ទោះយ៉ាងណា ភាគីអង់គ្លេសបានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា និងថា វាជាការលើកឡើងមិនពិតទាល់តែសោះ ហើយអង់គ្លេសចោទទីក្រុងម៉ូស្គូវិញថា បានបំភ្លៃរឿង ដើម្បីបង្វែរការចាប់អារម្មណ៍នៃការទទួលបរាជ័យរបស់យោធាខ្លួនជាមួយអ៊ុយក្រែនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មែនទែនទៅ បើទោះបីរុស្ស៊ីចេញមុខចោទប្រកាន់ប្រទេសអង់គ្លេស ដែលជាសមាជិកមួយនៃអង្គការណាតូជាសាធារណៈក៏ពិតមែន តែទីក្រុងម៉ូស្គូមិនបានផ្តល់ភស្តុតាងជាក់ស្តែងណាមួយទាក់ទងនឹងការវាយប្រហារទាំងអម្បាលមាណដែលខ្លួនលើកឡើងនោះទេ ចំពេលដែលប្រទេសទាំងពីរកំពុងពាក់មុខយក្សដាក់គ្នាយ៉ាងខ្លាំង តាំងតែពីមានសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែនមក។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា «ក្រុមអ្នកជំនាញយោធាអង់គ្លេស» មួយក្រុមដែលជាអង្គភាពតែមួយ ដែលបានដឹកនាំការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនមកលើកងនាវាចម្បាំងរបស់រុស្ស៊ីនៅសមុទ្រខ្មៅក្នុងតំបន់គ្រីមៀកាលពីថ្ងៃសៅរិ៍ ទី២៩ តុលា ប៉ុន្ដែ ការវាយប្រហារនោះ បានធ្វើឲ្យមានការខូតខាតបន្តិចបន្តួចប៉ុណ្ណោះ។
យោងតាមក្រសួងការពារជាតិរុស្ស៊ីបានគូសបញ្ជាក់ថា យន្តហោះគ្មានមនុស្សបើកចំនួន ៩ គ្រឿងនិងយន្តហោះដ្រូនយោធាដែនសមុទ្រ ៧ គ្រឿងផ្សេងទៀត បានហោះចូលមកវាយប្រហារទីស្នាក់ការកណ្តាលនៃកងនាវាជើងទឹករបស់រុស្ស៊ីប្រចាំសមុទ្រខ្មៅក្នុងក្រុង Sevastopol តែម្តង ដែលបានធ្វើឲ្យមានការខូតខាតដល់កប៉ាល់បោសសម្អាតមីនរុស្ស៊ីតិចតួចប៉ុណ្ណោះ។
ទន្ទឹមគ្នានេះ ក្រសួងាការពារជាតិរុស្ស៊ិបានចាត់ទុកទង្វើនេះថា «ជាការរៀបចំសកម្មភាពភេរវកម្ម ដែលមានក្រុមអ្នកជំនាញយោធាអង់គ្លេសជាអ្នកនៅពីក្រោយការហ្វឹកហ្វឺន និងណែនាំដល់កងកម្លាំងអ៊ុយក្រែននៃកងពលពិសេសទី៧៣ សម្រាប់ប្រតិបត្តិការកងទ័ពជើងទឹកដែលមានទីតាំងស្ថិតក្នុងទីក្រុងអូឆៃគីវ (Ochakiv) ប្រទេសអ៊ុយក្រែន។
មួយវិញទៀត យោងតាមព័ត៌មានដែលក្រសួងការពារជាតិរុស្សីមាន បានឱ្យដឹងដែរថា «ក្រុមជំនាញយោធាអង់គ្លេស» ដដែលនេះក៏ជាអ្នករៀបចំផែនការ និងអនុវត្តការវាយប្រហារដោយបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream១ និង Nord Stream២ នៅសមុទ្របាល់ទិកកាលពីថ្ងៃទី ២៦ កញ្ញា កន្លងទៅផងដែរ។
ផ្ទុយទៅវិញ ចក្រភពអង់គ្លេសបានបដិសេធការអះអាងទាំងអស់នេះទាំងស្រុង ដោយខ្លួនថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ដែលត្រូវបានបំភ្លៃឡើងដោយរដ្ឋអំណាចទីក្រុងម៉ស្គូទាំងនោះ គឺដើម្បីបិទបាំង និងបង្វែរការចាប់អារម្មណ៍ពីការចូលលុកលុយដោយខុសច្បាប់របស់រុស្សីទៅលើប្រទេសអ៊ុយក្រែនតែប៉ុណ្ណោះ។
ដោយឡែក លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយលើផ្សព្វផ្សាយសង្គមថា «ទីក្រុងមូស្គូនឹងស្វែងរកប្រតិកម្មពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះការវាយប្រហារភេរវកម្មជាបន្តបន្ទាប់លើសហព័ន្ធរុស្សីនេះដូចជានៅសមុទ្រខ្មៅ និងសមុទ្របាល់ទិក រួមទាំងការចូលដៃពីចក្រភពអង់គ្លេសជាដើម»។
គួរជម្រាបថា កាលពីខែកញ្ញាកន្លងទៅ មានការផ្ទុះបំពង់បង្ហូរប្រេង Nord Stream ១ និង Nord Stream ២ របស់រុស្ស៊ីភ្ជាប់ទៅកាន់តំបន់អឺរ៉ុបក្នុងសមុទ្របាល់ទិក ដោយមិនដឹងពីមូលហេតុច្បាស់លាស់។ ក្នុងនោះ ប្រទេសស៊ុយអែត និងដាណឺម៉ាក បានធ្វើការសន្និដ្ឋានថា ការលេចធ្លាយចំនួនបួនកន្លែងនៅលើបំពង Nord Stream ទាំងពីរគឺបណ្តាលមកពីការបំផ្ទុះ ប៉ុន្តែមិនទាន់អាចបញ្ជាក់ថា អ្នកណាជាអ្នកទទួលខុសត្រូវនោះទេ៕