ក្នុងន័យនេះទីក្រុងម៉ូស្គូ នឹងធ្វើគ្រប់យ៉ាង ធ្វើយ៉ាងណាដណ្តើមយក Donbas ឲ្យបានទាំងស្រុងព្រោះតំបន់មួយនេះមានព្រំដែនជាប់ជាមួយនឹងរុស្ស៊ីស្រាប់។ ហើយអស់ពេលជាច្រើនឆ្នាំមកហើយរុស្ស៊ីបានផ្គត់ផ្គង់ដល់ក្រុមឧទ្ទាមផ្តាច់ទឹកដីនិយមដើម្បីធ្វើព្យុះភ្លៀងក្នុងតំបន់មួយនេះ។
ប្រធានាធិបតីអ៊ុយក្រែនលោកហ្សេលេនស្គី បាននិយាយថា ការបាញ់ផ្លោងរបស់រុស្ស៊ីជាបន្តបន្ទាប់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗស្ទើរតែទាំងអស់ នៅក្នុងទីក្រុងសៀវរីរ៉ូដូណេក (Sievierodonetsk) ជាទីក្រុងធំចុងក្រោយដែលបន្តស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែនប្រចាំតំបន់លូហាន់(Luhansk)។ លូហាន់ក៏ជាផ្នែកមួយនៃតំបន់ភាគខាងកើតដ៏ធំរបស់ដុនបាសផងដែរ។
នៅក្នុងសារវីដែអូដូចសព្វមួយដង ប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡេនស្គីបានទទួលស្គាល់ពីស្ថានការណ៍លំបាកខ្លាំងសម្រាប់ទ័ពអ៊ុយក្រែននៅក្នុងតំបន់ដុនបាស់ហើយ ហើយបានសន្យាថា នឹងធ្វើគ្រប់យ៉ាងដើម្បីទប់ទល់នឹងការវាយប្រហាររុលចូលមករបស់កងទ័ពរុស្ស៊ី។ លោក ហ្សេលេនស្គីលើកឡើងបែបនេះថា៖ ការក្តោបយកទីក្រុង សៀវរីរ៉ូដូណេក (Sievierodonetsk) គឺជាកិច្ចការចំបងរបស់រុស្ស៊ី ប៉ុន្តែកងទ័ពអ៊ុយក្រែននឹងខំឲ្យអស់ពីសមត្ថភាពដើម្បីទប់ស្កាត់ការក្រសោបយកនេះឲ្យបាន។
ការអះអាងបែបនេះពីប្រធានាធិបតីអ៊ុយក្រែន ធ្វើឡើង នៅគ្រាដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសេរឺហ្កី ឡាវរ៉ូវបានអះអាងច្បាស់ៗដែរថា ការរំដោះយកតំបន់ គឺជាអាទិភាពដោយគ្មានលក្ខខណ្ឌសម្រាប់ប្រទេសរុស្ស៊ី។
កងកម្លាំងអ៊ុយក្រែននៅតំបន់ Donbas បានបង្ហោះសារលើបណ្តាញសង្គម Facebook ថា ពួកគេបានឈរជើងការពារពេញមួយថ្ងៃតែម្តងកាលពីថ្ងៃអាទិត្យ។ កងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងទៅលើសហគមន៍ចំនួន ៤៦នៅក្នុងតំបន់ ដូណេកនិង លូហាន់ ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៣នាក់ និងរបួស ២នាក់ផ្សេងទៀត។ ប្រហែល៩០%នៃអគារត្រូវបានខូចខាត។ ជាងពីរភាគបីនៃលំនៅឋានត្រូវបានបំផ្លាញទាំងស្រុង ខណៈប្រព័ន្ធទំនាក់ទំនង សាធារណៈត្រូវបានកាត់ផ្តាច់ផងដែរ។
សូមជម្រាបថា ទន្ទឹមនឹងការសន្យាទប់ទល់ការវាយប្រហាររបស់រុស្ស៊ីឲ្យបាន លោកហ្សេលេនស្គី បានអញ្ជើញទៅដល់សមរភូមិមុខ ហើយបានជំរុញឱ្យលោកខាងលិចផ្តល់អាវុធ សម្រាប់បាញ់រយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងស្ថានការណ៍សង្គ្រាម ដែលបានឈានចូលដល់ខែទី៤ទៅហើយនោះ។ ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថាសព្វាវុធទាំងនេះ នឹងត្រូវផ្តល់ឲ្យអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ៕