ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យភាគីជប៉ុន បង្កើនលទ្ធភាពទិញផលិតផលរបស់កម្ពុជា ឲ្យបានច្រើន ពិសេសផលិតផលកសិកម្ម ដែលមានសក្ដានុពល។ នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មានរួមគ្នា នៅថ្ងៃទី២០ ខែមីនា រវាងកម្ពុជា-ជប៉ុន នាអំឡុងដំណើរទស្សនកិច្ច២ថ្ងៃនៅកម្ពុជារបស់នាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម គីស៊ីដា ហ្វូមីអូ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ តែទំហំពាណិជ្ជកម្មរវាងកម្ពុជា-ជប៉ុន នៅតែមានស្ថិរភាពក្នុងរង្វង់ជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០២១កន្លងទៅនេះ។ ចំណែក ការវិនិយោគរបស់ជប៉ុន នៅកម្ពុជា បានងើបឡើងវិញ នៅឆ្នាំ២០២១ បន្ទាប់ពីបានធ្លាក់ចុះយ៉ាងគំហុកដោយសារកូវីដ-១៩ នៅឆ្នាំ២០២០។
បើតាមសម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីស្ដារសេដ្ឋកិច្ច និងពង្រីកទំហំពាណិជ្ជកម្មទ្វេរភាគី សម្ដេចស្នើឲ្យនាយករដ្ឋមន្រ្តីជប៉ុនលោក គីស៊ីដា ជួយទិញផលិតផលកម្ពុជា ជាពិសេសផលិតផលកសិកម្មអាទិភាពរបស់កម្ពុជា ឱ្យបានកាន់តែច្រើន ក៏ដូចជាលើកទឹកចិត្តឲ្យក្រុមហ៊ុនធំៗ និងល្បីៗរបស់ជប៉ុន ឱ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើនផងដែរ។
បន្ថែមលើការស្នើឲ្យប្រទេសជប៉ុន ជួយទិញផលិតផលរបស់កម្ពុជា និងជំរុញការវិនិយោគ បន្ថែមនៅកម្ពុជា សម្ដេច ហ៊ុន សែន ក៏បានស្នើដល់ភាគីជប៉ុន ផងដែរ ដើម្បីពិចារណាចាប់ផ្តើមសិក្សាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន បន្ថែមលើការទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀង RCEP ផងដែរ។
នៅក្រោយជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ភាគីកម្ពុជា-ជប៉ុន ក៏បានចេញសេចក្តីថ្លែងការណ៍រួម ដែលផ្ដោតសំខាន់លើបញ្ហាទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំពីរ ផងដែរ។
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បាន ពិភាក្សា និងបានយល់ស្របក្នុងការ ទទូចឱ្យមានការបញ្ឈប់ការប្រើកម្លាំងជាបន្ទាន់ និងដកកម្លាំងយោធាចេញពីទឹកដីអ៊ុយក្រែន, ជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ា អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ឱ្យបានឆាប់រហ័ស និងជួយសម្រួលដល់ការចែកចាយជំនួយមនុស្សធម៌ដល់ប្រជាជន, ការសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តសាកល្បងមីស៊ីលបាលីស្ទីក របស់កូរ៉េខាងជើង ក៏ដូចជាជំរុញឱ្យប្រទេសពាក់ព័ន្ធរក្សាសន្តិភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រចិនខាងត្បូងជាដើម។
សូមបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន ឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានមកទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២៕