រុស្ស៊ីបាញ់រ៉ុក្កែតសំដៅប្លុកអគារស្នាក់នៅរបស់ជនស៊ីវិល!

រុស្ស៊ីបាញ់រ៉ុក្កែតសំដៅប្លុកអគារស្នាក់នៅរបស់ជនស៊ីវិល បណ្ដាលឲ្យមនុស្សស្លាប់ របួស និងច្រើនទៀតកំពុងជាប់ក្រោមគំនរបាក់បែក


ក្រុមអ្នកជួយសង្គ្រោះរបស់អ៊ុយក្រែន កំពុងព្យាយាមកកាយតាមគំនរបាក់បែកនៃអគារផ្ទះល្វែងមួយប្លុក នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកមនុស្ស ដែលនៅមានជីវិត។ មនុស្សប្រមាណ២៤នាក់ ដែលក្នុងនោះមានទាំងកុមារផងដែរ ត្រូវបានគេជឿថា កំពុងជាប់គាំងនៅក្រោមគំនរបាក់បែករបស់អគារ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ដោយបានសម្លាប់មនុស្សអស់១៥នាក់។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរ៉យទ័រ។
រុស្ស៊ីបាញ់រ៉ុក្កែតសំដៅប្លុកអគារស្នាក់នៅរបស់ជនស៊ីវិល បណ្ដាលឲ្យមនុស្សស្លាប់ របួស និងច្រើនទៀតកំពុងជាប់ក្រោមគំនរបាក់បែក

ការ​វាយប្រហារ​ដោយ​រ៉ុក្កែត​លើ​ទីតាំង​ជន​ស៊ី​វិល​ក្នុង​ទីក្រុង ឆា​ស៊ីវ យា​(Chasiv Yar) ក្នុង​តំបន់ ដូ​ណេ​ក​(Donetsk) ត្រូវ​បាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ចាត់​ទុក​ថា ជា​អំពើ​ភេរវកម្ម​របស់​ទីក្រុង​ម៉ូ​ស្គូ មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​។ អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច តែង​អះអាង​ថា សង្គ្រាម​របស់​លោកពូ​ទី​ន គឺ​មាន​លក្ខណ​បែប​ចក្រពត្តិ វាតទី​ដណ្តើម​យក​ទឹកដី​របស់​ប្រទេស​ជិតខាង ហើយ​បាន​ចោទប្រកាន់​ទ​ង្វើ​ឃោ​ឃៅ​របស់​កងទ័ព​រុ​ស្ស៊ី​ថា​ជា បទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ផង​ដែរ​។ ទីក្រុង​ម៉ូ​ស្គូ​គ្មាន​ពាក្យ​អ្វី​ក្រៅ​តែ​ពី ឆ្លើយ​បដិសេធ​ថា ការ​វាយប្រហារ​របស់​ខ្លួន​មិន​បាន​សំដៅ​ជន​ស៊ី​វិល​ទេ​។

រូបភាព​ដ៏​សោកសៅ បង្ហាញ​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ប្រើ​ឡានស្ទូច ដើម្បី​លើក​បន្ទះ​បេតុង ចេញ​ម្តង​មួយ​ៗ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត ខណៈ​យូរ​ៗ​ម្តង​គេ​ឃើញ​មាន សាកសព​ត្រូវ​បាន​គេ​ទាញ​ចេញពី​គំនរ​បាក់បែក​។

សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​នៅ​ចុងខែ​កុម្ភៈ ហើយ​ត្រូវ​បាន​ចាត់ទុកជា​ជម្លោះ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ទ្វីបអឺរ៉ុប​ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២ បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់ ធ្វើ​ឱ្យ​ទីក្រុង និង​ទីប្រជុំជន​ជា​ច្រើន​ខ្ទិចខ្ទី ខណៈ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជាង ៥,៥​លាន​នាក់​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​កំណើត​របស់​ពួក​គេ​។

រុ​ស្ស៊ី​កំពុង​ធ្វើសង្គ្រាម​វាតទី​យក​ទឹកដី​នៅ​ខាងកើត​តែ ទប់ទល់​នៅ​ខាងត្បូង អ៊ុយ​ក្រែ​ន

