លោកយាយ ហេង យេត ជាពលរដ្ឋរងគ្រោះដោយសារការបាក់ច្រាំងទន្លេមួយរូប ក្នុងចំណោមពលរដ្ឋរងគ្រោះជាច្រើនគ្រួសារផ្សេងទៀត ដែលរស់នៅក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បានថ្លែងទាំងទឹកមុខជ្រីវជ្រួញថា ៖ «ភ័យខ្លាចខ្លាំងហ្មង តែធ្វើម៉េច យើងប្រជាជន។ ចេះតែទ្រាំទៅ ធ្វើម៉េចយើងនៅមាត់ទន្លេហើយ»។
លោកយាយបានរស់នៅក្នុងភូមិកោះគរនេះ យូរយារណាស់មកហើយ។ ហើយបើតាមការសង្កេតរាប់សិបឆ្នាំកន្លងមកនេះ មិនធ្លាប់មានករណីបាក់ច្រាំងទន្លេធ្ងន់ធ្ងរដូចសព្វថ្ងៃបែបនេះទេ។ ប៉ុន្តែ ចាប់តាំងពីមានការបូមខ្សាច់នៅក្នុងទន្លេ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការបាក់ច្រាំងទន្លេបានកើតមានឡើងជាបន្តបន្ទាប់ បណ្ដាលឲ្យគ្រួសារខ្លះបាត់បង់ដីធ្លី ទ្រព្យសម្បត្តិ ផ្ទះសម្បែង ហើយការខូចខាតទាំងនោះមិនធ្លាប់ទទួលបានសំណងម្ដងណាឡើយ។
លោកយាយ យេត ថ្លែងថា ៖ «ខ្ញុំរស់នៅនេះយូរណាស់ហើយហ្នឹង អត់ធ្លាប់បាក់ហេ៎ ដល់គេមកបូមខ្សាច់ហ្នឹងហ្មង។ រឿងសំណងពិបាកដែរហ្នឹង ទៅទារគេម៉េច។ ឮតែដោះស្រាយៗ គ្មានបានស្អីទេ។ អារឿងបាក់ដី គឺដោយសារបូមខ្សាច់ហ្នឹងហើយ គ្មានគ្រោះធម្មជាតិអីទេ»។
និយាយបណ្តើរ ដោយយូរៗលើកក្រមាបក់ឲ្យចៅនៅក្នុងដៃម្ដង លោកយាយ យេត បានរៀបរាប់ទាំងជ្រួញចិញ្ចើមថា សព្វថ្ងៃ លោកយាយក៏ដូចជាក្រុមគ្រួសាររស់នៅក្នុងការភ័យខ្លាចខ្លាំងតែម្ដង តែហេតុផលដែលបន្តរស់នៅលើដីដដែលនោះ គឺដោយសារតែគ្មានជម្រើសអ្វីផ្សេង។
ដោយសារតែរឿងរ៉ាវបានកើតឡើងសម្រាប់អ្នកភូមិកោះគរទាំងមូល អ្នកស្រី យ៉ុង វណ្ណារី អាយុ ២៤ឆ្នាំ ដែលជាស្ត្រីមេផ្ទះម្នាក់ ក៏បានរៀបរាប់បញ្ហាដែលបានកើតឡើង ខណៈកំពុងលាងចានបណ្ដើរថា សព្វថ្ងៃ អ្នកស្រីនិងក្រុមគ្រួសារ កំពុងរស់នៅក្នុងការភ័យខ្លាច ដោយសារដីក្រោយផ្ទះចាប់ផ្ដើមបាក់បណ្ដើរៗ ហើយផ្ទះរបស់អ្នកស្រីក៏ចាប់ផ្ដើមប្រេះដល់ខាងក្នុងដែរ។
