
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលប្រ៊ីដគ្រុប បានថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ចង្កោមសហគ្រាសធុនតូច និងមធ្យម នៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំនូវ SMEs នៅកម្ពុជា ពង្រឹងការគ្រប់គ្រង និងជំរុញលើកកម្ពស់សមត្ថភាពប្រកួតប្រជែង តាមរយៈកិច្ចដំណើរការអាជីវកម្ម ដែលមានភាពប្រទាក់ក្រឡាគ្នា និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេសគឺ សម្រេចទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយមានការគាំទ្រពី សំណាក់អង្គការអន្តរជាតិជាច្រើន និងរាជរដ្ឋាភិបាលកម្ពុជាតែម្តង។

នាឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា គម្រោងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម គឺពិតជាសំខាន់ណាស់ក្នុងការប្រមូលផ្តុំនូវ SME ការគ្រប់គ្រង និងការជួយជ្រោមជ្រែងវិស័យមួយនេះ ឲ្យរីកចម្រើនឡើងប្រកបដោយចីរភាព ជាពិសេសគឺការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឲ្យដើរទាន់ទៅនឹងតម្រូវការនៅលើទីផ្សារសកលលោក។
លោក Nick Beresford អ្នកតំណាងនិវេសនដ្ឋាន អង្គការ UNDP ប្រចាំប្រទេសកម្ពុជា ក៏បានលើកឡើងដែរថា ក្នុងនាមជាអង្គការអន្តរជាតិ លោកសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យមនេះឡើង ដែលជាការអភិវឌ្ឍប្រកបដោយចីរភាព គិតគូរពីផលប៉ះពាល់បរិស្ថាន ជាពិសេស វាគឺជាការអភិវឌ្ឍសម្រាប់យុវជនជំនាន់ក្រោយ ដែលធ្វើឲ្យ ប្រទេសកម្ពុជា កាន់តែមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។

លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍ដែរថា ការប្រើប្រាស់បច្ចេកវិទ្យាជំនាន់ទី ៤ សម្រាប់ការអភិវឌ្ឍវិស័យ SMEs នៅកម្ពុជាគឺពិតជាសំខាន់ណាស់ ក្នុងការបង្កភាពងាយស្រួលដល់ ដំណើរការអាជីវកម្ម និងការកំណត់ទីផ្សារគោលដៅ ជាពិសេសដើរឲ្យទាន់ទៅនឹង ការអភិវឌ្ឍរបស់ទីផ្សារសកលលោក។
ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ សម្តែងការកោតសរសើរចំពោះគម្រោងបង្កើតចង្កោមសហគ្រាសធុនតូច និងមធ្យមនេះ ដែលស្វាគមន៍ទាំងវិនិយោគិនក្នុងស្រុក និងមកពីបរទេស ចូលមកអភិវឌ្ឍក្នុងគម្រោងនេះ។ ឯកឧត្តម បន្ថែមទៀតថា វាក៏ជាឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការសិក្សាពីបទពិសោធន៍ជាក់ស្តែងរបស់វិនិយោគិនបរទេស និងការសិក្សាពីបច្ចេកវិទ្យាថ្មីៗទាំងអស់នោះ។
លោកស្រី កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយ លីលី ក៏បានសម្តែងការគាំទ្រចំពោះ គំនិតផ្តួចផ្តើមបង្កើតគម្រោងនេះឡើង ដែលបង្កភាពងាយស្រួលដល់ប្រតិបត្តិការនានារបស់SMEs ហើយរំពឹងថា វិស័យ SMEs នឹងទទួលបានការលើកទឹកចិត្តកាន់តែច្រើនបន្ថែមទៀត ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបផងដែរថា សួនបណ្តុំសហគ្រាសធុនតូច និងមធ្យមមួយនេះ នឹងលេចរូបរាងឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយចំណាយពេលសាងសង់ ៨ខែ ដែលនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ខាងមុខ ដែលបែងចែកចេញជា ៧ផ្នែកសំខាន់ៗ រួមមាន មជ្ឈមណ្ឌលសេវាកម្ម មណ្ឌលទ្រទ្រង់គ្រឿងបរិក្ខារឧស្សាហកម្មចង្កោមសហគ្រាសខ្នាតតូច និងមធ្យមមួយឈុត ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌលភស្តុភារកម្ម និងសេវាកម្ម ភាពងាយស្រួលក្នុងការប្រកបធុរកិច្ច ភាពងាយស្រួលដល់កម្មករក្នុងការប្រកបការងារ និងផ្តល់សេវាកម្មគាំទ្រដទៃទៀត៕