តែយ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ ក៏បានចេញមុខអះអាងថា រដ្ឋាភិបាលនឹងបាត់ចំណូលប្រមាណ ៣០ លានដុល្លារក្នុងមួយឆ្នាំៗ។
ជុំវិញរឿងដកមិនឲ្យមានកាំកុងត្រូលតាមច្រកព្រំដែននេះ មិនត្រឹមជួយសម្រួលពេលវេលាសម្រាប់ការធ្វើពាណិជ្ជកម្មកាន់តែ ប្រសើរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងកាត់បន្ថយការជួបគ្នារវាងក្រុមហ៊ុន មន្រ្តីនឹងអ្នករត់ការ និង ការកាត់បន្ថយការចំណាយផ្សេងៗ ដែលមិនមែនជាចំណូលរបស់រដ្ឋផងដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកជំនួញជោគជ័យនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជា គឺលោកឧកញ៉ា សៀ ឫទ្ធី។
លោកឧកញ៉ា សៀ ប្ញទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃ ក្រុមហ៊ុនវើលប្រ៊ីដគ្រុប និង ជាអ្នកជំនួញល្បីល្បាញមួយរូបក្នុងវិស័យដឹកជញ្ជូន និង ឡូជីស្ទីក បានមានប្រសាសន៍ទៀតថា ក្នុងនាមជាអ្នកប្រកបរបរទទួលទានផ្តល់សេវាកម្មដឹកជញ្ជូន គឺលោកមានការសារទរ ដោយគិតថា វាជាដំណឹងមួយដ៏ល្អ ដែលនឹងជួយឲ្យលោកចំណេញពេលវេលាច្រើន។
លោកឧកញ៉ា បន្ថែមថា ពេលវានេះសំខាន់ណាស់ បើពេលវេលាសម្រាប់ការដឹកជញ្ជូនបានលឿន តម្លៃនៃសេវាដឹកជញ្ជូនក៏ចុះថោកទៅតាមនោះដែរ។ មិនតែប៉ុណ្ណោះ ប្រសិនបើរាជរដ្ឋាភិបាលអាចអភិវឌ្ឍរាល់ដំណើរការនានាទៅរកការប្រើប្រាស់តាមប្រព័ន្ធឌីជីថល (E-Processing) ទៀតនោះ វារឹតតែងាយស្រួល និងចំណេញកាន់តែច្រើនពីរឿងដឹកជញ្ជូននេះ ខណៈដែលប្រទេសអភិវឌ្ឍន៍មួយចំនួន គេកំពុងមានប្រើប្រាស់ប្រព័ន្ធទាំងអស់នេះហើយ។
ជុំវិញទៅនឹងបញ្ហានេះដែរ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចប្រចាំការ បានគូសបញ្ជាក់ថា ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលនេះគឺជាការត្រឹមត្រូវ និងមិនបានធ្វើឲ្យមានផលប៉ះពាល់អ្វីឡើយថែមទាំងជួយការពារដល់អ្នករកស៊ី ដោយនឹងមិនត្រូវចំណាយប្រាក់ជាមួយស្ថាប័ននេះទៀតនោះឡើយ។
គួររំឭកថា ការសម្រេចវះកាត់ដកស្ថាប័នកាំកុងត្រូលនៅតាមច្រកព្រំដែននេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលប្រកាសនៅក្នុងជំនួបសំណេះសំណាលប្រចាំឆ្នាំជាមួយអ្នកសាព័ត៌មានជាង ៥ពាន់នាក់ កាលពីថ្ងៃទី១១ ខែមករាកន្លងទៅ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នឹងរក្សាទុកតែស្ថាប័នអន្ទោប្រវេស និងស្ថាបនគយ ប៉ុណ្ណោះ ដើម្បីទទួលបន្ទុកសម្រួលបែបបទធ្វើពាណិជ្ជកម្មតាមច្រកព្រំដែននេះ ៕