អ្នកស្រី យ៉ុង វណ្ណារី ថ្លែងថា ៖ «ភ័យដែរហ្នឹងណា៎ ព្រោះអីប្រេះដល់ក្នុង ខ្លាចតែដេកសុខៗវា [បាក់] ទៅ។ ភ័យរឿងកូនៗ ខ្លាចទៅមាត់ច្រាំងមាត់អីចឹងទៅ។ ពីមុនៗមក [ការបាក់ដី] ក៏វាមិនដល់ថ្នាក់ហ្នឹងដែរ តាំងពីធំដឹងក្ដីមក វាមិនអ៊ីចឹងទេ»។
អ្នកស្រីក៏ដូចជាពលរដ្ឋរងគ្រោះទាំងអស់ ចង់បានការដោះស្រាយដោយផ្ដល់ជាសំណងខ្លះៗ ជុំវិញផលប៉ះពាល់នៃការបាក់ច្រាំងទន្លេនេះ។ ហើយសព្វថ្ងៃនេះ សូម្បីតែបោកខោអាវ ងូតទឹក ឬការប្រើប្រាស់បន្ទប់ទឹក គឺអ្នកស្រីត្រូវទៅផ្ទះសាច់ញាតិ ព្រោះលែងហ៊ានចូលបន្ទប់ទឹកខ្លួនឯងដែលចាប់ផ្ដើមប្រេះដោយសារតែការបាក់ច្រាំងទន្លេ។
អ្នកស្រី វណ្ណារី ៖ «ចង់ឲ្យគេមកមើល ជួយដោះស្រាយ ហើយផ្ដល់សំណងខ្លះផង ព្រោះគ្នាមានកន្លែងណានៅ។ បោកខោអាវ បត់ដៃបត់ជើង ងូតទឹកអី ទៅផ្ទះក្មួយណ៎»។
មិនខុសគ្នាពីការលើកឡើងរបស់ពលរដ្ឋខាងលើ លោក សុខ ចាន់ត្រា អាយុ ៤២ឆ្នាំ ដែលជាពលរដ្ឋរងគ្រោះមួយរូបដែរនោះ បានលើកឡើងពីកង្វល់ថា ការដេកពួនរាល់ថ្ងៃរបស់លោកពីរនាក់ប្ដីប្រពន្ធ ស្ថិតក្នុងការភ័យខ្លាច ព្រោះដីក្រោយផ្ទះចាប់ផ្ដើមបាក់ស្រុតជាបន្តបន្ទាប់ ក្រោយមានការបូមខ្សាច់ទន្លេ នារយៈពេល២ឆ្នាំចុងក្រោយនេះ។
លោក ចាន់ត្រា ថ្លែងថា ៖ «ការបាក់ច្រាំងនេះ ពួកខ្ញុំជាប្រជាពលរដ្ឋ ដេករាល់ថ្ងៃមានការភិតភ័យ។ បាក់ច្រាំងនេះ មិនមែនជារឿងធម្មជាតិទេ គេហៅថា ដោយសារការបូមខ្សាច់។ មុនៗ ប្រជាពលរដ្ឋនៅដងទន្លេហ្នឹង អត់ទាន់ដែលមានបាក់ច្រាំងធ្ងន់ធ្ងរអីចឹងទេ បូមខ្សាច់ហើយបានប្រហែល២ឆ្នាំ ចាប់ផ្ដើមបាក់បន្តបន្ទាប់”។
កាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុន ឡេង ជីន គ្រុប (LENG CHIN GROUP Co, Ltd) បានទទួលអាជ្ញាប័ណ្ណបើកអណ្ដូងរ៉ែ និងបើកការដ្ឋានវាយថ្ម លេខ ០៨៨ រថ.អធរ.ប្រក ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ និងបានធ្វើវិសោធនកម្មដោយប្រកាសលេខ ១៨៥ រថ.រស.ប្រក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ក្រុមហ៊ុននេះបានចាប់ផ្ដើមបូមខ្សាច់នៅក្នុងតំបន់បាក់ច្រាំងទន្លេខាងលើ កាលពីអំឡុងឆ្នាំ២០១៧។
