ហេតុអ្វីបានជាក្រុមហ៊ុន កក់សេវាធ្វើដំណើរតាមអនឡាញ កើនឡើងច្រើន?
បើអ្នកធ្វើដំណើរតាមដងផ្លូវនៅរាជធានីភ្នំពេញ អ្នកនឹងបានឃើញនូវម៉ូតូកង់បីឬគេនិយមហៅថា កង់បីឥណ្ឌាជាច្រើន ឬមួយចំនួនជារថយន្ដ បានបំពាក់នូវកម្មវិធី App ទូរស័ព្ទដៃស្មាតហ្វូន ដែលអនុញ្ញាតឲ្យអ្នកធ្វើដំណើរអាចកក់សេវាធ្វើដំណើរតាមអនឡាញបានយ៉ាងងាយស្រួល និងឆាប់រហ័ស ដោយមិនចាំបាច់ឈរបោយដៃហៅទៀតនោះទេ។
ដោយស្នើសុំមិនបញ្ចេញឈ្មោះ ក្រុមអ្នកជំនាញក្នុងវិស័យសេវាកក់សេវាធ្វើដំណើរតាមអនឡាញ បានបញ្ជាក់ប្រាប់ខេមបូណូមីសថា អាជីវកម្មកក់សេវាធ្វើដំណើរតាមអនឡាញ Ride Hailing Apps នៅកម្ពុជា មានការរីកដុះដាលខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេ ដោយគិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុន ដែលបានផ្ដល់សេវានេះ នៅកម្ពុជា មានមិនក្រោម ២០ ក្រុមហ៊ុននោះឡើយ។ ទន្ទឹមនឹងការរីកដុះឡើងដូចផ្សិតនេះ ក៏មានក្រុមហ៊ុនខ្លះត្រូវបានរោយរាយទៅវិញជាបណ្ដើរៗផងដែរ។
មានហេតុផល មួយចំនួន ដែលជំរុញឲ្យអាជីវកម្មកក់សេវាធ្វើដំណើរតាមអនឡាញ មានសន្ទុះកើនឡើងខ្លាំង។ ទី១ ដោយសារតែ វាជាទម្លាប់របស់អ្នករកស៊ីនៅកម្ពុជាទៅហើយ ដែលតែងនិយមធ្វើការរកស៊ីតាមគ្នា។ មួយវិញទៀតនោះ គឺអាជីវកម្មនេះ ងាយក្នុងការចាប់ផ្ដើម សូម្បីនិស្សិតសាកលវិទ្យាល័យក៏អាចមានសមត្ថភាពផលិត App នេះបានដែរ ក៏ប៉ុន្ដែ ចំណុចសំខាន់នៅត្រង់ថា អ្វីជាយុទ្ធសាស្ត្រ និងចំណុចខ្លាំង ដែលអាចប្រជែង និងអាចរស់បាន ឬមិនបាននៅលើទីផ្សារ នោះទើបជាកត្តាស្លាប់រស់។
គេសង្កេតឃើញថា ក្នុងចំណោមក្រុមហ៊ុនផ្ដល់សេវាកក់សេវាធ្វើដំណើរ តាមអនឡាញទាំងអស់នៅកម្ពុជា ក្រុមហ៊ុនដែលមានឥទ្ធិពល គ្របដណ្ដប់ទីផ្សារខ្លាំងជាងគេនោះ គឺក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនអន្តរជាតិខ្នាតយក្សមួយក្នុងតំបន់។ ដោយសារតែឥទ្ធិពលប្រកួតប្រជែងមានក្រុមហ៊ុនក្នុងស្រុកជាច្រើន កំពុងរស់ទាំងលំបាកក្នុងការប្រកួតប្រជែងទីផ្សារដ៏ក្ដៅគគុកជាមួយក្រុមហ៊ុនយក្សពីបរទេសមួយនេះផងដែរ។
ក្រុមអ្នកជំនាញ បានបញ្ជាក់ថា សមរភូមិនៃសេវាកក់សេវាធ្វើដំណើរតាមអនឡាញ បានចាប់ផ្ដើមឡើងកម្ដៅកាន់តែខ្លាំងឡើងៗ បន្ទាប់ពីក្រុមហ៊ុនយក្សដែលមានមូលដ្ឋានពីសិង្ហបុរី គឺ Grab បានបន្ដធ្វើការបញ្ចុះតម្លៃសម្រាប់ការធ្វើដំណើរកាន់តែទាបជាបន្ដបន្ទាប់ ធ្វើឲ្យក្រុមហ៊ុនក្នុងស្រុកផ្ដល់សេវាដូចគ្នាដូចជា PassApp និង WeGo ជាដើម