អ៊ីរ៉ង់បញ្ជូនមីស៊ីល និងយន្តហោះដ្រូនទៅរុស្សីបន្ថែម!

រុស្ស៊ីទិញមីស៊ីល និងយន្តហោះដ្រូនពីអ៊ីរ៉ង់កាន់តែច្រើន ខណៈអ៊ុយក្រែនចំអកថា យោធារុស្ស៊ីកំពុងតែដួលរលំ


យោងតាមមន្ត្រីជាន់ខ្ពស់ និងអ្នកការទូតអ៊ីរ៉ង់ពីរនាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា អ៊ីរ៉ង់បានសន្យាថា ខ្លួននឹងផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) បន្ថែមទៀត ដែលទង្វើនេះទំនងជាធ្វើឲ្យសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតមានការខឹងសម្បារកាន់តែខ្លាំង ស្របពេលដែលអ៊ុយក្រែនបាននិយាយចំអកទៅកាន់ទីក្រុងម៉ូស្គូថា ការប្រើអាវុធអ៊ីរ៉ង់ទាំងនោះ បានសរបង្ហាញឲ្យឃើញនូវសញ្ញានៃការដួលរលំនៃកងទ័ពរុស្ស៊ីនាពេលនេះ។
រុស្ស៊ីទិញមីស៊ីល និងយន្តហោះដ្រូនពីអ៊ីរ៉ង់កាន់តែច្រើន ខណៈអ៊ុយក្រែនចំអកថា យោធារុស្ស៊ីកំពុងតែដួលរលំ

កិច្ចព្រមព្រៀងមួយត្រូវបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ៦ ខែតុលា នៅពេលដែលអនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ លោក Mohammad Mokhber និងមន្ត្រីជាន់ខ្ពស់ពីររូបទៀតមកពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ រួមជាមួយមន្ត្រីម្នាក់ទៀតមកពីក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បានទៅទស្សនកិច្ចនៅទីក្រុងមូស្គូ ដើម្បីពិភាក្សាជាមួយរុស្ស៊ីអំពីការដឹកជញ្ជូនសព្វាវុធបន្ថែម។

អ្នកការទូតអ៊ីរ៉ង់ម្នាក់ដែលត្រូវបានផ្តល់ព័ត៌មានសង្ខេបអំពីការធ្វើដំណើរនោះបាននិយាយថា «ភាគីរុស្ស៊ីបានស្នើសុំយន្តហោះគ្មានមនុស្សបើក និងមីស៊ីលផ្លោងរបស់អ៊ីរ៉ង់បន្ថែមទៀត ជាពិសេសប្រភេទមីស៊ីល Fateh និង Zolfaghar ដែលមានភាពជាក់លាក់ក្នុងការកម្ទេចគោលដៅ»។ គួរជម្រាបថា ប្រភេទមីស៊ីលទាំងពីរនេះ គឺជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់អ៊ីរ៉ង់ ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅចម្ងាយពី៣០០-៧០០គីឡូម៉ែត្រ។

លើសពីនេះ ទីក្រុងតេហេរ៉ង់ក៏បានព្រមព្រៀងផ្គត់ផ្គង់ឲ្យរុស្ស៊ីនូវយន្តហោះដ្រូនមួយប្រភេទដែលមានឈ្មោះថា «kamikaze» ដែលវាមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់តូចមួយ មុននឹងធ្វើការទម្លាក់ដើម្បីបំផ្ទុះគោលដៅណាមួយ។

ថ្មីៗនេះ អ៊ុយក្រែនបានរាយការណ៍ពីការវាយប្រហារពីសំណាក់រុស្ស៊ីដោយប្រើដ្រូនប្រភេទ kamikaze ផលិតដោយយោធាអ៊ីរ៉ង់ តែក្រសួងការបរទេសតេហេរ៉ង់កាលពីថ្ងៃអង្គារ បានច្រានចោលរបាយការណ៍របស់ទីក្រុងកៀវទាំងស្រុងដោយថា គ្មានមូលដ្ឋានច្បាស់លាស់ ខណៈដែលវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារក៏បានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបានប្រើប្រាស់យន្តហោះដ្រូនរបស់អ៊ីរ៉ង់ដើម្បីវាយប្រហារអ៊ុយក្រែនដែរ។