យោងតាមកិច្ចសន្យាធ្វើឡើងរវាងភាគីក្រុមហ៊ុន ជាមួយនឹងប្រជាពលរដ្ឋ ដោយមានការដឹងឮពីមេឃុំរកាខ្ពស់ ដែលចុះកាលបរិច្ឆេទ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ មានចំណុចមួយ សរសេររៀបរាប់ថា ៖ ក្នុងករណី ភាគី ក (ក្រុមហ៊ុន) ធ្វើការបូមខ្សាច់បង្កឲ្យមានផលប៉ះពាល់ ឬខូចខាតដល់ដំណាំ ដីធ្លី ផ្ទះ និងសំណង់ផ្សេងៗរបស់ភាគី ខ (ពលរដ្ឋ), ភាគី ក ត្រូវទទួលខុសត្រូវសងរាល់ការខូចខាតទាំងអស់ ដល់ ភាគី ខ តាមការខូចខាតជាក់ស្ដែង ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។ ប៉ុន្តែ ជាក់ស្ដែង នៅពេលបាក់ច្រាំងទន្លេ បង្កការខូចខាតដល់ទ្រព្យសម្បត្តិ ពលរដ្ឋនៅភូមិកោះគរមិនធ្លាប់ទទួលបានសំណងម្ដងណាឡើយ។
បន្ទាប់ពីមានការបាក់ស្រុតដី ធ្វើឲ្យលោក ចាន់ត្រា បាត់បង់ដីក្រោយផ្ទះប្រមាណ១០ម៉ែត្រ មិនអាចដាំដំណាំផ្សេងៗបានតទៅទៀត និងធ្វើឲ្យពាងទឹក បង្គន់ ទុយោទឹក ដាច់បាក់ធ្លាក់អស់។ ហើយលោកមិនសង្ឃឹមថា ទទួលបានសំណងសមរម្យណាមួយពីភាគីក្រុមហ៊ុននោះទេ។
លោកបានថ្លែងថា ៖ «ខ្ញុំអស់ប្រហែល១០ម៉ែត្រ។ កាលមិនទាន់បាក់ ដីហ្នឹងអាចដាំជីរស្លឹកគ្រៃ ស្វាយអីបានខ្លះ។ បន្ទាប់ពីបាក់ហើយ ពិបាករឿងទឹកសម្រាប់ប្រើប្រាស់ ទុយោក៏ដាច់អស់ ពាងអីក៏ធ្លាក់ទៅអស់ដែរ ពិបាកបូមទឹកឡើង។ រឿងសំណង ខ្ញុំមិនសង្ឃឹមសោះហ្មង»។
ទាក់ទងនឹងផលប៉ះពាល់នៃការបូមខ្សាច់នេះ សកម្មជនអង្គការមាតាធម្មជាតិ កញ្ញា លឹម គឹមស័រ លើកឡើងថា ជាជាញឹកញាប់ អាជ្ញាធរតែងតែរកលេសថា ការបាក់ច្រាំងទន្លេគឺបណ្ដាលមកពីកត្តាធម្មជាតិ ទាំងដែលដើមចមពិតប្រាកដ គឺមនុស្សជាអ្នកបង្ក។
កញ្ញា លឹម គឹមស័រ ៖ «បើយើងនិយាយពីរឿងខ្សាច់ ភាគច្រើនឲ្យតែពេលមានការបាក់ច្រាំង ប៉ះពាល់ដល់ប្រជាជន អាជ្ញាធរតែងតែលើកហេតុផលថា វាជាគ្រោះធម្មជាតិ។ ប៉ុន្តែ ធាតុពិត វាមិនមែនជាគ្រោះធម្មជាតិទេ ការពិត បើមនុស្សយើងមិនបំផ្លាញវា ក៏វាមិនមានគ្រោះធម្មជាតិហ្នឹងកើតឡើងដែរ»។
