ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបានមានប្រសាសន៍ថា “ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុននាពេលនេះ គឹជាសក្ខីភាពមួយនៃការត្រៀមខ្លួនរួចរាល់របស់កម្ពុជាក្នុងការបង្កើតទីផ្សារគម្រោងវិនិយោគរួម បន្ទាប់ពីការដាក់ឲ្យដំណើរការ ទីផ្សារមូលបត្រកម្មសិទ្ធិក្នុងឆ្នាំ ២០១២ ទីផ្សារឧបករណ៍និស្សន៍ក្នុងឆ្នាំ២០១៦ និងទីផ្សារមូលបត្របំណុលក្នុងឆ្នាំ២០១៩”។
ឯកឧត្តមបានបន្តថា ក្រុមហ៊ុន Cambodian Investors Capital Partners Plc. (CiC Capital Partners) ជាក្រុមហ៊ុនមួយក្នុងចដំណោមក្រុមហ៊ុនជាច្រើនទៀត ដែលបានដាក់ពាក្យស្នើសុំអាជ្ញាបណ្ណនេះ តែគណៈកម្មការសម្រេចផ្តល់ឲ្យក្រុមហ៊ុននេះដោយសារតែ ភាពសម្បូរបែបនៃធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងសម្ភាររូបវ័ន្តគ្រប់គ្រាន់ CiC Capital Partners មានសិទ្ធិ និងសមត្ថភាពពេញលេញក្នុងការបង្កើត គ្រប់គ្រងគម្រោងវិនិយោគ និងប្រមូលមូលនិធិជាសាធារណៈពីវិនិយោគិន ដើម្បីធ្វើការវិនិយោគទៅតាមយុទ្ធសាស្រ្តដែលបានកំណត់ ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញសម្រាប់វិនិយោគិន និងការពារហានិភ័យចំពោះគម្រោងវិនិយោគនីមួយៗ។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Cambodian Investors Capital Partners Plc. (CiC Capital Partners) បានថ្លែងថា “ នេះជាមោទនភាពមួយនៃក្រុមហ៊ុននេះ ដោយទម្រាំតែទទួលបានអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិទី១គឺមិនមែនជារឿងងាយស្រួលនោះទេ។
លោកគុយ វ៉ាត បញ្ជាក់យ៉ាងដូច្នេះថា «អាជ្ញាប័ណ្ណនេះនឹងជាប្រយោជន៍ដ៏ធំធេងក្នុងអភិវឌ្ឍសហគ្រាសធនតូច និងមធ្យមឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសអាចដោះស្រាយនូវបញ្ហាប្រឈមរបស់វិនិយោគិន និងសហគ្រិនក្នុងស្រុកផងដែរ»។
បើតាមការឲ្យដឹងពីលោក ឡែម ចាន់សំរេច ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន CiC Capital Partners បេសកកម្មរបស់ក្រុមហ៊ុននេះ បន្ទាប់ពីទទួលបានអាជ្ញាបណ្ណ គឺការកៀរគរទុនពីវិនិយោគិនទាំងបុគ្គល និងស្ថាប័ន ពីក្នុងស្រុក និងក្រៅស្រុក និងបង្កើតជាទម្រយន្តការវិនិយោគ (Investment Platform) មួយដ៏គួរ ឱ្យ ទុកចិត្ត ដែលវិនិយោគិនអាចចូលរួមក៏ដូចជា ទទួលបានផលប្រយោជន៍ពីការចូលរួមយ៉ាងសកម្មរបស់ពួកគេក្នុងគោលបំណងធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុករីកចម្រើនប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍខ្ពស់។
បើតាមប្រធានប្រតិបត្តិនៃក្រុមហ៊ុន CiC Capital Partners រូបនេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការកៀរគរទុនវិនិយោគរបស់សហគ្រាសក្នុងស្រុក ក៏ដូចជាការផ្តល់ឱកាសវិនិយោគបន្ថែមដល់វិនិយោគិន CiC Capital Partners នឹងបង្កើតគម្រោងវិនិយោគរួមមួយចំនួន ដែលផ្តោតលើការវិនិយោគទៅលើសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនទើបបង្កើតថ្មីក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។ អាជីវកម្មទាំងនេះ មិនត្រឹមតែទទួលបានដំណោះស្រាយហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងទទួលបានចំណេះដឹង លទ្ធភាពពង្រីកទីផ្សារ និងជំនាញពាក់ពន្ធ័ផ្សេងៗផងដែរ ក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ឲ្យមាននិរន្តរភាព និងឧត្តមភាពប្រកួតប្រជែងខ្ពស់។ សហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ បានចូលរួមយ៉ាងសកម្មសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គម ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន និងការអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាព៕