ទីតាំងសាកល្បងនុយក្លេអ៊ែរក្នុងតំបន់ស៊ីនជាំងរបស់ចិន បានផ្អាកការសាកល្បងអស់មួយរយៈធំមកហើយ។ ប៉ុន្តែថ្មីៗនេះ Nikkei បានទើបទទួលបាននូវរូបភាពថតដោយផ្កាយរណប ហើយត្រូវបានបញ្ជាក់ដោយអ្នកជំនាញមួយចំនួនថា ចិនកំពុងពង្រឹងសមត្ថភាពសាកល្បងនុយក្លេអ៊ែររបស់ខ្លួនឡើងវិញហើយនាពេលនេះ។
បើតាមការពិនិត្យដោយអ្នកជំនាញ ចិនកំពុងពង្រីកទីតាំងនុយក្លេអ៊ែរកាន់តែធំស្របតាមតំបន់ជួរភ្នំ ដ៏ក្តៅហើយស្ងួតហួតហែង។ រូបភាពដែលទំនងជាកំទេចកំទីថ្មនៅក្បែរនោះ ត្រូវបានគេសន្និដ្ឋានថា ជាការជីកកកាយដើម្បីធ្វើរូងក្រោមដីសម្រាប់កន្លែងបាញ់សាកល្បងទី៦ ពោលគឺបាញ់ចេញពីក្រោមដីតែម្តង។
ក្រៅពីនោះ គេឃើញមានខ្សែបញ្ជូនថាមពល និងគ្រឿងបរិក្ខារសម្រាប់ផ្ទុកជាតិផ្ទុះខ្លាំងត្រូវបានដំឡើងនាពេលថ្មីៗនេះផងដែរ។ បើគេមើលពីលើផ្កាយរណប តាមរយៈរូបភាពដែលថតបាននោះ គេឃើញមានផ្លូវដែលបញ្ចេញពណ៌ស តំណាងថាជាផ្លូវថ្មី ដែលមិនទាន់បានក្រាលកៅស៊ូនោះទេ។ ផ្លូវនេះភ្ជាប់នាំពីប៉ុស្តិ៍បញ្ជាការដ្ឋានធំ ក្នុងទិសដៅផ្សេងៗគ្នាទៅកាន់រូងនៃទីតាំងបាញ់បង្ហោះ។
ភស្តុតាងនៃការសាងសង់ថ្មីទាំងនេះ ត្រូវថតបានដោយផ្កាយរណបចម្ងាយ ៤៥០គីឡូម៉ែត្រពីនៃផ្ទៃផែនដី នៅចំពីលើតំបន់ភាគអាគ្នេយ៍នៃតំបន់ស្វយ័ត Xinjiang ភាគខាងលិចប្រទេសចិន។ អ្នកវិភាគជាច្រើនជឿថា តំបន់សាកល្បងនុយក្លេអ៊ែរសម្ងាត់នេះ ត្រូវបានរក្សាសុវត្ថិភាព និងរៀបចំដោយកងទ័ពរំដោះប្រជាជនចិន។
អ្នកជំនាញមួយរូបរបស់ All Source Analysis ដែលជាក្រុមហ៊ុនជំនាញភូមិសាស្ត្រឯកជនមួយរបស់សហរដ្ឋអាមេរិកបានប្រាប់ Nikkei ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា ចិនអាចសាកល្បងនុយក្លេអ៊ែរបានគ្រប់ពេលវេលា ជាពិសេសនៅក្រោយពេលគេភ្ជាប់ខ្សែបណ្តាញអគ្គិសនី និងប្រព័ន្ធផ្លូវបាន១០០%។
ចិនមានបំណងចង់ក្លាយជាមហាអំណាចយោធាស្មើមុខស្មើមាត់នឹងអាមេរិកនៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។ ដើម្បីបំពេញមហិច្ឆតាដ៏មហិមានេះ និងក្រៅតែពីខំប្រឹងធ្វើទំនើបកម្មយោធាខ្លួនឯង ចិនក៏ផ្តល់ឱ្យរដ្ឋមួយចំនួនដែលមិនទាន់មានការអភិវឌ្ឍយោធាខ្លាំង នូវសម្ភារៈយោធារបស់ចិនផងដែរ។
ចិនមានយោធាជាង២លាននាក់ ថ្វីបើចំនួននេះជាចំនួនទ័ពច្រើនបំផុតនៅលើពិភពលោកនិងច្រើនជាងសហរដ្ឋអាមេរិកដល់ទៅ ១,៥ ដងក៏ដោយ ប៉ុន្តែចិនកំពុងពិបាកជ្រើសរើសទាហានក្មេងៗថ្មីៗឱ្យបានគ្រប់គ្រាន់តាមគម្រោង។ នេះក៏ដោយសារតែគោលនយោបាយឱ្យមានកូនតែមួយ ធ្វើឱ្យខ្វះខាតកំលាំងពលកម្មថ្មី ទាំងក្នុងវិស័យឯកជនផងដែរ។
ប្រធានាធិបតីស៊ី ជីនពីង ធ្លាប់បាននិយាយថា បក្សកុម្មុយនិស្តចិនគ្រប់គ្រងយ៉ាងល្អលើកងទ័ពនៅទូទាំងប្រទេស ប៉ុន្តែមែនទែនទៅប្រព័ន្ធយោធារបស់ចិននៅតែមានអំពើពុករលួយ និងបក្ខពួកនិយម។ រដ្ឋបាលក្រុងប៉េកាំងក្រោមកណ្តាប់ដៃរបស់បុរសខ្លាំង ស៊ី ជីនពីង សច្ចាធ្វើទំនើបកម្មយោធា ហើយក៏សញ្ជឹងគិតអំពីការបង្រួបបង្រួមចិនតែមួយផងដែរ ក្នុងនោះគឺពាក់ព័ន្ធនឹងការយកកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនឲ្យបានជាដា់ខាត។ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបាននិងកំពុងផ្តល់ជាគំរូឱ្យចិនពិចារណា ទាំងលើហានិភ័យយោធា នយោបាយ និងសេដ្ឋកិច្ចដែលខ្លួនត្រូវប្រឈមមុខ ប្រសិនបើសម្រេចយកតៃវ៉ាន់ដោយកម្លាំងមែននោះ។ គួរជម្រាបដែរថា រុស្ស៊ីផ្គត់ផ្គង់វត្ថុធាតុដើមយោធាផ្នែករឹងដល់ចិនជាង ៦៦% នៃការនាំចូលសរុប។
បញ្ហាមួយទៀតគឺនៅត្រង់ថា តើអាវុធនុយក្លេអ៊ែរអាចត្រូវបានគេយកមកប្រើប្រាស់ទេ ក្នុងគ្រាដែលចិន និងអាមេរិកសុទ្ធតែមានសមត្ថភាពពេញដៃបែបនេះ។ សូមរំឭកថា ចិនបានសាកល្បងនុយក្លេអ៊ែរនៅក្រោមដីចំនួនប្រាំដងក្នុងប្រវត្តិរបស់ខ្លួន ដែលលើកចុងក្រោយធ្វើឡើងក្នុងឆ្នាំ ១៩៩៦។ ចំណែកចិន ក៏ខានបានធ្វើសង្គ្រាមលើសមរភូមិផ្ទាល់ជាយូរយារដែរមកហើយ ពោលគឺបទពិសោធន៍ប្រយុទ្ធពិតប្រាកដចុងក្រោយរបស់ចិន គឺសង្គ្រាមរវាងចិន-វៀតណាមក្នុងឆ្នាំ ១៩៧៩៕