តម្លៃស្រូវចាប់ផ្តើមកម្រើកឡើងវិញ

តម្លៃស្រូវចាប់ផ្តើមកម្រើកឡើងវិញបន្ដិចហើយ ក្រោយបញ្ហាកកស្ទះខ្លាំងនៅតាមព្រំដែនមានស្ថានភាពធូរស្បើយជាងមុន


ក្រុមឈ្មួញទិញស្រូវ និង ប្រជាកសិករនៅស្រុកគិរីវង់ខេត្តតាកែវបានអះអាងប្រាប់ខេមបូណូមីសថា តម្លៃស្រូវបានចាប់ផ្ដើមកម្រើកងើបឡើងវិញបន្ដិចហើយនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅមួយរយៈកន្លងមកនេះ។ ក៏ប៉ុន្តែការឡើងថ្លៃនេះ គឺស្ថិតក្នុងកម្រិតទាបនៅឡើយទេ បើធៀបនឹងតម្លៃស្រូវពេលមិនទាន់មានបញ្ហា។ តម្លៃស្រូវបានកំរើកឡើងវិញនេះ គឺបន្ទាប់ពីមានការជួយសម្របសម្រួលពីអាជ្ញាធរនៅតាមព្រំដែនកម្ពុជា-វៀតណាម ដែលធ្វើឲ្យបញ្ហាកកស្ទះឡានដឹកស្រូវយ៉ាងខ្លាំងត្រូវបានកាត់បន្ថយ។
តម្លៃស្រូវចាប់ផ្តើមកម្រើកឡើងវិញបន្ដិចហើយ ក្រោយបញ្ហាកកស្ទះខ្លាំងនៅតាមព្រំដែនមានស្ថានភាពធូរស្បើយជាងមុន

លោក ពិន សុភ​ន កសិករ​ម្នាក់​រស់នៅ​ភូមិ​ទួល​ស្វាយ ឃុំ​អង្គ​ប្រាសាទ ស្រុក​គី​រី​វង់ ខេត្តតាកែវ បាន​បញ្ចា​ក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា តម្លៃ​ស្រូវ​បាន​ចាប់ផ្តើម​ឡើងថ្លៃ​បន្តិច​ឡើង​វិញ​ហើយ នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ដោយ​ស្រូវ​បាយ​ទន់ ឬ ហៅ​ថា OM លក់​ចេញ ៧៧០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​ស្រូវ​បាយ​រឹង ឬ​ហៅ​ថា អ៊ី​អ៊ែ ៨៥ លក់​ចេញ ៧១០​រៀល​ក្នុង​១​គីឡូក្រាម​។ ក៏​ប៉ុន្តែ​តម្លៃ​នេះ នៅ​ទាប​នៅឡើយ​ទេ បើ​ធៀប​នឹង​តម្លៃ​ស្រូវ​ពី​មុន ដែល ស្រូវ OM អាច​លក់​ចេញ​ក្នុង​រង្វង់ ១​ពាន់​រៀល​ក្នុង​១​គីឡូក្រាម និង អ៊ី​អ៊ែ​៨៥​លក់​ចេញ​ក្នុង​រង្វង់ ៩០០​រៀល​ក្នុង​១​គីឡូក្រាម​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក ញាន ឈួ​ន ឈ្មួញកណ្តាល​ទិញ​ស្រូវ​ពី​កសិករ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​អះអាង​ដូច​គ្នា​ថា តម្លៃ​ស្រូវ​នៅ​ក្បែរ​ព្រំដែន​វៀតណាម​បាន​ហក់​ឡើងថ្លៃ​ជា​បន្តបន្ទាប់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ក្នុង​នោះ ប្រភេទ​ស្រូវ​បាយ​ទន់ ឬ OM លោក​ទិញ​ពី​កសិករ​ក្នុង​តម្លៃ​៧៧០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​ស្រូវ​បាយ​រឹង ឬ អ៊ី​អ៊ែ​៨៥ ទិញ​ក្នុង​តម្លៃ ៧១៥​រៀល​ក្នុង​១​គីឡូក្រាម​។