យ៉ាងណាមិញ លោក Volodymyr Zelenskiy បានលើកឡើងកាលពីថ្ងៃអង្គារ ទី ១៨ តុលាថា ការពឹងផ្អែករបស់រុស្ស៊ីលើយន្តហោះដ្រូនដែលផលិតដោយអ៊ីរ៉ង់ ដើម្បីវាយប្រហារគោលដៅរបស់អ៊ុយក្រែនបង្ហាញឱ្យឃើញថា ប្រទេសរុស្ស៊ីកំពុងតែដួលរលំទាំងផ្នែកនយោបាយ និងយោធា។ លោកបានបន្ថែមថា ការប្រើប្រាស់សព្វាវុធរបស់អ៊ីរ៉ង់ គឺជាការសរបង្ហាញយ៉ាងច្បាស់ពីភាពបរាជ័យរបស់រុស្ស៊ី បើទោះបីជា ខ្លួនបានខិតខំចំណាយលើឧស្សាហកម្មយោធាជាងមួយទសវត្សន៍មកនេះ ចាប់តាំងនិងក្រោយពីសម័យសហភាពសូវៀតយ៉ាងណាក្តី។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានវាយតម្លៃថា ត្រូវបានប្រើប្រាស់យន្តហោះដ្រូនដោយយោធាម៉ូស្គូទៅលើរដ្ឋធានីកៀវរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទទី១៧តុលា គឺជាយន្តហោះគ្មានមនុស្សរបស់អ៊ីរ៉ង់តែម្តង។ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី Karinne Jean-Pierre ក៏បានចោទប្រកាន់ទីក្រុងតេហេរ៉ង់ពីការភូតភរ នៅពេលដែលខ្លួនប្រកែកថា យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មិនត្រូវបានប្រើប្រាស់ដោយរុស្ស៊ីនៅអ៊ុយក្រែននោះ។

មួយវិញទៀត អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកយល់ស្របនឹងការវាយតម្លៃរបស់អង់គ្លេស និងបារាំងដែលថា អ៊ីរ៉ង់ផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់ប្រទេសរុស្ស៊ី បានបំពានលើច្បាប់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលខ្លួនគាំទ្រកិច្ចព្រមព្រៀងឆ្នាំ២០១៥នោះ។

គួរជម្រាបដែរថា កាលពីខែមុន មេបញ្ជាការកំពូលនៃកងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Hossein Salami បាននិយាយថា «ប្រទេសមហាអំណាចមួយចំនួន» កំពុងមានឆន្ទៈក្នុងការទិញឧបករណ៍យោធា និងសព្វាវុធការពារជាតិពីប្រទេសអ៊ីរ៉ង់។

ដោយឡែក លោក Rahim Safavi ទីប្រឹក្សាយោធារបស់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានសារព័ត៌មានរដ្ឋអ៊ីរ៉ង់កាលពីថ្ងៃអង្គារថា មានប្រទេសចំនួន ២២ ដែលចង់ទិញយន្តហោះគ្មានមនុស្សបើក ឬយន្តហោះដ្រូនរបស់អ៊ីរ៉ង់៕




អត្ថបទបន្ទាប់


សមាជិកសមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាយល់ព្រមនឹងអនុគ្រោះចំពោះកូនបំណុលដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានសេចក្តីថ្លែងការណ៍រួម ស្តីពីការផ្តល់ការយោគយល់ និងអន…

ការបញ្ជាទិញធ្លាក់ចុះជំរុញរោងចក្រភាគច្រើនកាត់បន្ថយការថែមម៉ោង កំពុងជះឥទ្ធិពលដល់ជីវភាពកម្មករនិយោជិតក្នុងវិស័យកាត់ដេរ

ក្រោយការបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងផលិតស្បែកជើងរបស់កម្ពុជាពីសំណាក់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិកមានការធ្លាក់ចុះបានជំរុញឲ្យរោងចក្រភា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