សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបារាំង Sanofi បានរៀបរាប់ថា ទីតាំងផលិតវ៉ាក់សាំងថ្មីមួយនៅសិង្ហបុរីដែល Sanofi វិនិយោគនឹងផ្តល់លទ្ធភាពផលិតនិងអភិវឌ្ឍវ៉ាក់សាំងទ្រង់ទ្រាយធំមួយសម្រាប់តំបន់អាស៊ី ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលាទៅនឹងហានិភ័យនៃការឆ្លងជំងឺរាតត្បាតម្តងទៀតនាពេលអនាគត។
ក្រុមហ៊ុនបានឲ្យដឹងទៀតថា គម្រោងវិនិយោគនេះត្រូវបានរំពឹងថា អាចបង្កើតការងារនៅសិង្ហបុរីបានជាង២០០កន្លែង ដោយគម្រោងនឹងចាប់ផ្តើមសាងសង់ក្នុងត្រីមាសទី៣ឆ្នាំ ២០២១នេះ ហើយវានឹងដំណើរការផលិតកម្មពេញលេញនៅត្រីមាសទី១ដើមឆ្នាំ២០២៦។
គួរជម្រាបថា ទីតាំងផលិតមួយថ្មីទៀតនៅសិង្ហបុរី នឹងជួយបំពេញបន្ថែមសមត្ថភាពក្នុងការផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Sanofi ជាមួយនឹងរោងចក្រដែលខ្លួនមានស្រាប់ក្នុងតំបន់អឺរ៉ុបនឹងអាមេរិក។ លើសពីនេះ Sanofi នឹងក្លាយជាអ្នកផលិតវ៉ាក់សាំងឈានមុខគេមួយប្រចាំទ្វីបអាស៊ី។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនឱសថបារាំងមួយនេះ ក៏បាននិងកំពុងសហការជាមួយក្រុមហ៊ុនអង់គ្លេស GSK ដើម្បីផលិតវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ដែរ ដោយក្រុមហ៊ុនទាំងពីរនឹងឈានដល់ការធ្វើតេស្តសាកល្បងវ៉ាក់សាំងក្នុងតំណាក់កាលចុងក្រោយ នៅត្រឹមត្រីមាសទី២ឆ្នាំ២០២១នេះ មុននឹងអាចទទួលបានការអនុញ្ញាឲ្យប្រើប្រាស់នៅចុងឆ្នាំ។
ក្រុមហ៊ុនរំពឹងថា វ៉ាក់សាំងដែលខ្លួនផលិតបាននឹងអាចចូលខ្លួនមកជួយស្រោចស្រង់ស្ថានការណ៍កូវីដ-១៩នៅបារាំងដែលកំពុងរងគ្រោះ គ្រាដែលបច្ចុប្បន្នបារាំងកំពុងបិទខ្ទប់ប្រទេសរបស់ខ្លួននៅឡើយ ក្រោយរលកទី៣នៃកូវីដ១៩បានវាយប្រហារយ៉ាងខ្លាំង៕ចុច Like Facebook Page របស់ខេមបូណូមីស និងចូលរួមក្នុង Telegram ដើម្បីទទួលបានព័ត៌មានថ្មីៗលឿនរហ័សមុនគេ: https://t.me/cambonomist