ការ​រើប​ឡើង​វិញ​នូវ​តម្លៃ​ស្រូវ​ក្នុងស្រុក​គិរីវង់​ខេត្តតាកែវ​មួយ​នេះ ត្រូវ​បាន​ឈ្មួញកណ្តាល​រូប​នេះ កត់សម្គាល់​ឃើញ​ថា គឺ​បន្ទាប់​ពី​មានការ​ជួយ​សម្របសម្រួល​ពី​អាជ្ញាធរ​ប្រចាំការ​នៅ​ច្រកព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ភ្នំ​ដិ​ន ដែល​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ស្រូវ​ពី​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​មាន​ភាព​ងាយស្រួល និង ចំណាយពេល​តិច​ជាង​មុន​។ កត្តា​នេះ ក៏​បាន​ជួយ​សម្រួល​មិន​ឲ្យ​មានការ​កកស្ទះ​ឡាន​ដឹកស្រូវ និង ដឹក​ទំនិញ​លើ​ផ្លូវជាតិ​លេខ​២ នៅ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដូច​ប៉ុន្មាន​ថ្ងៃមុន​ផង​ដែរ​។ 

បើ​តាម​លោក ញាន ឈួ​ន ក្រោយ​មានការ​កកស្ទះ​ឡាន​ដឹកស្រូវ​ពី​កម្ពុជា​ទៅ​វៀតណាម​ខ្លាំង តម្លៃ​ស្រូវ OM បាន​ធ្លាក់​ចុះ​រហូត​ដល់​៧៤០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​ស្រូវ​អ៊ី​អ៊ែ​រ ៨៥ ធ្លាក់​មក​ត្រឹម​៦៨០​រៀល​ក្នុង​គីឡូក្រាម​។ 

ជុំវិញ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​នេះ​ដែរ លោក លន់ យ៉េ​ង អគ្គលេខាធិការ​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់​ប្រាប់ ខេ​ម​បូ​ណូ​មី​ស ថា ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ ដែល​ជា​សមាជិក​របស់​សហព័ន្ធ បាន​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ជា​ហូរហែ ដើម្បី​ជួយ​សម្រួល​ដល់​ការ​កកស្ទះ និង​ធានា​តម្លៃ​ស្រូវ​កុំ​ឲ្យ​មានការ​ធ្លាក់​ចុះ​ខ្លាំង​។ ប៉ុន្តែ​លោក​មិន​អាច​ក្តោប​តួលេខ​ជាក់លាក់​ពី​ចំនួន ដែល​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីន​បាន​ទិញ​នោះ​ទេ​។ ពាក់ព័ន្ធ​រឿង​តម្លៃ​ស្រូវ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូប​នេះ​អះអាង​ថា តម្លៃ​ស្រូវ​នៅ​តាម​រោង​ម៉ាស៊ីន​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ពុំ​មានការ​ប្រែប្រួល​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។

គួរ​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​ធ្វើ​ដំណើរ​ចេញចូល​រវាង​កម្ពុជា​-​វៀតណាម​បណ្តោះអាសន្ន​រយៈពេល​១​ខែ ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ថ្មី​ដែល​តា ដែល​កំពុង​អុកឡុក​លើ​សកលលោក​។ វិធានការ​រឹត​បន្តឹង​នៅ​តាម​ព្រំដែន​នេះ បាន​បង្ក​ឲ្យ​មានការ​កកស្ទះ​ឡាន​ដឹក​ទំនិញ និង​ឡាន​ដឹកស្រូវ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម មានការ​ធ្លាក់​ចុះ​ជា​បន្ដបន្ទាប់​៕

None



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចកម្ពុជារង្គោះរង្គើយ៉ាងណាខ្លះ ក្រោយរដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តចំនួន៨?

អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការបិទខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជានោ…

ផ្លែចេកស្រស់ជិត ៥០០តោន ត្រូវបាននាំចេញទៅជប៉ុនជាលើកដំបូង

ផ្លែចេកស្រស់អំបូងលឿងរបស់កម្ពុជាកំពុងមានទីផ្សារកាន់តែល្អប្រសើរនៅមួយរយៈចុងក្រោយនេះ ពិសេសការនាំចេញទៅកាន់ទីផ្សារប្រទេសចិន និង វៀតណាម គឺមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