ក្រសួងការបរទេសរុស្ស៊ីបានប្រកាសដាក់បម្រាមហាមឃាត់នេះ កាលពីថ្ងៃទី២១ឧសភា ដែលជាផ្នែកមួយនៃការឆ្លើយតបទៅកាន់អាមេរិក ដែលបានដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ដោយសារការឈ្លានពានទៅលើអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រុស្ស៊ីសង្កត់ធ្ងន់ថា សកម្មភាពអមិត្តបង្កឡើងដោយទីក្រុងវ៉ាស៊ីនតោនពេលនេះ វាបានឡងទៅរកសហរដ្ឋអាមេរិកខ្លួនឯងវិញដោយត្រឹមត្រូវជាទីបំផុត។ ការឆ្លើយតបទណ្ឌកម្មរបស់រុស្ស៊ីនេះ ត្រូវបានធ្វើឡើងទាំងបង្ខំក្នុងចេតនាបង្ខំឱ្យអាមេរិកផ្លាស់ប្តូរអាកប្បកិរិយារបស់ខ្លួន ដោយទទួលស្គាល់ការពិតភូមិសាស្ត្រនយោបាយថ្មី ខណៈដែលអាមេរិកកំពុងតែកាន់អំណាច និងព្យាយាមកែប្រែសណ្តាប់ធ្នាប់ពិភពលោកនេះ។
ក្រៅតែពីលោកចូ បៃដិន និងលោកស្រី ហារីស គឺនៅមានបុគ្គលសំខាន់ៗផ្សេងទៀត ក៏ស្ថិតនៅក្នុងបញ្ជីហាមប្រាមធ្វើដំណើរចូលរបស់រុស្ស៊ីផងដែរ រួមមានរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken លេខាធិការដឹកជញ្ជូនលោក ភីត ប៊ូទីជីក (Pete Buttigieg) រដ្ឋមន្ត្រីការពារជាតិលោក ឡយ អូស្ទីន (Lloyd Austin) និងលោកស្រី Hillary Clinton ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ដែលកាលពីមុនបានសរសើរលោក Putinនោះ គឺមិនបានស្ថិតនៅក្នុងបញ្ជីហាមប្រាមធ្វើដំណើរចូលក្នុងប្រទេសរុស្ស៊ីនោះឡើយ។ អតីតប្រធានាធិបតីដែលនៅមានជីវិតផ្សេងទៀតដូចជាលោក Barack Obama និង George W. Bush ក៏មិនមានឈ្មោះនៅក្នុងបញ្ជីនេះដូចគ្នាដែរ។
ទោះបីជាលោក Trump មិនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីនេះក៏ដោយ ប៉ុន្តែអ្នកគាំទ្រអតីតប្រធានាធិបតីរូបនេះ ត្រូវបានបញ្ចូលទៅក្នុងបម្រាមនេះ ហើយក្នុងចំណោមមនុស្ស ៩៦៣ នាក់ដែលត្រូវបានហាម មិនឱ្យចូលក្នុងរុស្ស៊ីនោះ គឺមានជាង ២៣០ នាក់ជាសមាជិកសភាសហរដ្ឋអាមេរិករួមទាំងមេដឹកនាំគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យផងដែរ។
បញ្ជីបម្រាមរបស់រុស្ស៊ីនេះក៏រួមបញ្ចូលអ្នកនយោបាយ ដែលបានទទួលមរណភាពទៅហើយផងដែរ ដូចជាអតីតព្រឹទ្ធសមាជិកលោក ចន មែកខេន (John McCain) និងមន្ត្រីមួយចំនួនទៀតរួមទាំងអតីតនាយករងនៃទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិលោកស្រី មេលីសា ឌ្រីស្កូ (Melissa Drisko) ផងដែរ។
ក្រៅតែពីអ្នកនយោបាយ នាយកប្រតិបត្តិបច្ចេកវិទ្យាដូចជាលោក ហ្សាក់ឃឺប៊ឺក និងប្រធានក្រុមហ៊ុន Microsoft លោក ប្រេដ ស្មីត (Brad Smith) ក៏ត្រូវបានហាមឃាត់ដែរ រួមទាំងអ្នកកាសែតមួយចំនួនរបស់ទូរស្សន៍ ABC News និងកាសែត The New York Times ផងដែរ។
ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ្នកឈ្នះពានរង្វាន់ Academy Award គឺលោក Freeman ក៏ស្ថិតក្នុងបញ្ជីនេះដូចគ្នា ដោយសារលោកមានការពាក់ព័ន្ធនឹងការផលិតវីដេអូមួយកាលពីខែកញ្ញា ឆ្នាំ២០១៧ដែលបានចោទប្រកាន់រុស្ស៊ីពីបទសមគំនិតប្រឆាំងសហរដ្ឋអាមេរិកនិងអំពាវនាវឱ្យមានការប្រយុទ្ធប្រឆាំងប្រទេសរុស្ស៊ី និងចោទរុស្ស៊ីថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកនៅឆ្នាំ២០១៦៕