មិនអាចទប់ទល់នឹងការប្រជែងតម្លៃនេះបាន។ មិនអាចប្រជែងបាន ក៏ដោយសារតែក្រុមហ៊ុនក្នុងស្រុកទាំងនោះ មានការចំណាយថ្លៃដើមខ្ពស់ តាមរយៈការទិញនូវកម្មវិធី Platform ពីបរទេសមកប្រើ។ ការទិញ Platform ពីប្រទេស បេឡារុស មកប្រើប្រាស់នេះ ត្រូវបានអ្នកជំនាញអះអាងថា គឺដូចទៅនឹងការទិញសិទ្ធិអាជីវកម្ម Franchise របស់គេមកប្រើដែរ ពោលគឺត្រូវការបង់ថ្លៃសេវាជាប្រចាំទៅឲ្យក្រុមហ៊ុនម្ចាស់ដើម Platform នោះ។
មិនយូរទេ បើសិនជាស្ថានភាពប្រកួតប្រជែងទីផ្សារនៅតែបន្ដបែបនេះ ក្រុមហ៊ុនផ្ដល់សេវាកក់សេវាធ្វើដំណើរតាមអនឡាញក្នុងស្រុកទាំងអស់ នឹងប្រឈមមុខនឹងការដួលបាត់មុខពីទីផ្សារម្ដងមួយៗជាក់ជាមិនខានឡើយ។ នេះបើតាមការបញ្ជាក់ពីក្រុមអ្នកជំនាញ។
តើក្រុមហ៊ុនក្នុងស្រុកត្រូវត្រៀមខ្លួនបែបណាដើម្បីទប់ទល់នឹងការប្រកួតប្រជែងនេះ?
ស្របពេលដែលវិស័យកក់សេវាធ្វើដំណើរតាមអនឡាញកំពុងមានវិសាលភាពកាន់តែធំឡើងៗនៅទូទាំងពិភពលោក គេសង្កេតឃើញថា ប្រទេសនីមួយៗ បានខិតខំពង្រឹង និងលើកស្ទួយនូវសមត្ថភាពក្រុមហ៊ុនក្នុងស្រុក ដើម្បីតំណាងឲ្យសេវាកក់សេវាធ្វើដំណើរតាមអនឡាញសម្រាប់ប្រទេសរបស់ខ្លួន។
តួយ៉ាង នៅប្រទេសឥណ្ឌូនេស៊ី មាន ក្រុមហ៊ុន GoJek, នៅវៀតណាម មាន FastGo នៅចិន មាន Didi នៅជប៉ុន មានក្រុមហ៊ុន Japan Taxi ដោយក្រុមហ៊ុនទាំងនោះ សុទ្ធតែបានឈរជើងរឹងមាំក្នុងស្រុក បើទោះបីមានការចូលមកប្រជែងទីផ្សារពីសំណាក់ក្រុមហ៊ុនយក្សៗពីក្រៅដូចជា Grab និង Uber ក៏ដោយ។
បើតាមអ្នកជំនាញ បានអះអាង ប្រាប់ខេមបូណូមីសថា ហេតុផល ដែលធ្វើឲ្យក្រុមហ៊ុនផ្ដល់សេវាកក់ធ្វើដំណើរតាមអនឡាញក្នុងស្រុកនៃប្រទេសខាងលើទាំងអស់នោះ អាចឈរជើងរឹងមាំក្នុងទីផ្សារក្នុងស្រុករបស់ខ្លួន គឺដោយសារតែក្រុមហ៊ុនក្នុងស្រុកដែលផ្ដល់សេវាដូចគ្នានេះ មានភាពសាមគ្គីគ្នា ជាចរន្ដ គាំទ្រកិច្ចសហការជាធ្លុងមួយ ក្នុងការប្រើប្រាស់ Platform តែមួយ ដែលបង្កើតឡើងនៅក្នុងស្រុក ដោយមិនចាំបាច់ទិញពីបរទេស។ និងកត្តាមួយផ្សេងទៀតនោះ គឺក្រុមហ៊ុនក្នុងស្រុកទាំងនោះ មានការគាំទ្រ និងការគាំពារពីនិយ័តករ ដែលជារដ្ឋាភិបាល ពិសេសចំពោះការប្រជែងទីផ្សារ។
អ្នកជំនាញ បានគូសបញ្ជាក់ដែរថា ការប្រកួតប្រជែងលើតម្លៃ ពិតណាស់វាផ្ដល់ប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ រយៈពេលខ្លី ប៉ុន្ដែ សម្រាប់រយៈពេលវែង ប្រសិនបើការប្រកួតប្រជែងនោះ ធ្វើឡើងដើម្បីតែការវាយសង្គ្រប់យកទីផ្សារយកតែឯងផ្ដួលដៃគូជុំវិញខ្លួន វាមិនមែនជារឿងល្អនោះទេ៕