អ្នកស្រី អ៊ឹម សុម៉ាលីស ពលរដ្ឋរស់នៅក្នុងបុរីប៉េង ហួត បឹងស្នោ បានរៀបរាប់ថា៖ «ខ្ញុំរស់នៅទីនេះបាន៥ឆ្នាំហើយ ហើយសន្តិសុខនៅបុរីប៉េងហួតល្អតើអូន យើងទុកដាក់របស់របរអ្វីមិនដែលបាត់ទេ»។
ដូចគ្នាដែរ លោក នាងគួនណូ វិសាល ពលរដ្ឋរស់នៅក្នុង បុរី ប៉េង ហួត បឹងស្នោ ដែលរស់នៅក្នុងបុរី ប៉េង ហួតបឹងស្នោបាន៤ឆ្នាំមកហើយនោះ បានប្រាប់សារព័ត៌មានខេមបូណូមីសយ៉ាងដូច្នេះថា៖ «ធម្មតា យើងមិនមែនចេះតែប្រយ័ត្នបាន២៤ម៉ោងរហូតនោះទេ បានសន្តិសុខគាត់ជួយ។ ពេលខ្លះ យើងទុកម៉ូតូនៅក្រៅ សោរជាប់នៅជាប់ម៉ូតូ ភ្លេចមួយរយៈអីចឹង តែវាអត់មានបញ្ហាអ្វីទាំងអស់។ ពេលខ្លះឡាន យើងភ្លេចឡុក ក៏វាអត់មានបញ្ហាអីទេ សូមសរសើរបុរីប៉េងហួតមានសន្តិសុខល្អ»។
សន្តិសុខរបស់បុរីប៉េង ហួត បានហ្វឹកហាត់យ៉ាងត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីផ្តល់ភាពកក់ក្តៅ និងសុខដុមរមនាដល់ពលរដ្ឋ ដែលបានរស់នៅក្នុងគម្រោងលំនៅឋានរបស់ខ្លួន។
លោក សួន ចាន់រិន មេក្រុមសន្តិសុខរបស់បុរី ប៉េងហួត បឹងស្នោ បានឲ្យដឹងថា ក្រុមរបស់លោកបានយាមយ៉ាងតឹងរ៉ឹងទាំងថ្ងៃទាំងយប់ ទាំងនៅខ្លោរទ្វារច្រកចេញចូល និងផ្ទៃខាងក្នុងគម្រោង ដើម្បីធានាដល់សុវត្ថិភាពអ្នករស់នៅក្នុងបុរី។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅតាមគម្រោងនីមួយៗ គឺមានច្រកចេញចូលដែលប្រើទ្វារដោយប្រព័ន្ធតេឡេមួយជាន់ហើយនៅមានទ្វាររណាំងបាំងមួយជាន់ទៀត ហើយយើងមានកាមេរ៉ាចាប់សកម្មភាពរាល់ជនប្លែកមុខនៅតាមដងផ្លូវ។ ពេលណាដែលមានជនប្លែកមុខចូលក្នុងបុរី នៅផ្លូវនីមួយៗ យើងបានសហការរវាងអ្នកមើលកាមេរ៉ា និងអ្នកនៅខ្លោងទ្វារ ព្រោះ សន្តិសុខមានកម្លាំងចរាចរនៅខាងក្នុង ដើម្បីតាមដានមើលជនប្លែកមុខ ក្រែងមានលួចសម្ភារៈម្ចាស់ផ្ទះ និងក្រុងហ៊ុននៅក្នុងបុរី។ សម្រាប់វេនថ្ងៃ គាត់ល្បាតមើលតាមដងផ្លូវបន្តបន្ទាប់ តែសម្រាប់វេនយប់ យើងផ្លាស់ប្តូរគ្នាមួយម៉ោងម្តង ដើម្បីល្បាតជាប្រចាំ»។
សន្តិសុខល្អ គឺជាផ្នែកមួយ ដែលធ្វើឲ្យអតិថិជនជាច្រើន បានកោតសរសើរ និងគាំទ្រការអភិវឌ្ឍន៍គម្រោងរបស់បុរីប៉េងហួត ដែលធ្វើឲ្យបុរីប៉េងហួតរីកចម្រើនជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីគម្រោង១ រហូតមានគម្រោងជាង៣០មកដល់បច្ចុប្បន្ននេះ៕