លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជាបាន បញ្ជាក់ពីមូលហេតុដែលធ្វើឲ្យមានការរាំងស្ទះការនាំចេញអង្ករនេះ ដោយសារក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវជួបបញ្ហាក្នុងការដឹកជញ្ជូន បន្ទាប់ពីរាជរដ្ឋាភិបាលចាត់វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ និងដាក់ចេញបម្រាមហាមធ្វើចរាចរណ៍ឆ្លងកាត់ពីតំបន់មួយទៅតំនប់មួយ និងពីខេត្តមួយទៅខេត្តមួយជាដើម។
ទោះយ៉ាងណា លោក លន់ យ៉េង បន្តថា បច្ចុប្បន្ន ក្រសួងស្ថាប័នមានសមត្ថកិច្ចកំពុងធ្វើកិច្ចការលើបញ្ហានេះ ជាមួយអាជ្ញាធរក្នុងតំបន់ដែលត្រូវបិទខ្ទប់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនអង្កររបស់ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវ។ លោកអះអាងថា បញ្ហានេះ នឹងត្រូវបានដោះស្រាយក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះ។
ពាក់ព័ន្ធបញ្ហារាំងស្ទះក្នុងការនាំចេញអង្ករនេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយស្នើឲ្យអ្នកបញ្ហាទិញមានការយោគយល់ចំពោះការយឺតយ៉ាវ និងរាំងស្ទះក្នុងការដឹកអង្ករចេញរបស់កម្ពុជា។
គួរបញ្ចាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជានៅត្រីមាសទី១ ក្នុងឆ្នាំ២០២១ សម្រេចបានជាង១៥ម៉ឺនតោន គិតជាទំហំប្រាក់ជាង១០០លានដុល្លារអាមេរិក មានការធ្លាក់ចុះជាង៣៣ភាគរយបើធៀបនឹងត្រីមាសទី១នៅឆ្នាំ២០២០។ ការធ្លាក់ចុះនេះ ដោយសារការដឹកជញ្ជូនឡើងថ្លៃ និងកង្វះទូកុងតឺន័រវេចខ្ចប់អង្ករសម្រាប់នាំចេញ៕