តើមានមូលហេតុអ្វីបានជារាជរដ្ឋាភិបាលកម្ពុជា នាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មានការយកចិត្តទុកដាក់ និងផ្ដោតខ្លាំងទៅលើវិស័យសេដ្ឋកិច្ច? ឆ្លើយតបនឹងសំណួរនេះ មន្រ្តីជាន់ខ្ពស់ររាជរដ្ឋាភិបាល និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា រាជរដ្ឋាភិបាលកម្ពុជាអណាត្តិទី៧នេះ គឺជារាជរដ្ឋាភិបាលសេដ្ឋកិច្ច ដោយសារនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនាអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកន្លងមក សុទ្ធសឹងតែជាកិច្ចការសំខាន់ៗ ដែលផ្ដោតទៅលើការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា។ តើយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនាអាណត្តិទី៧នេះ ផ្ដោតសំខាន់ទៅលើអ្វីខ្លះ?
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មាន ឌីជីថល ខេមបូណូមីស ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវលទ្ធផលផ្លែផ្កាជាច្រើន ដែលរាជរដ្ឋាភិបាលអាណត្តិទី៧ សម្រេចបានក្នុងរយៈពេលដ៏ខ្លី និងទឡ្ហីករណ៍ដែលធ្វើឲ្យរាជ រដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះផ្ដោតការយកចិត្តទុកដាក់ខ្លាំងលើវិស័យសេដ្ឋកិច្ច។ បើតាមឯកឧត្តម ប៉ែន បូណា មានទឡ្ហីករណ៍សំខាន់ៗចំនួន៥ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលក្នុងនោះភាគច្រើនផ្ដោតសំខាន់លើការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ដោយក្នុងនោះរួមមាន៖ ទី១-ការអភិវឌ្ឍន៍មូលធនមនុស្ស,ទី២-ពិពិធកម្មសេដ្ឋកិច្ច និងការប្រកួតប្រជែង, ទី៣-ការអភិវឌ្ឍន៍វិស័យឯកជន និងការងារ, ទី៤-ការអភិវឌ្ឍន៍ដោយចីរភាព ហើយនឹងភាពធន់នឹងបរិយាបន្ន និងទី៥-ការកសាងសង្គម-សេដ្ឋកិច្ចឌីជីថល។
តាមរយៈទឡ្ហីករណ៍ទាំងនេះអាចសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលមានចក្ខុវិស័យច្បាស់លាស់ និងភាពប្រាកដនិយម ដែលផ្ដោតសំខាន់ទៅលើលទ្ធផល ពិសេសការដាក់ចេញនូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បើតាមឯកឧត្តម ប៉ែន បូណា នៅអំឡុងឆ្នាំ១៩៩៧ អត្រាភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា មានរហូតជាង៥០% ឯណោះ ក៏ប៉ុន្តែបច្ចុប្បន្ននេះ អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹមប្រមាណ ១០%ប៉ុណ្ណោះ។ ឯកឧត្តមបន្តថា ដ្បិតក្នុងរយៈពេលដ៏ខ្លី រាជរដ្ឋាភិបាលនីតិកាលទី៧ នេះទទួលបានលទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្តែសមិទ្ធិផលផ្លែផ្កាទាំងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងត្រួសត្រាយផ្លូវរបស់អតីតថ្នាក់ដឹកនាំកម្ពុជាអាណត្តិទី៦ ដែលកត្តានេះធ្វើឱ្យឯកឧត្តមមានជំនឿថា សេដ្ឋកិច្ចកម្ពុជានឹងមានភាពរីកចម្រើនបន្ថែមទៀតនៅអាណត្តិនេះ។
ទោះបីក្នុងអំឡុងវិបត្តិកូវីដ-១៩កន្លងមក បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាជួបនូវបញ្ហាប្រឈមខ្លាំងយ៉ាងណាក្តី តែបើក្រឡេកមើលពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា នាពេលបច្ចុប្បន្ន ហាក់បានបង្ហាញសញ្ញាណវិជ្ជមានឡើងវិញគួរឲ្យកត់សម្គាល់។ ភាពរឹងមាំ និងភាពល្អប្រសើរនៃសេដ្ឋកិច្ចរបស់កម្ពុជានេះ ត្រូវបានប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលខាងលើអះអាងថា គឺបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាបន្តបន្ទាប់ ដើម្បីជួយ ជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសតាមរយៈយុទ្ធសាស្រ្តជាតិអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធតែម្តង។
សូមបញ្ជាក់ថា ដើម្បីឲ្យប្រទេសកម្ពុជា អាចឈានទៅសម្រេចចក្ខុវិស័យក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ធនាគារពិភពលោកកាលពីពេលថ្មីៗ បានអះអាងថា កម្ពុជាត្រូវមានការគិតគូរឡើងវិញជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសម្រាប់រក្សាកំណើនប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រដែលនៅសេសសល់។ បើតាមធនាគារពិភពលោក គន្លឹះសំខាន់ៗ ដើម្បីសម្រេចបានគោលដៅនេះ គឺត្រូវការអនុវត្តទៅលើកត្តាអាទិភាពសំខាន់ៗ ចំនួន៤ រួមមានការកែលម្អបន្ថែមទៀតលើបរិយាកាសធុរកិច្ច, ការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទិក, ការពង្រឹងជំនាញ និងវិធានការទប់ទល់ការប្រែប្រួលអាកាសធាតុជាដើម៕