ការកើនឡើងនៃការប្រើប្រាស់គ្រាប់ពូជស្រូវវៀតណាម ពីសំណាក់កសិករថៃ ដោយសារតែវាមានតម្លៃធូរថ្លៃ និងឆាប់ទទួលបានផលខ្ពស់ ជាងគ្រាប់ពូជក្នុងស្រុក ប៉ុន្តែវានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់អង្ករថៃ ដែលតែងតែអះអាងថា អង្កររបស់ខ្លួន ជាអង្ករប្រណីតគុណភាពខ្ពស់ក្នុងលោក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
បើទោះជាប្រទេសថៃ មានច្បាប់តឹងរ៉ឹងយ៉ាងណាក៏ដោយ ប៉ុន្តែកសិកររបស់ខ្លួនមិនបានគោរពខ្ជាប់ខ្ជួននោះទេ ពោលគឺពួកគេបានផ្លាស់ប្តូរទៅប្រើប្រាស់គ្រាប់ពូជស្រូវវៀតណាម ដែលមានតម្លៃធូរថ្លៃជាង និងងាយស្រួលប្រមូលផលជាងគ្រាប់ពូជស្រូវក្នុងស្រុក។
លោក Charoen Laothamatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ដីស្រែជាង ១៦ម៉ឺនហិកតា នៅភាគកណ្តាលប្រទេសថៃ បានក្លាយជាវាលស្រែដាំស្រូវពូជពីវៀតណាម ដោយគ្មាននរណាម្នាក់ អាចបែងចែកដាច់ថា មួយណាជាស្រែដាំស្រូវពូជរបស់ថៃ និងមួយណាជាស្រែដាំស្រូវពូជពីវៀតណាមឡើយ ប្រសិនបើមិនបានធ្វើតេស្ត DNA។
លោកបន្តថា ប្រសិនបើគ្មានវិធានការអ្វីនោះទេ វិស័យស្រូវអង្កររបស់ថៃទាំងមូល នឹងស្ថិតក្នុងគ្រោះថ្នាក់ ហើយតើអាចរក្សាគុណភាព និងបន្តកាន់តំណែងអ្នកនាំចេញអង្ករច្រើនបំផុតនេះបានដោយរបៀបណា។
សូមជម្រាបថា ប្រទេសថៃ មានច្បាប់ការពារគ្រាប់ធញ្ញជាតិផលិតក្នុងស្រុកដ៏តឹងរ៉ឹងមួយ ដែលជារនាំងបាំងការនាំចូលគ្រាប់ធញ្ញជាតិសំខាន់ៗពីក្រៅប្រទេស។ ដូច្នេះគ្រាប់ពូជស្រូវវៀតណាមទាំងអស់ដែលត្រូវបានដាំដុះលើដីថៃ គឺខុសច្បាប់។
គ្រាប់ពូជស្រូវវៀតណាម ដែលដាំនៅថៃ ត្រូវបានជឿជាក់ថាជាប្រភេទ Jasmine 85 ដែលអាចប្រមូលផលបានលឿនក្រោយដាំរយៈពេល ៩០ថ្ងៃ ពោលគឺកសិករអាចដាំស្រូវបានជាច្រើនដងក្នុង១ឆ្នាំ ជាពិសេសនៅភាគកណ្តាលប្រទេសថៃតែម្តង ដែលមានប្រព័ន្ធធារាសាស្រ្តល្អ។ ផ្ទុយមកវិញ គ្រាប់ពូជស្រូវថៃ គឺពិបាកក្នុងការដាំដុះជាង។ ក្នុងនោះប្រភេទគ្រាប់ពូជស្រូវប្រណិត Hom Mali គឺត្រូវចំណាយពេលរហូតដល់ ១២០ថ្ងៃ ទើបអាចប្រមូលផលបាន។
បើតាម ក្រសួងកសិកម្មថៃ បានអះអាងថា ខ្លួនបានអភិវឌ្ឍគ្រាប់ពូជ ១៧១ប្រភេទឯណោះ ដើម្បីបំពេញតាមតម្រូវការផ្សេងៗ ប៉ុន្ដែ វានៅតែមានការលេចធ្លាយការនាំចូលពូជស្រូវខុសច្បាប់ពីក្រៅប្រទេស។
គ្មាននរណាដឹងប្រាកដថា តើគ្រាប់ពូជស្រូវវៀតណាមត្រូវបានលួចនាំចូលទៅភាគកណ្តាលប្រទេសថៃ តាមណានោះទេ។ បើតាមលោក Charoen បានប៉ាន់ស្មានថា កាលពីប៉ុន្មានឆ្នាំមុន ដីស្រែ ១៦ម៉ឺនហិចតា បានប្រែទៅវាលស្រែដាំស្រូវពូជពីវៀតណាម តាមរយៈគ្រាប់ពូជដែលលួចនាំចូលដោយឈ្មួញ ដើម្បីឆ្លើយតបតាមតម្រូវការរបស់កសិករ ដែលរកគ្រាប់ពូជធូរថ្លៃជាង ហើយបានផលខ្ពស់នោះ។
ថៃគឺជាប្រទេសដែលនាំចេញអង្ករធំបំផុតក្នុងពិភពលោកជាង ៣ទសវត្សរ៍មកហើយ។ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១១មក តំណែងនេះបានធ្លាក់ទៅប្រទេសដទៃហើយ។ បច្ចុប្បន្នឥណ្ឌា គឺជាអ្នកនាំចេញអង្ករធំបំផុតក្នុងពិភពលោក ជាមួយនឹងការដឹកជញ្ជូនប្រហែល ២២លានតោន ក្នុងឆ្នាំ២០២២។ ថៃ កំពុងដណ្តើមចំណាត់ថ្នាក់លេខទី២ ជាមួយប្រទេសវៀតណាម ជាមួយនឹងការនាំចេញអង្ករចន្លោះពី ៧លាន និង ៧,៥លានតោន។ ការប្រកួតប្រជែងជាមួយវៀតណាម គឺមានភាពតានតឹងណាស់ ដោយសារថៃមិនអាចផ្តល់នូវគ្រាប់ពូជស្រូវផ្សេងៗតាមទីផ្សារ និងតម្លៃនោះទេ។ នេះបើយោងតាមវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ថៃ។
ផលិតភាពអង្ករថៃគឺមានបរិមាណទាបជាងវៀតណាម ឥណ្ឌា និងឡាវ។ កត្តានេះហើយដែលធ្វើឱ្យអង្ករថៃមានតម្លៃខ្ពស់ជាង និងកាត់បន្ថយនូវភាពឈានមុខនៃការប្រកួតប្រជែងរបស់ខ្លួន៕