បើតាមការអះអាងរបស់សម្តេចធិបតី កម្ពុជានឹងមានការតភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសមួយចំនួន ពិសេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខនេះ។
នាពិធីបើកបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ»នៅខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ដែលជាវិស័យរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានងើបឡើងវិញជាបណ្តើរៗហើយ។ សម្តេចធិបតី ជឿជាក់ថា វិស័យទេសចរណ៍ដែលជាសសរស្ដម្ភមួយដ៏សំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច នឹងអាចវិលមករកប្រក្រតីភាពឡើងវិញ ដូចមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩ នៅឆ្នាំ២០២៥ ខាងមុខនេះ។
ការរំពឹងបែបនេះ ធ្វើឡើងក្រោយ សម្តេចធិបតី មើលឃើញសន្ទុះលំហូរភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នៅមួយរយៈចុងក្រោយ គួបផ្សំកម្ពុជា បានដាក់គោលនយោបាយមួយចំនួនក្នុងការទាក់ទាញភ្ញៀវទេសចរ និងបានកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន។ ជាពិសេសកម្ពុជានឹងតភ្ជាប់ជើងហោះហើរត្រង់ថ្មីៗជាមួយប្រទេសមួយចំនួន ជាពិសេសឥណ្ឌា ដែលជាទីផ្សារទេសចរណ៍ដ៏ធំមួយរបស់ពិភពលោកតែម្តង។
យ៉ាងណាក៏ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាក្រសួងទេសចរណ៍ខិតខំបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យបានយូរជាងមុន ក៏ដូចជាធ្វើឱ្យផលិតទេសចរណ៍របស់កម្ពុជា កាន់តែសម្បូរបែប។ ក្នុងនោះសម្តេចជំរុញឱ្យក្រសួងពាក់ព័ន្ធអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំគូលែនឱ្យក្លាយជាទេសបែបវប្បធម៌ធម្មជាតិឱ្យកាន់តែទាក់ទាញបន្ថែមទៀត ដើម្បីអមជាមួយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២៣ កន្លងទៅកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥លាននាក់ ដោយរកចំណូលបានជាង៣ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងឆ្នាំ២០២៤ នេះ ក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជាង៦លាននាក់៕