លោកនីគីតា យ៉ូហ្វេរេវ (Nikita Yuferev) ដែលជាសមាជិកក្រុមប្រឹក្សាម្នាក់បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា «ចៅក្រមបានសម្រេចថា កិច្ចប្រជុំក្រុមប្រឹក្សាជាបន្តបន្ទាប់កន្លងមក គឺមិនត្រឹមត្រូវ ដោយបើកផ្លូវឱ្យបំបែក និងរំសាយដោយអភិបាលថ្នាក់តំបន់»។
សមាជិកក្រុមប្រឹក្សាម្នាក់ទៀតគឺលោក ឌីមេទ្រី ប៉ាយ៉ូហ្កា (Dmitry Palyuga) បាននិយាយថា «តុលាការដដែលបានពិន័យលោកជាទឹកប្រាក់៧៨០ដុល្លារ ជាសំណងសម្រាប់ការបង្ខូតកិត្តិយសអាជ្ញាធរ បន្ទាប់ពីលោកអំពាវនាវឲ្យដកតំណែងលោក ពូទីន។ ទោះយ៉ាងណា អ្នកសារព័ត៌មានរបស់រ៉យទ័រមិនទាន់អាចទាក់ទងមន្ត្រីតុលាការរុស្សីនោះ ដើម្បីសុំការបភ្លឺបាននៅឡើយទេ។
ជាមួយគ្នានេះ អ្នកនយោបាយបួននាក់ទៀត នៃក្រុមប្រឹក្សាតំបន់ស្មូលនីនស្កូយ (Smolninskoye) នឹងត្រូវបង្ហាញខ្លួន តាមការកោះហៅរបស់តុលាការនៅពីរថ្ងៃបន្ទាប់ទៀត។
កាលពីសប្តាហ៍មុន សមាជិកសភាមួយក្រុមបានអំពាវនាវទៅកាន់សភាជាន់ទាបរុស្សី ដោយចោទប្រកាន់លោក ពូទីន ពីបទក្បត់ជាតិ និងស្នើឲ្យដកហូតអំណាចដោយលើកហេតុផលថា បានធ្វើឲ្យបាត់បង់យោធា និងខូតខាតដល់សេដ្ឋកិច្ចជាតិរុស្សីយ៉ាងធ្ងន់ធ្ងរនៃការធ្វើសង្គ្រាមនៅអ៊ុយក្រែន។
អនុប្រធានក្នុងតំបន់ម្នាក់ទៀតបាននិយាយថា តំណាងរាស្រ្តចំនួន ៦៥ នាក់មកពីទីក្រុង St Petersburg ទីក្រុងម៉ូស្គូ និងតំបន់មួយចំនួនផ្សេងទៀត បានចុះហត្ថលេខាលើញត្តិមួយ ដែលទាមទារឲ្យលោក ពូទីន ចុះចេញពីតំណែងផងដែរ។
ខណៈដែលការចេញជំហរប្រឆាំងមិនមានការគំរាមគំហែងដល់ការក្តោបក្តាប់អំណាចរបស់លោក ពូទីន នោះ អ្នកជាប់ឆ្នោតតំណាងរាស្ត្រ និងប្រជាជនរុស្ស៊ី ដែលមានចេញមុខប្រឆាំងទាំងនោះទៀតសោតកំពុងប្រឈមមុខនឹងបទចោទ «ពីបទបង្ខូតកិត្តិយស» ដល់យោធារុស្សី និងការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនាផងដែរ។
ជាមួយគ្នានេះ សមាជិកក្រុមប្រឹក្សា លោក ប៉ាយ៉ូហ្កា បានប្រាប់ទីភ្នាក់ងាររ៉យទ័រមុនសវនាការកាលពីថ្ងៃអង្គារថា «មិនត្រឹមតែប្រជាជនរុស្ស៊ីប៉ុណ្ណោះទេ អ្នកដែលស្មោះស្ម័គ្រនិងលោក ពូទីន ក៏មានការងឿងឆ្ងល់នឹងភាពបរាជ័យជាបន្តបន្ទាប់របស់យោធាខ្លួននៅលើសមរភូមិអ៊ុយក្រែនដែរ ដោយការចេញមុខប្រឆាំងពីអ្នកនយោបាយផ្ទៃក្នុងនាពេលថ្មីនេះ គឺបានធ្វើឡើងក្រោយពីកងទ័ពអ៊ុយក្រែនបានយកឈ្នះលើកងទ័ពរុស្សី និងបានដណ្តើមមកវិញនូវក្រុង និងទឹកដីសំខាន់ៗជាច្រើនក្នុងខេត្ត Kharkiv។
ដោយឡែក អ្នកវិភាគនយោបាយឯករាជ្យរុស្ស៊ី លោកស្រី តាជាណា ស្តេណូវ៉ាយ៉ា (Tatiana Stanovaya) បាននិយាយថា៖ «ហានិភ័យដ៏ធំចំពោះវិមានក្រឹមឡាំង មិនស្ថិតនៅក្នុងការតវ៉ារបស់ក្រុមប្រឹក្សាផ្ទាល់ទេ ប៉ុន្តែជាស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៃការឆ្លើយតបដ៏តឹងរ៉ឹងទៅវិញ»។
លោកស្រីបានបន្ថែមថា ប្រតិកម្មហួសហេតុ អាចបណ្តាលឲ្យមានការខូតខាតនយោបាយផ្ទៃក្នុងរបស់រដ្ឋាភិបាលលោក ពូទីន ជាងញត្តិដែលបានដាក់នោះទៅទៀត។
ទន្ទឹមនឹងភាពរង្គោះរង្គើផ្ទៃក្នុងនេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី ១៣ ខែកញ្ញាថា «ការអត់ឱនត្រូវបានធ្វើឡើងក្នុងព្រំដែនច្បាប់ ដរាបណាសកម្មភាពពួកគេស្ថិតក្រោមច្បាប់ នោះគឺជាទស្សនពហុនិយម តែពួកគេក៏ត្រូវប្រុងប្រយ័ត្នដែរនៅលើរឿងនេះ»។