សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន៖ សង្គ្រាមឈ្លានពានរុស្ស៊ីនៅអ៊ុយក្រែន ធ្វើឲ្យស្លាប់ជនស៊ីវិលច្រើនជាងយោធាទៅទៀត


រដ្ឋន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយថា សង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ដែលបានអូសបន្លាយមកជាង២សប្ដាហ៍មកនេះ បានសម្លាប់ជីវិតជនស៊ីវិលច្រើនជាងកងទ័ពអ៊ុយក្រែនទៅទៀត ហើយលោក ចង់ឲ្យពិភពលោកបានដឹងពីរឿងនេះ ។
ទិដ្ឋភាពមួយនៃការខូចខាតដែល​បង្កឡើងដោយសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ។ រូបថត Twitter@Ukraine
ដោយ

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះ ធ្វើឡើងនៅគ្រាដែលគណៈប្រតិភូអ៊ុយក្រែនបានជួបចរចាជាមួយនឹងភាគីរុស្ស៊ីជាច្រើនលើកមកហើយ ប៉ុន្ដែ នៅមិនទាន់រកច្រកចេញក្នុងការឈានទៅបញ្ចប់សង្គ្រាម ឬឲ្យមានបទឈប់បាញ់ជាផ្លូវការណាមួយនៅឡើយទេគិតមកទល់នឹងពេលនេះ។

លោក អូលិកស៊ី រ៉េននីកខូវ (Oleksii Rennikov) រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយនៅថ្ងៃសុក្រនេះថា សង្គ្រាមឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ីមកលើអ៊ុយក្រែន គឺបានសម្លាប់អាយុជីវិតជនស៊ីវិលស្លូតត្រង់អ៊ុយក្រែន ច្រើនជាងទាហានរបស់អ៊ុយក្រែនទៅទៀត។ ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះ មិនបានបញ្ជាក់ពីតួលេខលម្អិតនៃចំនួនអ្នកស្លាប់នោះទេ។ 

យ៉ាងណាមិញ កាលពីថ្ងៃព្រស្បតិ៍ម្សិលមិញនេះ ជាជំនួបចរចាការទូតកម្រិតខ្ពស់មួយរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយមានវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរជួបនិយាយទល់មុខគ្នាផងដែរ នៅក្នុងប្រទេសតួកគី ក៏ប៉ុន្ដែ ជំនួបនេះ មិនទទួលបានលទ្ធផលផ្កែផ្កា ឬមានការព្រមព្រៀងលើបទឈប់បាញ់ដូចដែលបានរំពឹងទុកនោះទេ។ 

ការវាយប្រហារគ្នានៅតាមទីក្រុងមួយចំនួន រួមទាំងរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែនក៏នៅតែបន្ដធ្វើឡើងយ៉ាងក្ដៅគគុកដដែល។ បើតាមការរាយការណ៍ពីសារព័ត៌មាន BBC រដ្ឋធានីអ៊ុយក្រែន និងតំបន់ជុំវិញនោះ នៅតែបន្ដស្ថិតក្រោមការវាយប្រហារ ដោយកងទ័ពរុស្ស៊ី។ ពលរដ្ឋអ៊ុយក្រែន បានភៀសខ្លួនទៅកាន់ភាគខាងលិចកាន់តែច្រើនឡើង ដើម្បីស្វែងរកទីសុវត្ថិភាព ខណៈដែលអ្នកផ្សេងទៀត ក៏បានស្វែងរកកន្លែងសុវត្ថិភាពពីការវាយឆ្មក់តាមផ្លូវអាកាស ដោយបានទៅពួនសម្ងំនៅតាមស្ថានីយរថភ្លើងក្រោមដីជ្រៅៗជាដើម។

យ៉ាងណាមិញ នៅពេញមួយយប់ថ្ងៃទី ១០ខែមីនា មានការបាញ់បំផ្ទុះគ្រាប់បែកនៅភាគខាងជើងទីក្រុងឈឺនីហីវ ដែលបានធ្វើឲ្យប្រព័ន្ធផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុងនេះត្រូវបានរំខាន។ ក្រុមហ៊ុនគ្រប់គ្រងការផ្គត់ផ្គង់ទឹក ក៏បានជូនដំណឹងដែរថា ពួកគេកំពុងតែធ្វើការជួសជុលប្រព័ន្ធទឹកឡើងវិញ ក្រោយពីមានការខូចខាតដោយសារការទម្លាក់គ្រាប់បែក។

ថ្មីៗនេះដែរ រុស្ស៊ីបានចេញមុខចោទអ៊ុយក្រែនថា បានឃុបឃិតគ្នាជាមួយអាមេរិក កំពុងបង្កើតអាវុធជីវសាស្ត្រ ដើម្បីយកមកប្រយុទ្ធទប់ទល់ជាមួយរុស្ស៊ី ប៉ុន្ដែ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី នៅថ្ងៃទី ១០ខែមីនាក៏បានចេញមុខច្រានចោលការចោទប្រកាន់នេះ។ 