​ដូច​បានដឹង​ស្រាប់​ហើយ​ថា​កាលពី​ខែឧសភា រុ​ស្ស៊ី​បាន​បរាជ័យ និង​បោះបង់​ចោល​គោលដៅ​កាន់កាប់​រដ្ឋធានី​កៀវ​របស់​អ៊ុយ​ក្រែ​ន ដោយ​បង្វែ​ទិស​ដៅ​ផ្តោត​ទៅ​លើ​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន និង​តំបន់ Donbas ភាគ​ខាងកើត ដែល​មាន​ខេត្ត​ចំនួន​ពីរ​គឺ Luhansk និង Donetsk ។ វិមាន​ក្រឹម​ឡាំង​ចង់​ប្រគល់​ការ​គ្រប់គ្រង​ខេត្ត​ទាំង​ពីរ​នេះ ទៅ​ឱ្យ​ពួក​បំបែក​ខ្លួន ដែល​គាំ​ដោយ​ទ្រ​រុ​ស្ស៊ី ហើយ​ដែល​បាន​ប្រកាស​ឯករាជ្យ​ផ្ដាច់​ចេញពី​ទីក្រុង​កៀវ​រួច​ហើយ​ដែរ​។

គួរ​ជម្រាប​ថា គិត​ត្រឹម​ពី​រស​ប្តា​ហ៍​មុន​រុ​ស្ស៊ី​បាន​កាន់កាប់​ទាំង​ខេត្ត​លូក​ហាន​ទាំងស្រុង ហើយ​បើ​គិត​មក​ទល់​នឹង​ពេល​នេះ ម៉ូ​ស្គូ​កំពុង​បន្ត​ការ​វាយប្រហារ ដើម្បី​គ្រប់គ្រង​ខេត្ត​ដូ​ណេ​ក​មួយទៀត​។

មិន​ដូច​ភាគ​ខាងកើត​នោះ​ទេ នៅ​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន​ឯណេះ​វិញ ទីក្រុង​កៀវ​កំពុង​បង្កើន​ការ​ផ្លោង​កាំភ្លើង​ធំ​ទំនើប​ៗ ដែល​លោក​ខាងលិច​បាន​ផ្តល់​ឱ្យ​លើ​តំបន់ Kherson ជាទី​ដែល​រុ​ស្ស៊ី​កំពុង​កាន់កាប់​។ ភាគី​អ៊ុយ​ក្រែ​ន​ព្យាយាម​យក​ទីក្រុង​មួយ​នេះ​មក​វិញ ដោយសារ​តែ​វា​ជាទី​ក្រុង​កំពង់​ផែ​ដ៏​សំខាន់ ដែល​អាច​បើកផ្លូវ​ដឹក​ជញ្ជូន​ស្បៀងអាហារ​របស់​អ៊ុយ​ក្រែ​ន ចេញ​ទៅ​តាម​សមុទ្រ​ខ្មៅ​។

សូម​បញ្ជាក់​ថា កាលពី​ស​ប្តា​ហ៍​មុន​ស្រប​ពេល​ដែល​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន នៅ​តំបន់​ដុន​បាស់ កំពុង​រង​ការ​វាយប្រហារ​កាន់តែ​សន្ធប់​ពី​កងទ័ព​រុ​ស្ស៊ី ប្រធានាធិបតី​លោកពូ​ទី​ន បាន​គំរាម​ក្រុម​ប្រទេស​ខាងលិច​ថា រុ​ស្ស៊ី​នៅ​មិន​ទាន់​ចាប់ផ្តើម​អ្វី​ៗ​មែនទែន​នៅឡើយ​ទេ ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ការ​គំរាម​នេះ ធ្លាក់​ចុះ​មក​ស្រប​ពេល​ដែល​លោក​ខាងលិច នៅ​តែ​បន្ត​ផ្តល់​សព្វាវុធ ទំនើប​ៗ​ទៅ​ឱ្យ​អ៊ុយ​ក្រែ​ន ដោយ​ក្នុង​នោះ​មាន​ទាំង កាំភ្លើង​ផ្លោង​ជំនាន់​ចុង​ក្រោយ​ផលិត​ដោយ​អា​មេ​រិ​ក ប្រភេទ M777 Howitzers (​ហូ​វីត​ហ្សឺ​) និង កាំភ្លើង​ធំ​ប្រភេទ​១៥៥​មី​ល្លី​ម៉ែត្រ​របស់​ណា​តូ​៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាមេរិកអំពាវនាវឱ្យចិន និងអាស៊ានដាក់សម្ពាធលើរបបសឹកមីយ៉ាន់ម៉ា

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានជំរុញឱ្យប្រទេសចិន និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដាក់សម្ពាធលើមេដឹកន…

នៅទីបំផុត គណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នៅតែបន្តការឈ្នះឆ្នោតភ្លូកទឹកភ្លូកដី ក្រោយលោកអាបេទទួលមរណភាព

ក្រោយពីបើកការបោះឆ្នោតជាតិជ្រើសតាំងសភាជាន់ខ្ពស់របស់ជប៉ុនកាលពីថ្ងៃអាទិត្យ ជាលទ្ធផលបក្សកាន់អំណាច ដែលមកពីគណបក្សប្រជាធិបតេយ្យសេរី (LDP) បានទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