សកម្មជនអង្គការមាតាធម្មជាតិរូបនេះបន្តថា ការបូមខ្សាច់ទន្លេនេះ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរស់នៅមាត់ច្រាំង ហើយពេលមានបញ្ហាកើតឡើង មិនដែលឃើញអាជ្ញាធរមានវិធានការ ឬក៏ជួយដល់ជនរងគ្រោះទាំងនោះឡើយ។
កញ្ញា គឹមស័រ ៖ «ហើយប្រជាពលរដ្ឋរស់នៅតាមច្រាំងទន្លេ ពេលបាក់ច្រាំងហ្នឹង គឺរងផលប៉ះពាល់ ផ្ទះគាត់ធ្លាក់ចូលទឹក ចូលដី គាត់បាត់បង់ជម្រករបស់គាត់។ ហើយប្រជាជនខ្លះ គាត់ប្រើប្រាស់ទឹកទន្លេហ្នឹងទៀត។ អ៊ីចឹងពេលគេបូមខ្សាច់ គេទម្លាក់ប្រេងចូលទៅ វាធ្វើឲ្យទឹកកខ្វក់ ប្រជាជនប្រើប្រាស់វា ធ្វើឲ្យប៉ះពាល់សុខភាព»។
កញ្ញាបន្តថា ៖ «ជាក់ស្តែង រាល់ពេលមានបញ្ហាហ្នឹងកើតឡើង យើងឃើញអាជ្ញាធរមានវិធានការណាមួយឲ្យច្បាស់លាស់ ការពារ ឬក៏ជួយដល់ប្រជាជនទេ? គឺអត់មានហ្មង!»។
បើតាមកញ្ញា លឹម គឹមស័រ កញ្ញាសំណូមពរឲ្យក្រសួងបរិស្ថាន ក៏ដូចជា ក្រសួងរ៉ែ និងថាមពល សិក្សាតាមលក្ខណៈបច្ចេកទេសឲ្យច្បាស់លាស់ឡើងវិញ មិនមែនសិក្សាតាមមើលឃើញនឹងភ្នែកនោះទេ។ មុនពេលផ្ដល់អាជ្ញាប័ណ្ណឲ្យដល់ក្រុមហ៊ុនណាមួយ ក្រសួងត្រូវតែពិនិត្យមើល ថា តើក្រុមហ៊ុននោះអនុវត្តតាមអាជ្ញាប័ណ្ណដែរ ឬទេ។
ឆ្លើយតបទៅនឹងបញ្ហាខាងលើ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល លោក យស មុនីរ៉ាត់ បានថ្លែងថា មុននឹងផ្ដល់អាជ្ញាប័ណ្ណបូមខ្សាច់ឲ្យក្រុមហ៊ុនណាមួយ គឺមានការសិក្សាជាដំណាក់កាលថា តើបន្ទាប់ពីបូមហើយ នឹងមានផលប៉ះពាល់អ្វីខ្លះដល់ប្រជាពលរដ្ឋ ក៏ដូចជា បរិស្ថាន។
លោកមានប្រសាសន៍ថា ៖ «មុនការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ គឺត្រូវមានការសិក្សា។ ទី១ មានការឯកភាពពីសំណាក់អាជ្ញាធរដែនដីមូលដ្ឋានចំពោះទីតាំងស្នើសុំ។ ទី២ ការចុះវាយតម្លៃផ្នែកបច្ចេកទេសរបស់មន្ត្រីអគ្គនាយកដ្ឋានរបស់ក្រសួងរ៉ែ និងថាមពល។ ១ចំណុចទៀតដែលសំខាន់ គឺការធ្វើកិច្ចសន្យាការពារបរិស្ថាន ឬការសិក្សាពីផលប៉ះពាល់បរិស្ថាន។ បើស្ថិតក្នុងការសិក្សាវាយតម្លៃរបស់យើង យើងឃើញថា