ដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីលដែលមានឈ្មោះថា L-SAM ត្រូវបានបាញ់បង្ហោះសាកល្បងដោយជោគជ័យ ពីកន្លែងសាកល្បងនៅតំបន់ ទៀន(Taean) មានចម្ងាយ១៥០គីឡូម៉ែត្រ ភាគនិរតី នៃរដ្ឋធានីសេអ៊ូល។ យ៉ាងណាក៏ដោយ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបដិសេធ មិនបញ្ជាក់បន្ថែមជុំវិញសេចក្តីរាយការណ៍របស់យ៉ន់ហាបទេ។
ភាពតានតឹងនៃឧបទ្វីបកូរ៉េបាននិងកំពុងកើនឡើងជាលំដាប់ ក្រោយការសាកល្បងមីស៊ីល ស្ទើរគ្រប់ប្រភេទរបស់កូរ៉េខាងជើង បានធ្វើឡើងជាបន្តបន្ទាប់កាលពីខែមុខ។ ខែមករា គឺជាខែដែលមានកំណត់ត្រាថ្មីមួយសម្រាប់ការសាកល្បងមីស៊ីលរបស់ព្យុងយ៉ាង ដោយក្នុងនោះមានការបាញ់បង្ហោះយ៉ាងហោចណាស់ចំនួន៧ដង រួមទាំងការតេស្តសាកល្បងមីស៊ីលប្រភេទថ្មី ដែលជាមីស៊ីលល្បឿនលឿនមានសមត្ថភាពគេចផុតពីប្រព័ន្ធរ៉ាដាថែមទៀត។
បើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍ និងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង ប្រព័ន្ធខែល L-SAM គឺជា ប្រព័ន្ធខែលការពារ និងស្ទាក់ចាប់មីស៊ីល ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍ ដើម្បីការពារប្រឆាំងនឹងកាំជ្រួច ឬការគម្រាមកំហែងដែនអាកាសនានា ដែលស្ថិតនៅកំពស់ខ្ពស់។
នៅក្នុងផែនការអភិវឌ្ឍន៍គេចង់ឱ្យវា ចាប់គោលដៅក្នុងរយៈកំពស់ពី ៥០គីឡូម៉ែត្រទៅ៦០ គីឡូម៉ែត្រ ហើយគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៦។ ប៉ុន្តែសារព័ត៌មាន យ៉ុនហាប់បាននិយាយថា ការធ្វើតេស្តកាលពីថ្ងៃពុធ បានបង្កើនការរំពឹងទុកថា ការដាក់ពង្រាយឲ្យប្រើប្រាស់ អាចត្រូវបានធ្វើឡើងមុនការកំណត់។
គួរជម្រាបថា ក្រៅតែពីផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីលសម្រាប់ប្រើប្រាស់ដោយខ្លួនឯង កូរ៉េខាងត្បូង ក៏ចង់ធ្វើការនាំចេញឧបករណ៍ស្ទាក់ចាប់កាំជ្រួចថ្មីចុងក្រោយរបស់ខ្លួននេះ មួយចំនួនផងដែរ។ ជាក់ស្តែង សេអ៊ូលកាលពីខែមករាបានចុះហត្ថលេខាលើលក់ប្រព័ន្ធស្ទាក់ចាប់មីស៊ីល KM-SAM ទៅកាន់ប្រទេសអារ៉ាប់រួម ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៣,៥ពាន់លានដុល្លារអាមេរិក៕