រុស្ស៊ីព្រមានពិភពលោកអំពីហានិភ័យ

រុស្ស៊ីព្រមានថា «មនុស្សជាតិនឹងជួបហានិភ័យ» បើសិនជាប្រទេសលោកខាងលិចនៅតែបន្តដាក់ទណ្ឌកម្ម


អតីតប្រធានាធិបតីរុស្ស៊ី និងបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានព្រមានជាថ្មីម្តងទៀតថា ការប៉ុនប៉ងរបស់ប្រទេសបស្ចិមលោក ក្នុងការដាក់ទណ្ឌកម្មលើមហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៊ីនេះ បាននឹងកំពុងធ្វើឲ្យ«មនុស្សជាតិទាំងមូលធ្លាក់ចូលទៅក្នុងហានិភ័យ» ដោយសារតែជម្លោះជិតប្រាំខែមកនេះ បានធ្វើឱ្យទីក្រុងនានាស្ទើរក្លាយផេះផង់ ព្រមទាំងមានមនុស្សរាប់ពាន់នាក់បាត់បង់ផ្ទះសម្បែង។ នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ។
«មនុស្សជាតិនឹងជួបហានិភ័យ» បើទណ្ឌកម្មបន្តដាក់លើមហាអំណាចនុយក្លេអ៊ែរដូចរុស្សី!
ដោយ

ព្រឹត្តិការណ៍ឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនដោយមិនបានប្រាប់មុន នៅថ្ងៃទី២៤ ខែកុម្ភកន្លងទៅ បានបង្កឱ្យមានវិបត្តិធ្ងន់ធ្ងរបំផុតនៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិច បើគិតចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២ ដែលពេលនោះមនុស្សម្នានាំគ្នានិយាយថា ពិភពលោកកំពុងស្ថិតនៅមាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរយ៉ាងពិតប្រាកដ។

គួរជម្រាបថា នៅប៉ុន្មានខែមុនប្រធានាធិបតីអាមេរិក លោក Joe Biden បានហៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយឥតលាក់លាមថា ជាឧក្រិដ្ឋជនសង្គ្រាម ហើយបានកៀរគរសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់អ៊ុយក្រែន និងដាក់ទណ្ឌកម្មយ៉ាងគំហុកទៅលើប្រទេសរុស្ស៊ី។

ការណ៍ទាំងអស់នេះហើយ បានធ្វើឲ្យលោក Medvedev ដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីបានចេញមុខជាថ្មី និងថ្លែងនៅលើ Telegram កាលពីថ្ងៃពុធនេះថា៖ «រាល់គំនិតក្នុងការដាក់ទណ្ឌកម្មទៅលើប្រទេស ដែលមានអាវុធនុយក្លេអ៊ែរដ៏ធំបំផុតក្នុងលោកនោះ គឺពិតជាមិនសមហេតុសមផល និងមិនអាចទទួលយកបានជាដាច់ខាត ថែមទាំងអាចបង្កការគំរាមកំហែងដល់ការរស់រានមានជីវិតនៃមនុស្សជាតិផងដែរ»។

យ៉ាងណាមិញ បើយោងទៅតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិកបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកបានគ្រប់គ្រងប្រហែល ៩០% នៃក្បាលគ្រាប់នុយក្លេអ៊ែររបស់ពិភពលោក ជាមួយនឹងក្បាលគ្រាប់ប្រហែល ៤០០០ គ្រាប់នៅក្នុងឃ្លាំងយោធារបស់ពួកគេរៀងៗខ្លួន។

មួយវិញទៀត លោក Medvedev បានចាត់ទុកសហរដ្ឋអាមេរិកថា ថាជាប្រទេសចក្រពត្តិនិយមដែលបានបង្កការបង្ហូរឈាមពាសពេញពិភពលោក ពីការសម្លាប់ជនជាតិដើមអាមេរិក ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅលើប្រទេសជប៉ុននៅចុងសម័យសង្គ្រាមលោកលើទី២ និងសង្គ្រាមជាច្រើនទៀតរាប់ចាប់ពីសង្គ្រាមនៅវៀតណាមរហូតដល់អាហ្វហ្គានីស្ថាន។

ក្នុងសារថេលេក្រាមនោះដែរ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានបន្ថែមថា «ការប៉ុនប៉ងប្រើប្រាស់តុលាការ ឬសាលាកាត់ក្តីណាមួយ ដើម្បីស៊ើបអង្កេតពីសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងគ្មានបានលទ្ធផលអ្វីនោះទេ និងជាការប្រថុយនឹងការបំផ្លិចបំផ្លាញពិភពលោកតែម្តង»។ ខណៈដែល ប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចបានចោទប្រកាន់កងទ័ពរុស្ស៊ីថា ជាអ្នកបានចូលរួមក្នុងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមមនុស្សជាតិ។

