គម្រោងមជ្ឈមណ្ឌលស្រាវជ្រាវបណ្ដុះពូជស្រូវខាងលើនេះដែរ អាចនឹងចាប់ផ្តើមជំហានដំបូងជាមួយនឹងការបង្កើតពូជស្រូវដែលត្រូវនឹងទីផ្សារចង់បាន ពូជស្រូវសមនឹងអាកាសធាតុ និងទទួលទិន្នផលកាន់តែខ្ពស់ និងអាចធានាទីផ្សារសម្រាប់កសិករយ៉ាងមានប្រសិទ្ធភាព។
លោកឧកញ៉ា ហ៊ុន ឡាក់ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន មេគង្គ អូរីហ្សា ត្រេឌីង ដែលជាក្រុមហ៊ុននាំចេញអង្ករដ៏ធំមួយរបស់កម្ពុជា បានមានប្រសាសន៍ថា គម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវបណ្តុះពូជស្រូវខ្នាតធំដំបូងគេនេះ ខាងក្រុមហ៊ុនលោកក៏បាននិងកំពុងសហការជាមួយចិន ក្នុងការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍពូជស្រូវនេះដែរ។
លោកឧកញ៉ាបានបញ្ជាក់ថា អ្វីដែលយើងកំពុងតែគិតធ្វើនេះគឺការផលិតពូជស្រូវឲ្យត្រូវនឹងទីផ្សារ ពូជស្រូវសមនឹងអាកាសធាតុ និងពូជស្រូវមានទិន្នផលខ្ពស់។ លោកឧកញ៉ាបន្តថា យើងចាប់ផ្តើមមុនគេ នៅក្នុងខេត្តបន្ទាយមានជ័យ រួចបង្កើតជាបន្តបន្ទាប់នៅខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋប្រមាណ ៧៦ម៉ឺននាក់ ក្នុងនោះ ៨០ភាគរយជាកសិករ និងក្នុងចំណោម ៨០ភាគរយនេះ ភាគច្រើន ពួកគាត់ដំាដំណាំស្រូវលើផ្ទៃដី ២៦ម៉ឺនហិកតា។
ពិតណាស់ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីចិន កាលពីពេលថ្មីៗនេះ បាននាំមកនូវគម្រោងជាច្រើនទាំងវិស័យរដ្ឋ និងឯកជន ជាពិសេស ផ្នែកខាងស្រាវជ្រាវនិងអភិវឌ្ឍន៍ និងនៅក្នុងនោះដែរ ក៏មានកសិកម្ម ផងដែរ។
លោកឧកញ៉ា ហ៊ុន ឡាក់ បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៨នេះ នឹងមានសញ្ញាល្អច្រើនសម្រាប់វិស័យស្រូវអង្ករកម្ពុជា ដែលទាមទារឲ្យមានការចូលរួមរវាងឯកជននិងរដ្ឋក្នុងការចងក្រងគ្រឹះក្រោមឲ្យខ្លាំង ដោយបង្កើតឲ្យមានសហគមន៍តាមខេត្តនីមួយៗដែលមានសក្តានុពលក្នុងការផលិតស្រូវឲ្យមាននិរន្តរភាពអាចនាំចេញលើសការរំពឹងទុក។
របាយការណ៍ពីក្រសួងកសិកម្ម បានបង្ហាញថា កំណើននាំអង្ករចេញរបស់កម្ពុជានៅតែរក្សាបាននូវតួលេខវិជ្ជមានដដែល។ តួយ៉ាង សរុបមួយឆ្នាំពេញ ឆ្នាំ២០១៧ កម្ពុជានាំអង្ករចេញបាន ៦៣៥.៦៧៩តោន ទៅកាន់ជាង ៦០ប្រទេស គិតជាកំណើនកើនជាង១៧% ធៀបនឹងគ្រាដូចគ្នាកាលពីឆ្នាំមុន។ បើពិនិត្យទៅមើលទិន្នន័យពេញ១ឆ្នាំ២០១៦ ការនាំអង្ករចេញរបស់កម្ពុជាមានតែជាង៥៤ម៉ឺនតោនប៉ុណ្ណោះ៕