សូមបញ្ជាក់ថា ក្រោយសង្គ្រាមផ្ទុះឡើងជាមួយនឹងអ៊ុយក្រែនបានប៉ុន្មានថ្ងៃ និងមានការរងសម្ពាធទណ្ឌកម្មពីលោកខាងលិច លោកពូទីន ប្រធានាធិបតីរុស្ស៊ី ក៏បានបញ្ជាឲ្យមានការប្រុងជើងការអាវុធនុយក្លែអ៊ែររបស់ខ្លួនផងដែរ។ ជុំវិញនឹងអាវុធនុយក្លែអ៊ែរនេះដែរ ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសជប៉ុនបាននិយាយនៅថ្ងៃសុក្រនេះថា វាគឺជារឿងដែលអាចទៅរួច ដែលប្រធានាធិបតីរុស្ស៊ីនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរបស់ខ្លួនដើម្បីប្រឆាំងនឹងអ៊ុយក្រែន នៅចំពោះមុខជាមួយនឹងការតស៊ូដ៏ខ្លាំងក្លារបស់អ៊ុយក្រែនក្នុងការប្រឆាំងនឹងរុស្ស៊ី។ 

ទោះយ៉ាងណា ឯកឧកអគ្គរដ្ឋទូតអ៊ុយក្រែនរូបនេះ ក៏ដូចជាប្រធានាធិបតីអ៊ុយក្រែនផងដែរ បានប្រកាសរួចហើយថា អ៊ុយក្រែននឹងតស៊ូប្រយុទ្ធដល់ដង្ហើមចុងក្រោយ ទោះត្រូវប្រយុទ្ធនៅក្នុងព្រៃ និងដេកតាមដងផ្លូវក៏ដោយ។ គេសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះ សង្គ្រាមហាក់លេចចេញនូវទ្រង់ទ្រាយរាលដាលធំឡើងៗ ដោយទាំងប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានបើកទ្វារប្រទេសទទួលយកយុទ្ធជនពីប្រទេសដទៃដែលស្មគ្រចិត្តចូលរួមធ្វើសង្គ្រាម។ ជាក់ស្ដែង ប្រធានាធិបតីរុស្ស៊ី លោកពូទីន បាននិយាយនៅថ្ងៃសុក្រនេះថា លោកចង់អនុញ្ញាតឲ្យអ្នកស្មគ្រចិត្តធ្វើសង្គ្រាមប្រឆាំងនឹងកងទ័ពអ៊ុយក្រែន ហើយនឹងយល់ព្រមប្រគល់ប្រព័ន្ធចាប់មីស៊ីលរបស់លោកខាងលិច ទៅឲ្យក្រុមឧទាមគាំទ្ររុស្ស៊ីផងដែរ។ 

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មកទល់ពេលនេះ មានអ្នកស្មគ្រចិត្តជាង១ម៉ឺន៦ពាន់នាក់ហើយ មកពីមជ្ឈមបូព៌ា  ដែលគេបានដឹងថា ភាគច្រើនមកពីប្រទេសស៊ីរី គឺបានមកចូលរួមជាមួយកងទ័ពរុស្ស៊ី ដើម្បីប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន។ ខណៈដែលខាងភាគីអ៊ុយក្រែនវិញ ក៏ធ្លាប់ប្រកាសថា ខ្លួនក៏ទទួលបានអ្នកស្មគ្រចិត្តចូលធ្វើសង្គ្រាមដើម្បីប្រឆាំងនឹងរុស្ស៊ីរាប់សែននាក់ផងដែរ៕




អត្ថបទបន្ទាប់


សេចក្តីរំឭក​ចងចាំ​និង​សមិទ្ធផល​របស់លោក Hung-Ching Yung, JP (榮鴻慶先生)

ព័ត៌មាន
ហុងកុង ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ -- ក្រុមប្រឹក្សាភិបាលនៃធនាគារពាណិជ្ជស៊ាងហៃ មានការសោកស្ដាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក Hung-Ching Yu…

លោកពូទីនថា ទណ្ឌកម្ម​ទាំងអស់​នឹង​ធ្លាក់​លើលោក​ខាង​លិច​វិញ ហើយ​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​កាន់តែ​ខ្លាំង​ជាងមុន

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទណ្ឌកម្មដែលដាក់ប្រឆាំងនឹងរុស្ស៊ីនឹងត្រូវវិលទៅប៉ះពាល់ប្រទេសលោកខាងលិចវិញជាមិនខានឡើយ ពិសេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