ប្រកាសព័ត៌មានរបស់ អេសស៊ីជី ចេញផ្សាយកាលពីចុងខែកក្កដាកន្លងទៅ បានឲ្យដឹងថា ប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ សម្រេចបាន ២៩៤ លានដុល្លារអាមេរិក កើនឡើង ៣៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ការកើនឡើងនេះ គឺដោយសារភាពល្អប្រសើរជាងមុន នៅក្នុងអង្គភាពធុរកិច្ចសំខាន់ៗទាំងបីរបស់ អេសស៊ីជី ដែលជំរុញដោយការធ្វើប្រសិទ្ធភាពកម្មចំណាយថ្លៃដើម និងនិរន្តរភាពអាជីវកម្ម ។ បើធៀបនឹងត្រីមាសមុននេះ ប្រាក់ចំណេញនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ កើនឡើង ៣៥% ដោយសារតែលទ្ធផលល្អជាងមុននៅក្នុងអាជីវកម្មផ្នែកគីមីរបស់ក្រុមហ៊ុន ។
ប៉ុន្តែ បើនិយាយពីចំណូលពីការលក់វិញ ត្រីមាសទី២ នៃឆ្នាំ២០២០ សម្រេចបាន ៣.០០៦ លានដុល្លារអាមេរិក ធ្លាក់ចុះ ១២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលការធ្លាក់ចុះចំណូលពីការលក់នេះ គឺបណ្ដាលមកពីតម្លៃផលិតផលគីមីចុះថោក ។ ហើយចំណូលនៅក្នុងត្រីមាសនេះទៀតសោត គឺធ្លាក់ចុះ ៩% បើធៀបទៅនឹងត្រីមាសមុន ដោយសារមូលហេតុនៃការថមថយចុះនៅក្នុងអាជីវកម្មស្នូលគ្រប់មុខទាំងអស់ ។
បើគិតជាឆមាសវិញ ចំណូលពីការលក់របស់ អេសស៊ីជី សម្រាប់ឆមាសទី១ នៃឆ្នាំនេះ (ពីខែមករា ដល់ខែមិថុនា) បានធ្លាក់ចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ដោយសម្រេចបានតែ ៦.៣៨១ លានដុល្លារអាមេរិក ដោយសារមូលហេតុការធ្លាក់ចុះនៃតម្លៃផលិតផលគីមី ។
រីឯប្រាក់ចំណេញសម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ ក៏ធ្លាក់ចុះដែរ ពោលគឺធ្លាក់ចុះ ១៣% បើធៀបនឹងឆមាសទីមួយដូចគ្នានៃឆ្នាំមុន ដោយសម្រេចបានត្រឹមតែ ៥១៧ លានដុល្លារអាមេរិក ដែលមូលហេតុនៃការធ្លាក់ចុះប្រាក់ចំណេញនេះ គឺបណ្ដាលមកពីការថយចុះនៃប្រាក់ចំណេញពីអាជីវកម្មផលិតផលគីមី កាលពីអំឡុងត្រីមាសទី១ ឆ្នាំ២០២០ ។
លោក Roongrote Rangsiyopash ប្រធាន និងជានាយកប្រតិបត្តិរបស់ អេសស៊ីជី បាននិយាយថា “ក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ ... អេសស៊ីជី បានដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មថ្មីៗមួយចំនួន ដូចជា ត្រៀមខ្លួនសម្រាប់ស្ថានការណ៍អាក្រក់បំផុត ដោយបង្កើតនូវផែនការលក់ និងការរៀបចំការដឹកជញ្ជូនសម្រាប់ស្ថានការណ៍បិទទីក្រុង; ធ្វើផែនការសម្រាប់ភាពប្រសើរបំផុត ដោយបង្កើននូវប្រសិទ្ធផលផលិតកម្មដើម្បីបំពេញតម្រូវការដែលកើនឡើង; ការផ្លាស់ប្ដូរទៅរកឌីជីថល ដើម្បីបង្កើតនូវគំរូដែលមានប្រសិទ្ធភាពបំផុត ។”
នាយកប្រតិបត្តិ អេសស៊ីជី បានបន្តថា ក្រុមហ៊ុនបានអនុវត្តយុទ្ធសាស្ត្រដែលមានភាពបន់បែនបំផុត ដោយផ្ដល់ដំណោះស្រាយ ផលិតផល និងសេវាកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការកាន់តែប្រសើរថែមទៀត និងចាប់យកទីផ្សារសក្ដានុពល នៅខណៈដែលមានការកើនឡើងនូវនិន្នាការអាជីវកម្មអនឡាញ សេវាកម្មដឹកជញ្ជូនអាហារតាមតម្រូវការ និងការគិតគូរខ្លាំងអំពីសុខភាព និងសុខុមាលភាព ។
លោក Roongrote បាននិយាយបន្តយ៉ាងដូច្នេះថា “ជាលទ្ធផលនៃកិច្ចប្រឹងប្រែងទាំងអស់នេះ ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ និងសម្រាប់ឆមាសទី១ ឆ្នាំ២០២០នេះ មិនសូវរងផលប៉ះពាល់ខ្លាំង ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកលឡើយ ។”
ដោយឡែក បើនិយាយពី ប្រតិបត្តិការអាជីវកម្មរបស់ អេសស៊ីជី ប្រចាំកម្ពុជាវិញ របាយការណ៍ត្រីមាសទី២ ឆ្នាំ២០២០ បង្ហាញថា អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបចំនួន ១.៥៦៣ ប៊ីលានរៀល (៣៨២ លានដុល្លារអាមេរិក) កើនឡើង ២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
ក្រុមហ៊ុនសម្រេចបានចំណូលពីការលក់ សម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ ចំនួន ២៥៦ ប៊ីលានរៀល (៦២,៤៨ លានដុល្លារអាមេរិក) ក្នុងនោះរាប់បញ្ចូលទាំងចំណូលលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ និងអាជីវកម្មលក់គ្រឿងសំណង់ ដែលតួលេខចំណូលនេះ ធ្លាក់ចុះ ៦% បើធៀបនឹងត្រីមាសទី២ នៃឆ្នាំមុន ។
សម្រាប់រយៈពេលឆមាសទី១ នៃឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ៥៣១ ប៊ីលានរៀល (១២៩,៣៩ លានដុល្លារអាមេរិក) ដែលកើនឡើង ០,២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅមិញ ៕