ប្រាក់​កម្ចី​ពី​ស្ថាប័ន​ឲ្យ​ខ្ចី ដោយ​មិន​មាន​មូលហេតុ​ល្អ ដែល​មាន​ចំនួន ៦៣,២៤​ភាគរយ ខណ:​​ដែល​អ្នក​ខ្ចី​លុយ​មាន​ផលិតភាព​ល្អ គឺ​មាន​តែ​ចំនួន ៣៦,៧៦​ភាគរយ។

កម្ចី​ដែល​មាន​ផលិតភាព ពួកគេ​ប្រើ​លើ​សកម្មភាព​កសិកម្ម ឧទាហរណ៍​ដូចជា​ទិញ​ពូជ​ស្រូវ ធ្វើ​សួន​បន្លែ និង​ដាំ​ដំណាំ ការ​ចិញ្ចឹម​សត្វ ការនេសាទ ជាដើម ខណ:​ដែល​កម្ចី​ដែល​មិន​មាន​ផលិតភាព បាន​ប្រើប្រាស់​សម្រាប់​តម្រូវការ​ប្រើប្រាស់ ដូចជា ចំណាយ​លើ​ចំណី​អាហារ​និង​សម្លៀក​បំពាក់ជាដើម។

ការ​ស្រាវជា្រវ​នេះ​បាន​បន្ថែម​ថា «ស្ថានភាព​នៃ​ចំណូល​និង​បំណុល​នៅ​ក្នុង​បរិបទ​កម្ពុជា ក្នុង​រយៈពេល​ខ្លី អាច​ត្រូវ​បាន​មើល​ឃើញ​ជា​វិជ្ជមាន​ព្រោះ​វា​ជួយ​គ្រួសារ​ចំណាក​ស្រុក​ ធានា​នូវ​តម្រូវការ​រស់​នៅ​របស់​ពួកគាត់ ដូចជា អាហារ ការ​ដឹក​ជញ្ជូន និង​កន្លែង​ស្នាក់នៅ។ ក៏ប៉ុន្តែ ក្នុង​រយ:ពេល​វែង គ្រួសារ​ចំណាក​ស្រុក​អាច​ជំពាក់​បំណុល​ច្រើន​ពេក ដូច​ដែល​បាន​រក​ឃើញ​ថា ប្រាក់​កម្ចី​ត្រូវ​បាន​ផ្តល់​ឲ្យ​ជាទូទៅ ដោយ​មិន​មាន​ផលិតភាពល្អ។»

ដូច្នេះ​ហើយ​ការ​ស្រាវជ្រាវ​នេះ​បាន​និយាយ​ថា មុន​នឹង​ផ្តល់​ប្រាក់​កម្ចី​ដល់​គ្រួសារ​ចំណាក​ស្រុក អ្នក​ផ្តល់​ប្រាក់​កម្ចី គួរ​ពិនិត្យ​មើល​ល្អិត​ល្អន់​នូវ​ប្រវត្តិ​នៃ​ការ​​ខ្ចី សមត្ថភាព​ទូទាត់​បំណុល និង​គោល​បំណង​របស់​ពួកគាត់៕

None



អត្ថបទបន្ទាប់


ថៃ នឹងបញ្ឈប់ការនាំចូលរថយន្តជជុះ ខណៈវៀតណាម លើកទឹកចិត្តឲ្យប្រជាជនប្រើប្រាស់រថយន្តថ្មីវិញ

រាជរដ្ឋាភិបាលថៃកំពុងតែរៀបចំវិធានការបញ្ឈប់ការនាំចូលរថយន្តជជុះ តែម្តង ដើម្បីការពារបរិស្ថាន និងចូលរួមកាត់បន្ថយបញ្ហាខ្យល់កខ្វក់ នៅក្នុងប្រទេ…

កម្ពុជា នឹងក្លាយជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំមួយ នៅឆ្នាំនេះ

ប្រទេសកម្ពុជា នឹងក្លាយជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំមួយ ក្នុងចំណោមប្រទេសសមាជិកទាំង១៦ ក្រោយពីកិច្ចព្រមព្រៀងនេះ ត្រូវបានបើកការចរច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