ដំណឹងចុងក្រោយបំផុត ជុំវិញ​ការវិលត្រឡប់របស់អតីត​បក្ស​ប្រឆាំង!

បច្ចុប្បន្នភាព​៖ អតីត​មេបក្ស​ប្រឆាំង​មក​ដល់​ម៉ាឡេស៊ីហើយ (៩ វិច្ឆិកា ២០១៩)


ដំណឹង​ថ្មី​បំផុត​ជុំវិញ​ការ​ប៉ុនប៉ង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ​នៃ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម​ រង្ស៊ី ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ពិភព​លោក រាយការណ៍ថា លោក សម រង្ស៊ី បាន​ចុះ​ចត​ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ប្រទេស​ម៉ាឡេស៊ី​ហើយ នារសៀល​ថ្ងៃទី៩ វិច្ឆិកា ២០១៩​នេះ។
លោក សម រង្ស៊ី ត្រូវគេ​ឃើញ​ឱប​គ្នា​ជាមួយ​អ្នកគាំទ្រ នៅព្រលានយន្ត​ហោះ ទីក្រុងកូឡាឡំពួរ ប្រទេស​ម៉ាឡេស៊ី នាថ្ងៃទី៩ វិច្ឆិកា ២០១៩។ រូបថត twitter
ដោយ

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ពិភពលោក Reuters នៅថ្ងៃសៅរ៍ (ទី៩ វិច្ឆិកា)នេះ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចុះ​ចត​នៅ​ក្នុង​ទីក្រុង​កូឡាឡំពួរ ប្រទេស​ម៉ាឡេស៊ី​ហើយ ហើយ​ក៏​ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី​អនុញ្ញាត​ឲ្យ​ចូល​ផង​ដែរ។ 

នៅមុននេះ​បន្តិច នៅ​ឯ​ប្រទេស​កម្ពុជា​ឯ​ណេះ​វិញ ក្រសួងការ​បរទេស​​បាន​ប្រកាស​ចាត់​ទុក​ជា​មោឃៈ​នូវ​លិខិត​ឆ្លងដែន​របស់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន ១២​នាក់ ខណៈ​ដែល​អតីត​មេដឹកនាំ​បក្ស​មួយ​នេះ លោក សម រង្ស៊ី បាន​ប្រកាស​ផងដែរ​ថា លោក​បាន​ឡើង​យន្តហោះ​ចេញ​ពី​ប្រទេស​បារាំង​ហើយ ប៉ុន្តែ មិន​ប្រាប់​ថា​ ទៅ​ប្រទេស​ណា​នោះ​ទេ។

យោងតាម​ឯកសារ​ដែល​មាន​ដាក់​ពាក្យ​ថា «បន្ទាន់» ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​និយាយ​ថា ក្រសួង​«មាន​កិត្តិយស​ជូន​ដំណឹង​ថា លិខិត​ឆ្លងដែន​ធម្មតា​របស់​ជន​ជាតិ​កម្ពុជា​ខាង​ក្រោម ត្រូវ​បាន​ចាត់​ទុក​ជាមោឃៈ។»

យោងតាម​ឯកសារ​ដដែល​នោះ អតីត​មេបក្ស​ប្រឆាំង រួមមាន អតីត​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ គឺលោកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង អតីត​តំណាងរាស្រ្ត លោក ឡុង រី និង លោក ហូ វ៉ាន់។

ចំណែកឯ​លោក​ សម រង្ស៊ី វិញ គាត់​បាន​ប្រកាស​តាម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ថា លោក​បាន​ឡើង​យន្តហោះ ចាកចេញ​ពី​ទីក្រុង​​ប៉ារីស​ហើយ ប៉ុន្តែ គាត់​មិន​បាន​និយាយ​ថា ចេញ​ទៅ​ប្រទេស​មួយ​ណា​ទេ។

ជាមួយនឹង​រូបគាត់​កាន់​កាបូប ហ្វេសប៊ុក​នោះ សរសេរ​ដូច្នេះ​ថា «ថ្ងៃ​នេះ លោក សម រង្ស៊ី ឡើង​យន្តហោះ ពី​ទីក្រុង​ប៉ារីស ឆ្ពោះ​ទៅ​គោលដៅ​មួយ​ទៀត។»

នៅថ្ងៃទី៩ ខែ​វិច្ឆិកា​នេះ ផងដែរ មាន​ការ​រឹត​បន្តឹង​សន្តិសុខ​ខ្លាំង ​នៅ​​ព្រលាន​​យន្តហោះ​​អន្តរជាតិ​ភ្នំពេញ និង​នៅតាម​ច្រក​ព្រំដែន​គោក​អន្តរជាតិ​ប៉ោយ​ប៉ែត ជា​ថ្ងៃ​ដែល​លោក សម រង្ស៊ី បាន​ប្រកាស​ថា នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ។

រដ្ឋាភិបាល​បាន​ហៅ​ផែនការ​ត្រឡប់​មក​វិញ​នេះ ថា ជា​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ។

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព បាន​និយាយ​តាម Twitter នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ ថា រថយន្ត​របស់​ក្រុម​ការងារ​គាត់ ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​ស្រុក​ម៉ាឡៃ ជា​បណ្តោះ​អាសន្ន នៅពេល​ព្យាយាម​ឆែកឆេរ​រក​អាវុធ ប៉ុន្តែ ពួកគាត់​មិន​យល់​ព្រម​ទេ លើកលែង​តែ​មាន​ដីកា។

អ្នកស្រី ចក់ សុភាព បាន​បន្ត​ថា បន្ទាប់​ពី​ការ​ពិភាក្សា​ពីរ​បី​នាទី​មក បញ្ហា​នោះ​ត្រូវ​បាន​ដោះស្រាយ។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​តាម​​តេឡេក្រាម នៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា​នេះ ថា ការត្រៀម​លក្ខណៈ​ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សេចក្តី​សុខ​របស់​ប្រជាជន គឺ​ជា​តួនាទី​និង​ភារកិច្ច​របស់​រដ្ឋាភិបាល។

លោក សុខ ឥសាន បាន​បន្ត​ថា ការចាត់​វិធាន​ការ​លុបចោល​សុពលភាព​លិខិត​ឆ្លងដែន គឺ​ជា​«វិធានការ​ត្រឹមត្រូវ​ចំពោះ​បណ្តា​ជន​ដែល​ប្រឆាំង»៕




អត្ថបទបន្ទាប់


ធនាគារអេស៊ីលីដា ជាប់ចំណាត់​ថ្នាក់ជា ធនាគារមាន​សុវត្ថិភាព​ខ្ពស់ ពី ស្ថាប័នហិរញ្ញវត្ថុ​អន្តរ​ជាតិ

ស្ថានប័នហិរញ្ញវត្ថុពិភពលោក បានធ្វើការសិក្សាតាមដានអង្កេតជាពិសេសមួយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទៅលើធនាគារពាណិជ្ជធំៗល្បីៗចំនួន ១១០ នៅជុំវ…

សេដ្ឋកិច្ចឌីជីថលរបស់ថៃ រំពឹងនឹងកើនដល់ ៥០ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៥

សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ ត្រូវបានគេព្យាករថា នឹងមានទំហំ ១៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ជាប់លំដាប់ថ្នាក់ទី ២ ក្រោមប្រទេសឥ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