តំបន់នោះមានហានិភ័យបរិស្ថាន យើងមិនអនុញ្ញាតឲ្យទេ»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា មិនមានច្បាប់ណាមួយចែងពីសំណងខូចខាតទៅដល់ពលរដ្ឋរងគ្រោះដោយសារការបាក់ច្រាំងទន្លេឡើយ។ ការផ្ដល់ជូនសំណងឬអត់ អាស្រ័យលើការធ្វើកិច្ចសន្យាជាក់ស្ដែង រវាងក្រុមហ៊ុនបូមខ្សាច់ ជាមួយនឹងប្រជាពលរដ្ឋនៅតំបន់នោះ ចំណែកអាជ្ញាធរ ឬភាគីក្រសួង បានត្រឹមចុះពិនិត្យ ឬអន្តរាគមន៍ជាក់ស្ដែងតាមករណីនីមួយៗប៉ុណ្ណោះ។
លោក មុនីរ៉ាត់ ថ្លែងថា ៖ «ចង់ជម្រាបជូនអីចេះ ចំពោះការបូមខ្សាច់ សួរថា មានសំណងនៃការខូចខាតប្រជាជនបែបណា វាមិនដូចគ្នាទេ។ ក្រុមហ៊ុនខ្លះ គេបានធ្វើកិច្ចសន្យាជាមួយពលរដ្ឋនៅតំបន់នោះ បើមានការបាក់ច្រាំងប្រការណាមួយ ក្រុមហ៊ុននឹងធានាការជួសជុល ប៉ះប៉ូវសងអី តាមការព្រមព្រៀងគ្នា តាមការជាក់ស្តែងនីមួយៗ។ ប៉ុន្តែ សួរថា មានច្បាប់ចែងពីសំណងខូចខាតអីយ៉ាងម៉េចៗ យើងអត់មានច្បាប់អីចែងច្បាស់លាស់ទេ»។
បើតាមលោក យស មុនីរ៉ាត់ ការបូមខ្សាច់ជួយឲ្យមានលំហូរទឹក ធ្វើឲ្យមានជម្រៅបាតស្ទឹង ព្រែក ឬទន្លេ ដែលអាចសម្រួលដល់ចរន្តទឹកហូរ និងសម្រួលដល់ការធ្វើនាវាចរណ៍។
ឆ្លើយតបទៅនឹងការលើកឡើងនូវចំណុចចុងក្រោយរបស់អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល សកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា បានឲ្យដឹងថា ការលើកឡើងនោះត្រូវមួយផ្នែក ប៉ុន្តែ អ្វីដែលសំខាន់ ភាគីក្រសួងមិនបានតាមដានឲ្យបានដិតដល់ ពីសកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណទាំងនោះឡើយ។
លោក សាន់ ម៉ាឡា បាននិយាយថា ៖ «ការលើកឡើងមួយផ្នែករបស់ក្រសួង វាជាការត្រឹមត្រូវ។ សម្រាប់ទីតាំងមួយចំនួន បើសិនមិនមានការបូមខ្សាច់យកចេញទេ ខ្សាច់វាអាចដុះ ហើយវាបង្កើតទៅជាការបាក់ច្រាំង ដោយសារតែវារាំងខ្ទប់ចរន្តទឹកហូរ។ ក៏ប៉ុន្តែ កន្លងមក អ្វីដែលយើងមើលឃើញហ្នឹង គឺតាមរយៈការបូម តាមរយៈការផ្ដល់អាជ្ញាប័ណ្ណហ្នឹង វាអត់មានសុក្រឹតភាព ហើយមិនមានការតាមដាន»។