បើងាកទៅមើលស្ថានភាពសង្គ្រាមនៅអ៊ុហក្រែនវិញ ឃើញថាថ្មីៗនេះ បុរសខ្លាំងរុស្ស៊ីលោក ពូទីន បានអបអរពីជ័យជម្នះដ៏ធំធេងរបស់ខ្លួន ដែលកងទ័ពរុស្សីបានដណ្តើមកាន់កាប់ខេត្តលូហានក៍ (Luhansk) ពីដៃកងទ័ពអ៊ុយក្រែន ហើយក៏បានបញ្ជាឲ្យកងទ័ពររបស់ខ្លួនបន្តធ្វើសង្គ្រាមបន្តទៀតដើម្បីសម្រេចគោលដៅ។

គួរជម្រាបថា គោលដៅរបស់រុស្សី គឺដើម្បីវាយគ្រប់គ្រងយកមកវិញតំបន់ដុនបាស ដែលមានខេត្តលូហានក៍ (Luhansk) និងដូណេតស៍ (Donetsk) មកឲ្យពួកបំបែកខ្លួនវិញ។ ហើយបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានកំពុងបើកការវាយលុកទៅលើខេត្ត Donetsk ផងដែរ។

កាលពីថ្ងៃពុធនេះ យោធាអ៊ុយក្រែនបានប្រាប់ថា កងទ័ពរុស្សីបានរុលចូលទៅក្នុងទីក្រុងស្លូវៀនស៍ (Sloviansk) ភាគខាងជើងខេត្ត Donetsk ដែលកងកម្លាំងរុស្សីបានដាក់សម្ពាធកាន់តែខ្លាំងឡើងដោយបានបាញ់ស្រោចគ្រាប់ផ្លោង និងទម្លាក់គ្រាប់បែកធុនធ្ងន់ជាច្រើនទៅលើទីប្រជុំជនអ៊ុយក្រែននៅក្នុងទីក្រុងនោះផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនមិនបានកំណត់គោលដៅក្នុងការវាយប្រហារលើជនស៊ីវិលទេ តែកងទ័ពរុស្សីប្រើប្រាស់អាវុធដែលមានភាពជាក់លាក់ខ្ពស់ ដើម្បីកម្ទេចការគំរាមកំហែងផ្នែកយោធានៅក្រុងនោះតែប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ អភិបាលក្រុងខាកៀវ លោកអ៊ីហូ ថេរីខូវ (Ihor Terekhov) បាននិយាយតាមទូរទស្សន៍ជាតិអ៊ុយក្រែនថា៖ ក្រៅពីតំបន់ Donbas ទីក្រុងខាកៀវ (Kharkiv) ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន កំពុងត្រូវបានទទួលរងនូវការបាញ់ផ្លោងដោយកាំភ្លើងធំរបស់រុស្ស៊ីសាជាថ្មី។

លោកបានបន្ថែមថា៖ «រុស្ស៊ីកំពុងព្យាយាមធ្វើឲ្យមានភាពចលារចលនៅក្នុងទីក្រុងខាកៀវ តែវាមិនអាចទៅរួចទេ។ កងកម្លាំងអ៊ុយក្រែនបានរុញច្រានកងកម្លាំងរថពាសដែករបស់រុស្ស៊ីបានយ៉ាងល្អពីទីក្រុង Kharkov នៅដើមដំបូងនៃសង្រ្គាម ហើយលោក Terekhov បានបង្ហើបប្រាប់ថា បច្ចុប្បន្នមានប្រជាជនរស់នៅប្រហែល ១ លាននាក់នៅក្នុងទីក្រុងនេះ មិនទាន់ត្រូវបានជម្លៀសចេញនៅឡើយទេ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

None



អត្ថបទបន្ទាប់


កត្តាអ្វីខ្លះ ជំរុញឲ្យតម្លៃមាសនៅកម្ពុជាធ្លាក់ចុះខ្លាំងនៅសប្ដាហ៍នេះ?

ហាងឆេងតម្លៃមាសនៅកម្ពុជាបានធ្លាក់ចុះមកវិញបណ្តើរៗហើយ ក្រោយមានការកើនឡើងជាបន្ដបន្ទាប់ ចាប់ទាំងពីរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែនមក។ បើតាមការ…

ប្រធានាធិបតីស្រីលង្កាស្នើសុំលោក ពូទីន ឲ្យជួយផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់ប្រទេសរបស់ខ្លួន ដែលកំពុងជួបវិបត្តិ

ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បាននិយាយថា លោកបានស្នើសុំជំនួយពី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យជួយប្រទេសស្រីលង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