ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះ បានសរសេរនៅក្នុងឯកសារមួយរបស់ខ្លួន ដែលបានដាក់ទៅកាន់រដ្ឋាភិបាលអាមេរិកកាលពីចុងខែកុម្ភៈកន្លងទៅនេះថា ក្រុមហ៊ុនកំពុងស្វែរកការកាត់បន្ថយពន្ធរួមគ្នាដែលមានតម្លៃដល់ទៅ ប្រមាណជិត១ពាន់៥រយលានដុល្លារ នៅក្នុងរយៈពេល២០ឆ្នាំ ពីអាជ្ញាធរតំបន់ Travis Country និង ទីក្រុងអូស្ទីន។
អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយទៅកាន់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនរបស់ខ្លួនពិតជាបាននិងកំពុងសិក្សាអំពីលទ្ធភាពពង្រីករោងចក្រពិតមែន តែមិនបានបញ្ជាក់លម្អិតពីគម្រោងនោះទេ។
សូមបញ្ជាក់ថា បច្ចុប្បន្នផលិតផលបន្ទះឈីបនេះ កំពុងមានការខ្វះខាតច្រើនសម្រាប់តម្រូវការពិភពលោក ដោយវាត្រូវយកមកប្រើប្រាស់សម្រាប់ការផលិតឧបករណ៍អេឡិចត្រូនិកជាច្រើនដូចជាទូរស័ព្ទដៃ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិកដទៃទៀត។
ថ្មីៗនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏លើកឡើងពីផែនការ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ បន្ទះឈីបនិងផលិតផលសំខាន់ៗជាយុទ្ធសាស្ត្រមួយចំនួនទៀត ជាមួយកោះតៃវ៉ាន់ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដោយមិនចង់ពឹងផ្អែកលើផលិតផលមកពីប្រទេសចិនតទៅទៀតទេ៕