លោកបន្តថា ៖ «ពេលខ្លះ ការបូមខ្សាច់ហ្នឹង វាលើសពីអ្វីដែលច្បាប់បានកំណត់។ អ៊ីចឹងហើយ វាបង្កជាបញ្ហាច្រើនទៅដល់ប្រជាជន ក៏ដូចជាប៉ះពាល់ទៅដល់លំនៅដ្ឋានរបស់ពួកគាត់ ដែលរស់នៅប្របជាមួយនឹងដងទន្លេហ្នឹង មានការបាក់ស្រុតចូលទៅក្នុងទន្លេ ខូចខាតផ្លូវថ្នល់អីជាដើម»។
សកម្មជនបរិស្ថានរូបនេះបន្ថែមថា រដ្ឋាភិបាលគួរតែចាប់ផ្ដើមបើកចំហឲ្យបានទូលាយជាងមុន ត្រូវបង្ហាញថា ក្រុមហ៊ុនបូមខ្សាច់ទាំងនោះទទួលបានអាជ្ញាប័ណ្ណប៉ុន្មានឆ្នាំ បូមពីទីតាំងណាដល់ទីតាំងណា ជម្រៅប៉ុណ្ណា ចំនួនប៉ុន្មានម៉ែត្រគូប ឬប៉ុន្មានតោន ជាដើម។ ហើយបន្ទាប់ពីបញ្ចប់ប្រតិបត្តិការ ក្រុមហ៊ុនបូមខ្សាច់ទាំងនោះ ត្រូវបង្ហាញពីរបាយការណ៍ EIA របស់ខ្លួន។
បើយោងតាមតួលេខដែលចេញផ្សាយដោយគេហទំព័រ World's Top Exports ឬហៅកាត់ថា (WTEx) ដែលស្រាវជ្រាវអំពីការនាំចេញរបស់ប្រទេសនៅជុំវិញពិភពលោក បានបង្ហាញតួលេខស្តីពីការនាំចេញខ្សាច់ក្នុងពិភពលោកសម្រាប់ឆ្នាំ២០១៨ ថា កម្ពុជា ដែលជាប្រទេសដ៏តូចបំផុតមកពីតំបន់អាស៊ីអាគ្នេយ៍ ក្នុងចំណោមប្រទេសទាំង១៥ ដោយបានជាប់ចំណាត់ថ្នាក់ទី៧ នាំមុខប្រទេសមួយចំនួនមកពីតំបន់អឺរ៉ុប និងអាហ្វ្រិក។
កម្ពុជាបាននាំចេញខ្សាច់ដែលមានទឹកប្រាក់សរុប ចំនួន ៣៤លាន ៦សែនដុល្លារអាមេរិក បន្ទាប់ពីប្រទេសបារាំងដែលជាប់លំដាប់ថ្នាក់ទី៦ ដោយនាំចេញខ្សាច់ក្នុងទឹកប្រាក់ចំនួន ៥៤លាន ៧សែនដុល្លារ។ បើប្រៀបធៀបពីឆ្នាំ២០១៤ ការនាំខ្សាច់កម្ពុជាកើនឡើងចំនួនជាង ៤៦០០ភាគរយ ដែលស្ថិតក្នុងចំណោមប្រទេសដែលនាំចេញខ្សាច់ដ៏រហ័សបំផុត។ ក្នុងចំណោមប្រទេសទាំង១៥នេះ សហរដ្ឋអាមេរិកជាប់លំដាប់ថ្នាក់លេខ១ ដោយនាំចេញខ្សាច់ជាទឹកប្រាក់ សរុប ៥៣៤លាន ១សែនដុល្លារ។
គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា ឆ្នាំ២០១៧ ក្រសួងរ៉ែនិងថាមពល បានចេញសេចក្តីប្រកាសមួយ ដោយបានបញ្ឈប់ការនាំចេញខ្សាច់សំណង់គ្រប់ប្រភេទ រួមទាំងខ្សាច់ល្បាយភក់ នៅខេត្តកោះកុង ចេញទៅក្រៅប្រទេស៕