សម្តេចបានថ្លែងបែបនេះ នៅក្នុងឱកាសដែលទៅបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។
សម្តេចហ៊ុន សែន បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ជាឱកាសដ៏ល្អបំផុត សម្រាប់ការវិនិយោគលើវិស័យកសិកម្ម ដោយសម្តេចបានអំពាវនាវដល់កម្មករកម្មារិនីប្រមាណជាង ១៧ម៉ឺននាក់ ដែលបានបាត់បង់ការងារនៅក្នុងអំឡុងពេលនេះ ងាកទៅធ្វើការងារកសិកម្មវិញ ដោយសម្តេចបានលើកទឹកចិត្តបំផុតនោះគឺ ការចិញ្ចឹមត្រី។
សម្តេចបានបញ្ជាក់ថា « យើងហ៊ានចិញ្ចឹមប្រជាពលរដ្ឋក្នុងមួយខែ២៥លានដុល្លារ ដោយមិនទាន់គិតកម្មករ និងស្ត្រីឆ្លងទន្លេ បូកនឹងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេរហូតដល់កូនអាយុ២ឆ្នាំ ក្នុងមួយខែ យើងចំណាយប្រហាក់ប្រហែល៥០លានដុល្លារក្នុងសម័យកូវីដនេះ ម៉េចយើងមិនហ៊ាន ឥឡូវទើបតែអស់កន្លះលាន ខ្ញុំថាឲ្យចំណាយ៥លានដុល្លារថែមទៀតក៏វាមិនហួសហេតុដែរ ដើម្បីពង្រីកឲ្យកសិករយើងចិញ្ចឹមត្រី អត់ខ្លាចវិនិយោគទេ ព្រោះការវិនិយោគនេះ ជាការវិនិយោគបង្កើតការងារឲ្យកសិករ បង្កើតប្រាក់ចំណូលឲ្យកសិករ វាក៏មានតម្លៃមិនអន់ជាងការវិនិយោគធ្វើសាលារៀននោះទេ»។
បើតាមរបាយការណ៍ ដែលរដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម វេង សាខុន ប្រគល់ជូនសម្តេច ហ៊ុន សែន បានបង្ហាញថា សព្វថ្ងៃនេះ នៅទូទាំងប្រទេសកម្ពុជា មានគ្រួសារដែលមានស្រះចិញ្ចឹមត្រី ដែលធ្វើវារីវប្បកម្មមាន ៤៦ពាន់គ្រួសារហើយ ហើយអ្នកដែលមានស្រះ គឺមានជាង៤១ពាន់គ្រួសារ ។ សម្តេចហ៊ុន សែនក៏បានជំរុញក្រសួងកសិកម្ម ឲ្យគិតគូរបង្កើនចំនួនគ្រួសារចិញ្ចឹមត្រីឲ្យឡើងដល់១០ម៉ឺនគ្រួសារ តាមរយៈការវិនិយោគទឹកប្រាក់៥លានដុល្លារនេះ។
សូមជម្រាប កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវិធានការទ្រទ្រង់ ស្តារ និងជំរុញកំណើនសេដ្ឋកិច្ច នាទីស្តីការក្រសួងសេដ្ឋកិច្ច ឯកឧត្តម វង្សី វិស្សុត រដ្ឋលេធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រាប់ថា នៅក្នុងដំណាក់កាលកូវីដនេះ រដ្ឋបានបោះទុនប្រមាណកន្លះលានដុល្លារហើយ សម្រាប់ការចិញ្ចឹមត្រីរបស់ប្រជាកសិករ ដែលអាចជួយតាមរយៈការផ្តល់ពូជត្រី បច្ចេកទេស និងចំណីជាដើម ក្នុងទិសដៅ បង្កើតការងារនៅតាមទីជនបទ៕